ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកម្មវិធី «វោហារឆ្នើម» ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ (វគ្គផ្ដាច់ព្រ័ត្រ)

កាលពីព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី កម្មវិធី «វោហារឆ្នើម» ការប្រកួតប្រជែងនិយាយភាសាអង់គ្លេស ជាសាធាណៈ វគ្គផ្ដាច់ព្រ័ត្រ នៅខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើមអង្គពិធី បានស្ដាប់របាយការណ៍របស់ប្រធានប្រតិបត្តិនៃគណៈកម្មការរៀបចំកម្មវិធីវោហារឆ្នើម ដែលឲ្យដឹងថា ថ្វីដ្បិតតែកម្មវិធីវោហារឆ្នើមទើបតែចាប់ផ្ដើម ប៉ុន្តែទទួលបានការចាប់អារម្មណ៍ និងមានដៃគូសហការគាំទ្រជាច្រើន ក្នុងរួមមានរដ្ឋបាលខេត្តព្រែវែង មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង សហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលACE យុវជនស្ម័គ្រចិត្ត និងបណ្ដាដៃគូក្រុមហ៊ុនជាច្រើនទៀត។

របាយការណ៍បន្តថាកម្មវិធី វោហារឆ្នើម ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដូចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងបានស្ថាបនាបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំដោយឯកឧត្តម ស សុខា និងលោកជំទាវ និងបានអនុវត្តនិតិវិធីជាដំណាក់កាល រួមមានការផ្សព្វផ្សាយទទួលពាក្យ វគ្គជម្រុះតេស្តផ្ទាល់មាត់ វគ្គបណ្ដុះបណ្ដាលតម្រង់ទិសខ្លី វគ្គជម្រុះបន្ត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត។

បន្ទាប់ពីអង្គពិធីទាំងមូលបានតាមដាន និងស្ដាប់ការធ្វើបទបង្ហាញ និងការប្រកួតប្រជែងនិយាយភាសាអង់គ្លេសរបស់បេក្ខជនវគ្គផ្ដាច់ព្រ័ត្រ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា និងមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយសម្ដេចចាត់ទុកកម្មវិធីនេះថាមានសារៈសំខាន់សម្រាប់អនាគតរបស់បេក្ខជន និងប្រទេសជាតិ។

សម្ដេចក្រឡាហោម បានថ្លែងអបអរសាទរ និងកោតសរសើរបេក្ខជនទាំងអស់ ដែលបានបញ្ចេញសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសយ៉ាងល្អ ពោលគឺមិនចាញ់អ្នកនៅរាជធានីភ្នំពេញនោះទេ ដោយសម្ដេចបានប្រកាសផ្ដល់ការគាំទ្ររាល់តម្រូវការចាំបាច់របស់ក្រុមការងារ «វោហារឆ្នើម» និងលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងនិយាយភាសាផ្សេងទៀត ពិសេសភាសាចិន ដែលកំពុងមានសក្កដានុពលបន្ទាប់ពីភាសាអង់គ្លេស។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីវិជ្ឈការនៅក្នុងវិស័យអប់រំ ដោយបានរំលឹកថារាជរដ្ឋាភិបាលបានសាកល្បងអនុវត្តនៅខេត្តបាត់ដំបង ដោយផ្ទេរការចាត់ចែង និងគ្រប់គ្រងសាលាបឋមសិក្សា សាលាមត្តេយ្យ និងអប់រំក្រៅប្រព័ន្ធ ពីក្រសួងអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌ ហើយចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ការផ្ទេរនេះនឹងត្រូវធ្វើឡើងទូទាំងរាជធានីខេត្តតែម្ដង។

សម្ដេចបានបន្ថែមថានៅឆ្នាំ២០២០ រាជរដ្ឋាភិបាលក៏នឹងផ្ទេរការិយាល័យអប់រំក្រុងស្រុកខណ្ឌទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌជាអ្នកចាត់ចែងគ្រប់គ្រងតាមបែបវិជ្ឈការ ដែលក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក គឺជាអ្នកទទួលខុសត្រូវ ហើយតំណាលគ្នានេះ រាជរដ្ឋាភិបាលក៏នឹងធ្វើកំណែទម្រងវិជ្ឈការនៅក្នុងវិស័យសុខាភិបាលដែរ ដែលការងារកំណែទម្រង់ទាំងអស់នេះគឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនពលរដ្ឋ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីសភាពការណ៍នយោបាយនៅកម្ពុជា ដោយសម្ដេចបានលើកឡើងនូវផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមប្រឆាំង ការប្រកាសបំបែកកងទ័ពជាតិ និងការប្រមាថអង្គព្រះមហាក្សត្រ ដែលសកម្មភាពអស់ទាំងនេះ គឺជាការដើរហូតបន្ទាប់ក្រហម ដែលរាជរដ្ឋាភិបាលនឹងអនុវត្តច្បាប់ដោយគ្មានការលើកលែងជាដាច់ខាត។

សម្ដេចក៏បានថ្លែងកោតសើរសើរអតីតមន្ត្រីជាន់ខ្ពស់ សកម្មជន និងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលបង្ហាញជំហរទាត់ចោលផែនការខុសច្បាប់របស់មេដឹកនាំអតីតគណបក្សប្រឆាំង និងទោះជាមិនបានបង្ហាញជំហរជាសាធារណៈក្ដី ក៏ភាគច្រើននៃសកម្មជន និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងបានរក្សាភាពស្ងៀមស្ងាត់ ដែលមានន័យថាបើទោះបីជាគាត់មានទស្សនៈប្រឆាំង ក៏ប៉ុន្តែពួកគាត់ផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។

ពាក់ព័ន្ធនឹងករណីនេះដែរ ពោលគឺទន្ទឹមនឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានចៀសឲ្យផុតពីការដើរចោទប្រកាន់ ឬលាបពណ៌ចំពោះពលរដ្ឋមួយចំនួន ដែលមានទស្សនៈប្រឆាំងរាជរដ្ឋាភិបាល និងត្រូវអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលអវិជ្ជមាននៃការចូលរួមសកម្មភាពខុសច្បាប់ និងការចូលរួមថែរក្សាសុខសន្តិភាព និងស្ថេរភាជាតិ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍សង្កត់ធ្ងន់ទៀតថា កម្ពុជាបានកំណត់បន្ទាប់នយោបាយច្បាស់លាស់ហើយថាយើងត្រូវគោរព និងប្រកាន់យករបបរាជានិយម លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងថែរក្សាសន្តិភាព ហើយការប្រកួតប្រជែងនយោបាយ ដែលផ្ទុយពីគោលការណ៍សេរីពហុបក្ស និងការបោះឆ្នោត គឺប្រវត្តិសាស្រ្តបានផ្ដល់មេរៀនឆ្អែតឆ្អន់ហើយសម្រាប់ប្រជាជនកម្ពុជា។

បន្ទាប់ពីបញ្ចប់ការថ្លែសុន្ទរកថា និងមានប្រសាសន៍សំណេះសំណាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជើញប្រគល់ពានរង្វាន់ បំពាក់មេដាយ ផ្ដល់បណ្ណសរសើរ អាហារូបករណ៍ និងថវិកា ដល់បេក្ខជនជ័យលាភីវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី «វោហារឆ្នើម» ខេត្តព្រៃវែង៕


 

អត្ថបទដែលជាប់ទាក់ទង