សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពីធីសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការនី អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពីធីសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការនី អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលដណ្ដើមបានជ័យលាភីពីព្រឹកត្តិការណ៍ The 18th World Police and Fire Games 2019 Chengdu, China ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ ដោយទទួលបានការគាំទ្រពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទទួលបានការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រុមកីឡាករកីឡាការនីមានទឹកចិត្តមុះមុត និងកម្លាំងស្វាហាប់ក្នុងការប្រកួតប្រែងដណ្ដើមបានជ័យលាភី និងទទួលរង្វាន់មេដាយជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
របាយការណ៍បានឲ្យដឹងថា ជាក់ស្ដែងនៅក្នុងព្រឹកត្តិការណ៍ The 18th World Police and Fire Games 2019 Chengdu, China នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីពេលកន្លងទីថ្មីៗនេះ កីឡាករ កីឡារនីក្រសួងមហាផ្ទៃ បានដណ្ដើមមេដាយបានសរុបចំនួន៤៨ ក្នុងនោះមេដាយមាសចំនួន១៨ ប្រាក់១៧ និងសំរិទ្ធចំនួន១១ នៅក្នុងប្រភេទកីឡា ការ៉ាតេ តេក្វាន់ដូ ចំបាប់ ជូជិតស៊ូ ហែលទឹក ចំបាប់កាច់ដៃ អត្ពលកម្ម ប្រនាំងទូកនាគ យូដូ វាយសី ទ្រីយ៉ាត្លុង វាយកូនឃ្លីលើតុ និងបាលឱប។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រតិភូកីឡា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងសេចក្ដីរីករាយដែលមានឱកាសបានជួបថ្នាក់ដឹកនាំ គ្រូបង្ហាត់ និងកីឡាករ កីឡាករនី នៃក្រសួងមហាផ្ទៃ ដែលទើបតែទទួលបានជោគជ័យជាបន្តបន្ទាប់ ពិសេសនៅក្នុងឆ្នាំ២០១៩នេះ និងបានកោតសរសើរយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ គ្រូបង្ហាត់ និងកីឡាករកីឡាករនីទាំងអស់ដែលបានប្រឹងប្រែងធ្វើឲ្យទទួលបានជៅគជ័យជាបន្តបន្ទាប់។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាជ័យលាភី និងរង្វាន់ដែលទទួលបានជាបន្តបន្ទាប់មកនេះ គឺជាការបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ នូវភាពរីកចំរើនរបស់កីឡករ កីឡាការនីក្រសួងមហាផ្ទៃ ដែលពីមុនយើងមិនសូវទទួលបានជៅគជ័យច្រើននោះទេ។ សម្ដេចក៏បានមានប្រសាសន៍អំពីការខិតខំប្រឹងប្រែងជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីបង្កលទ្ធភាពឲ្យកីឡាករ កីឡាការនីក្រសួងមហាផ្ទៃ មានទឹកចិត្តក្នុងការខិតំប្រឹងប្រែងហ្វឹកហាត់ និងចេញប្រកួតទទួលបានលទ្ធផលជាវិជ្ជមាន។ សម្ដេចក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានរួមចំណែកជាមួយសម្ដេចក្នុងការគាំទ្រក្រុមកីឡាក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំ ក្រសួងមហាផ្ទៃតែងផ្ដល់ក្របខណ្ឌជូនកីឡាករកីឡាការនីដែលមានសមត្ថភាពដើម្បីលើកទឹកចិត្ត និងថាបើទោះបីជាពួកគាត់មិនបានបំពេញតួនាទីដូចនគរបាលទូទៅ ក៏ប៉ុន្តែតាមរយៈសមត្ថភាពប្រកួតប្រជែងដណ្ដើមបានជ័យលាភី និងមេដាយជាបន្តបន្ទាប់ នេះគឺករណីពិសេសមួយដែលបានជំនួសមកវិញនូវការលើកកិត្តិយសនគរបាលជាតិ កិត្តយសក្រសួងមហាផ្ទៃ និងប្រទេសជាតិ។
នៅក្នុងឱកាសសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការនី ដោយក្រៅតែពីការពង្រឹងវិន័យ សាមគ្គីភាព និងការហ្វឹកហាត់ សម្ដេចបានទាញចំណាប់អារម្មណ៍ឲ្យផ្ដោតទៅលើប្រភេទកីឡាដែលប្រើប្រាស់បច្ចេកទេស ប្រាជ្ញាស្មារតី និងភាពវ័យឆ្លាត ពីព្រោះយើងដឹងជាទូទៅថាកីឡាករ កីឡាការនីយើង មានកាយសម្បទា និងកម្លាំងនមានកម្រិតនៅឡើយ ដោយក្នុងនោះសម្ដេចបានណែនាំឲ្យពិចារណាបង្កើតក្រុមកីឡាវាយកូនហ្គោល និងកីឡាបាញ់ធ្នូ ដែលជាប្រភេទកីឡាប្រើបញ្ញាស្មារតី និងភាពវ័យឆ្លាត។ សម្ដេចក៏បានប្រកាសត្រៀមបង្កើតក្រុមការងារជួយគាំទ្រក្រុមកីឡាករបាល់ទាត់នគរបាលជាតិ និងក្រុមកីឡាវាយកូនហ្គោលនគរបាលជាតិដែរ។
មុននឹងបញ្ចប់ពិធីសំណេះសំណាលក្នុងបរិយកាសប្រកបដោយភាពជិតស្និតនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ថ្នាក់ដឹកនាំប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការនី ក្នុងនោះប្រាក់រង្វាន់ប្រតិភូកីឡា និងគ្រូបង្វឹក២៣នាក់ សរុប១១៥០០ដុល្លារអាមេរិក និងប្រាក់រង្វាន់កីឡាករ កីឡាការនី១៣ប្រភេទកីឡា សរុបចំនួន៨៧៦០០ដុល្លារអាមេរិក និងបានផ្ដល់ការលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្ដើមជ័យជំនះពីការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ៕