ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតឲ្យឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតឲ្យឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ឯកឧត្តមឯកអគ្គរាជទូត និងសម្ដែងសេចក្ដីសោកស្ដាយ ព្រមទាំងមរណទុក្ខ ចំពោះគ្រោះធម្មជាតិនៅប្រទេសជប៉ុន ដែលបង្កឲ្យពលរដ្ឋជប៉ុនរងគ្រោះជាច្រើននាក់ និងបានសម្ដែងក្ដីសង្ឃឹមថាប្រជាជន និងរដ្ឋាភិបាលជប៉ុន នឹងបន្តរួបរួមគ្នាដោះស្រាយបញ្ហានេះប្រកបដោយជោគជ័យយ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ដោយសម្ដេចសង្ឃឹមជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តរីកចំរើនលូតលាស់តទៅមុខជាដរាប។

សម្ដេចក៏បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបន្តជួយគាំទ្រដល់បុព្វហេតុនៃការកសាងសេដ្ឋកិច្ច និងសង្គមកម្ពុជា និងបានជំរាបឯកឧត្តមឯកអគ្គរាជទូតជប៉ុនថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការបន្តផ្ដល់កិច្ចសហការជាមួយឯកឧត្តមឯកអគ្គរាជទូតនិងត្រៀមខ្លួនដោះស្រាយនូវបញ្ហានានា ដែលមានសំណើរ ឬតម្រូវការផ្សេងៗពីខាងស្ថានទូតជប៉ុន។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណសម្ដេចក្រឡាហោមចំពោះការចូលរួមរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន និងក៏សម្ដែងក្ដីសង្ឃឹមជឿជាក់ថាតាមរយៈបទពិសោធន៍ជាច្រើនក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ រដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងបន្តដោះស្រាយកិច្ចការនេះដូចទៅនឹងគ្រោះធម្មជាតិដែលបានកើតឡើងនាពេលកន្លងមកដែរ។

ឯកឧត្តមឯកអគ្គរាជទូតក៏បានជំរាបជូនសម្ដេចក្រឡាហោមដែរថានៅក្នុងឱកាសអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមពិតជាមានក្ដីរីករាយដែលបានថ្វាយសារតាំងជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចូលគាល់សម្ដេចព្រះវររាជមាតាជាតិខ្មែរ និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត និងបានសម្ដែងសក្ដីរីករាយចំពោះព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គនឹងយាងចូលរួមព្រះរាជពិធីគ្រងរាជសម្បត្តិជាផ្លូវការនៃព្រះចៅអធិរាជជប៉ុន។

ឯកឧត្តមក៏បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង និងក្រសួងមហាផ្ទៃ ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងការថែរក្សាសុវត្ថិភាព និងសន្តិសុខជូនដល់ស្ថានទូតជប៉ុន និងប្រជាពលរដ្ឋជប៉ុនដែលធ្វើដំណើរចេញចូលប្រទេសកម្ពុជា និងបានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្រាប់ការបន្តយកចិត្តទុកដាក់ពង្រឹង និងលើកស្ទួយកិច្ចសន្ទនាជាមួយអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល តាមរយៈវេទិកា៣លើករួចមកហើយនោះ។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុនក៏បានសម្ដែងក្ដីរីករាយ ជំរុញ និងលើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃ បន្តកិច្ចសហការជាមួយអង្គការ JICA ដើម្បីពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសម្ដេចក្រឡាហោមជាប្រធានដឹកនាំការងារកំណែទម្រង់នេះដោយផ្ទាល់ ហើយឯកឧត្តមពិតជាមានបំណងក្នុងការពង្រីកបន្ថែទៀតនូវការផ្លាស់ប្ដូររវាងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានមានប្រសាសន៍ថាព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រ យាងចូលរួមពិធីឡើងគ្រងរាជសម្បត្តិនៃព្រះចៅអធិរាជជប៉ុននាសប្ដាហ៍ក្រោយនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញការរីកចំរើនមួយកម្រិតទៀតនៃទំនាក់ទំនងកម្ពុជា ជប៉ុន។

សម្ដេចក៏បានសម្ដែងការឯកភាពចំពោះគោលបំណងដែលឯកឧត្តមស្នើពង្រីកបន្ថែមទៀតនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងបានថ្លែងនូវក្ដីរីករាយចំពោះបំណងរបស់ឯកឧត្តមដែលជំរុញឲ្យកាន់តែសកម្មថែមទៀតសម្រាប់កិច្ចការក្នុងការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ជាមួយអង្គការ JICA។

នៅក្នុងឱកាសនោះដែរឯកឧត្តមឯកអគ្គរាជទូតជប៉ុនក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចការលំបាកៗជាច្រើន ដែលក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ខិតខំជំនះប្រកបដោយភាពជោគជ័យ ហើយថានៅក្នុងអាណត្តិការទូតនៅកម្ពុជា ឯកឧត្តមនឹងអញ្ជើញទស្សនកិច្ចបណ្ដាខេត្តរបស់កម្ពុជា ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយបានស្នើសុំសម្ដេច និងក្រសួងមហាផ្ទៃជួយផ្ដល់ការសម្របសម្រួលឲ្យទស្សនកិច្ចទាំងនោះទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាសម្ដេចត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលដល់ការបំពេញការងារក្នុងអាណត្តិរបស់ឯកឧត្តម និងត្រៀមខ្លួនដោះស្រាយបញ្ហាផ្សេងៗជូនឯកឧត្តមឯកអគ្គរាជទូត និងស្ថានទូតជប៉ុន និងបានជូនពរឲ្យឯកឧត្តមបំពេញអាណត្តិការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង