ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ និងបញ្ហាផ្សេងៗមួយចំនួនទៀត រួមមាន សេចក្ដីប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្ដីពីការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត កំណែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥ និងយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣។

នៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសអំពីយន្តការថ្មីៗក្រោយការដកហូតសិទ្ធិផ្គត់ផ្គង់ការប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ការបន្តមិនយកពន្ធលើដីស្រែចំការ និងប្រាក់បៀវត្សទាបបំផុត គម្រោងតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឆ្នាំ២០២០ និងផែនការពង្រាយបណ្ដាញអគ្គីសនីឲ្យបានគ្រប់ភូមិក្នុងរយៈពេល៥ឆ្នាំទៀត។

បន្ទាប់មក ក្រោមអធិបតីសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន៣៣,៣៣៩,៦៣៣លានរៀល ស្មើនឹងប្រមាណ៨២២៣លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។

សេចក្ដីព្រាងបានឲ្យដឹងថាថវិកាឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងតាមគោលនយោបាយវិត្ថារកម្មថវិកា ផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស និងការកែម្រង់រចនាសម្ព័ន្ធដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមថាជាថវិកាយុទ្ធសាស្ត្រនៃការផ្គួបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានីភ័យទាំងក្នុង និងក្រៅប្រទេស។

ការទប់ទល់នេះ គឺតាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឲ្យបានខ្លាំងក្លានូវការកែម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថេរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក៏បានពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដែលបើតាមសេចក្ដីព្រាង ថវិកាឆ្នាំ២០១៨ ពិតជាសម្រេចបានតាមការប្រសិទ្ធនាមថា ជាថវិកាយុទ្ធសាស្ត្រនៃការពូនផ្ដុំកម្លាំង និងធនធានជាអតិបរមា។

យុទ្ធសាស្ត្រនេះ គឺដើម្បីសម្រេចឲ្យខាងតែបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា និងនៅក្នុងពេលដែលសភាពការតំបន់ និងពិភពលោកកាន់តែមានភាពស្មុគស្មាញ សំដៅបន្តរក្សាសន្តិភាព ស្ថេរភាព និងការទ្រទ្រង់ដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង