សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិ និងព្រះញាតិវង្សានុវង្ស បានយាង និងអញ្ជើញទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
នៅល្ងាចថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិ និងព្រះញាតិវង្សានុវង្ស បានយាង និងអញ្ជើញទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីព្រះអង្គស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះករុណាជាម្ចាស់ជីវិតលើត្បួងជាទីគោរពសក្ការៈដ៏ខ្ពស់បំផុត ព្រះអង្គបានស្ដេចយាងចូលរួមព្រះរាជពិធីរាជាភិសេក ព្រះចៅអធិរាជជប៉ុន Naruhito និងបានយាងចូលរួមពិធីលាងសាយភោជន៍រៀបចំដោយព្រះចៅអធិរាជជប៉ុនជាមួយព្រះមហាក្សត្រ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលនៃបណ្ដាប្រទេសជាច្រើនទៀតដែលបានយាង និងអញ្ជើញមកចូលរួមព្រះរាជពិធីរាជាភិសេករបស់ព្រះចៅអធិរាជជប៉ុន។
នៅក្នុងឱកាសដ៏មហាវិសេសវិសាលនៃព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុននេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ជូនឯកឧត្តម ស៊ិន ស៊ូអាបេ នាយករដ្ឋមន្ត្រីជប៉ុន ចូលក្រាបបង្គំគាល់ និងសម្ដែងការគួរសមផងដែរ៕








