សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូន បងប្អូនជនរួមជាតិ
ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ ! បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ !
ថ្មីៗនេះមានការរិះគន់ពីមជ្ឈដ្ឋានខ្លះចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួមក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដោយជ្រកក្រោមគម្រោងផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់អតីតថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះថាជាទង្វើរំលោភសិទ្ធិមនុស្ស ។
ក្នុងនាមជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិ ជាថ្មីម្តងទៀតថាការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។បងប្អូនជនរួមជាតិយើង បានជ្រាបស្រាប់ហើយថាការប្រកាសជាសាធារណៈនិង ជាបន្តបន្ទាប់របស់ ទណ្ឌិត សម រង្ស៊ី អំពីគំរោងផែនការដែលគេហៅថា ការវិលមកកម្ពុជាវិញ នាថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទព័ជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ការបង្កើតមូលនិធិសំរាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យ នោះគឺពិតជាពុំមែនជាសកម្មភាពដែលត្រូវប្រត្តិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។
ហេតុនេះគំរោងផែនការវិលចូលកម្ពុជាវិញបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកគឺជាគំរោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាពនិងការបំបែកបំបាក់ជាតិដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិនិងប្រជាជនកម្ពុជាយើង ។ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកជូនជនរួមជាតិថាសកម្មភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នាពេលនេះគឺខុសស្រឡះពីសកម្មភាពនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្សីកាលពីឆ្នាំ២០១៣ ដែលនៅពេលនោះគាត់ជាប្រធានគណបក្សនយោបាយស្របច្បាប់ និង ទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ហើយការវិលត្រឡប់របស់គាត់នៅពេលនោះគឺដើម្បីមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
ហេតុដូច្នេះហើយនៅពេលនោះអ្នកដែលមានសមានចិត្តអាចមានសិទ្ធិចូលរួមហែរហមគាត់គឺ ពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ ។ ប៉ុន្តែការវិលត្រឡប់មកកម្ពុជានាពេលនេះគឺ សម រង្សី ស្ថិត ក្នុងស្ថានភាពជាទណ្ឌិត ហើយជាអ្នកដឹកនាំគំរោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង ។
ទន្ទឹមនេះគំរោងផែនការវិលមកកម្ពុជាវិញនាពេលនេះគឺជាការប៉ុនប៉ងបង្កការអុកឡករំខានដល់ការរៀបចំពីបុណ្យឯករាជ្យជាតិយើងក៏ដូចការចូលរួមសប្បាយរីករាយរបស់ប្រជាជនយើងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលព្រះករុណាព្រះមហាក្សត្រនៃយើងព្រះអង្គតែងតែយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យទាំងនេះជារៀងរាល់ឆ្នាំ ។
ជាចុងក្រោយនេះខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់អ្នកនយោបាយនិងបងប្អូនជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំងចំពោះគំរោងផែនការនៃចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយរនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និង ឯកភាពជាតិ ៕សូមអរព្រះគុណ និងអរគុណ!