សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងត្រួតពិនិត្យសំណង់អគារសិក្សា វិទ្យាល័យជ្រៃ, អនុវិទ្យាល័យខ្នាចរមាស, វិទ្យាល័យបវេល និងវិទ្យាល័យឃ្លាំងមាស
នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះពិនិត្យអគារសិក្សាថ្មីនៅវិទ្យាល័យជ្រៃ និងនៅអនុវិទ្យាល័យខ្នាចរមាស និងបន្តពិនិត្យមើលអគារសិក្សាវិទ្យាល័យបវេលដែលមានសភាពចាស់ទ្រុឌទ្រោម។
អញ្ជើញអមដំណើរការចុះពិនិត្យអគារសិក្សារបស់សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមាន ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកប្រធានមន្ទីរ លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងលោកគ្រូអ្នកគ្រូជាច្រើនរូបទៀត។
អគារសិក្សាថ្មីចំនួន១ខ្នងនៃវិទ្យាល័យជ្រៃ ស្ថិតក្នុងស្រុកថ្មគោល គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដោយអគារសិក្សានេះ មានកម្ពស់២ជាន់ ស្មើនឹង១២បន្ទប់។ ចំណែកអគារសិក្សាថ្មីចំនួន១ខ្នងទៀតនៃអនុវិទ្យាល័យខ្នាចរមាសក៏ជាអំណោយរបស់សម្ដេច និងលោកជំទាវដែរ ដែលអគារសិក្សាថ្មីនេះមានកម្ពស់២ជាន់ ស្មើនឹង១០បន្ទប់។
បន្ទាប់មកសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញបន្តដំណើរទៅពិនិត្យអគារសិក្សានៅវិទ្យាល័យបវេល ដែលនៅទីនោះមានអគារសិក្សាមួយខ្នងកំពុងមានសភាចាស់ទ្រុឌទ្រោម និងមានស្ថានភាពមិនសូវអំណោយផលដល់ការសិក្សារបស់សិស្សានុសិស្ស ដោយសម្ដេចបានណែនាំឲ្យរដ្ឋបាលខេត្ត និងស្រុកត្រូវដោះស្រាយបញ្ហានេះជាបន្ទាន់។
ជាមួយគ្នានោះ នៅក្នុងឱកាសចុះពិនិត្យអគារសិក្សាទាំងអស់នោះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំជាបឋមឲ្យលោកគ្រូអ្នកគ្រូដឹកនាំសិស្សានុសិស្សដាំដើមឈើនៅបរិវេណសាលាឲ្យបានច្រើន ត្រូវរួមគ្នាថែក្សាបរិស្ថាន និងអនាម័យឲ្យបានស្អាត ដើម្បីឲ្យសាលាមានភាពទាក់ទាញ និងផ្ដល់បរិយាកាសអំណោយផលដល់ការសិក្សារៀនសូត្ររបស់សិស្ស៕