ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញជាអធិបតី ពិធី អបអរសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃ យុគសម័យឌីជីថល»

នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតី ពិធីអបអរសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាពគ្រូ ជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល» ប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ។

ជាកិច្ចចាប់ផ្ដើមអង្គពិធី បានស្ដាប់របាយការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ស្ដីអំពីវឌ្ឍនភាពនៃវិស័យអប់រំក្នុងសម័យឌីជីថល ចំណាប់អារម្មណ៍តំណាងអង្គការយូនីស្កូប្រចាំកម្ពុជា ព្រមទាំងស្ដាប់ការស្មូតកំណាព្យដ៏មានអត្ថន័យដែលបរិយាយអំពីការខិតប្រឹងប្រែងរបស់គ្រូបង្រៀន។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានអញ្ជើញថ្លែងសុន្ទរកថា និងសំណេះសំណាលទៅកាន់អង្គពិធីដោយសម្ដេច ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីអប់រំ ដែលបានខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពនៃការអប់រំនៅកម្ពុជា។

សម្ដេចបានរំលឹកថាជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីពេលថ្មីៗនេះ គឺជាសមិទ្ធផលមួយទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូអ្នកគ្រូ និងអាជ្ញាធរពាក់ព័ន្ធ ជាក់ស្ដែងលទ្ធផលសិស្សជាប់យ៉ាងច្រើន និងមាននិទ្ទេសល្អៗកាន់តែច្រើននេះ គឺពិតជាធ្វើឲ្យគ្រប់គ្នាមានមោទកភាពចំពោះគ្រូបង្រៀន។

សម្ដេចបានមានប្រសាសន៍ថាប្រធានបទនៅឆ្នាំនេះ គឺជាការដាស់ស្មារតីលោកគ្រូអ្នកគ្រូឲ្យខិតខំប្រឹងប្រែងស្រាវជ្រាវបង្កើនចំណេះដឹងថ្មីៗ ដើម្បីឆ្លើយតបទៅនឹងសម័យកាលឌីជីថល។ យ៉ាងណាក៏ដោយសម្ដេចបានគូសបញ្ជាក់ថាថ្វីដ្បិតបច្ចេកវិទ្យាមានភាពរីកចំម្រើន ប៉ុន្តែមិនទាន់អាចជំនួសគ្រូបង្រៀនបាននៅឡើយទេ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមបានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធ សម្រាប់ជាការពិចារណាសំដៅលើកម្ពស់គុណភាពគ្រូបង្រៀនដែលជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញការអប់រំឌីជីថលឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងពិភពលោក។

ក្រសួងអប់រំត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីៈជាប្រចាំតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវឌ្ឍន៍របស់គ្រូបង្រៀនគ្រប់កម្រិត ពិសេសការបង្រៀន និងការរៀនតាមបែបបច្ចេកវិទ្យាទំនើប ព្រមទាំងបន្តកែលម្អរ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្រ្តាចារ្យតាមស្ថានភាពជាក់ស្ដែងសម្រាប់បំរើដល់ការបង្រៀនបែបថ្មី។

បន្ថែមពីនេះក្រសួង និងអ្នកពាក់ព័ន្ធត្រូវបង្កឱកាសឲ្យលោកគ្រូអ្នកគ្រូទទួលបានការអភិវឌ្ឍសមត្ថភាព ហើយនៅក្នុងឱកាសនោះដែរសម្ដេចក៏បានផ្ដាំផ្ញើលោកគ្រូអ្នកគ្រូ និងគរុសិស្ស គរុនិស្សិត ត្រូវខិតខំប្រឹប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីដើរឲ្យទាន់បច្ចេកវិទ្យា និងយកចំណេះដឹងថ្មីៗមកបង្ហាត់បង្រៀនសិស្សបន្ត។

ដោយឡែកសម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកជូនអង្គពិធីអំពីដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះក៏មានវិស័យអប់រំ ដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានអមដំណើរសម្ដេចដែរ។

សម្ដេចបានមានប្រសាសន៍ថាកំណែទម្រង់គ្រប់វិស័យនៅអាល្លឺម៉ង់ ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទាំងវិស័យអប់រំផងនោះ មានអាយុកាលមិនតិចជាង១០០ឆ្នាំឡើយ។ កម្ពុជាមានឆន្ទៈក្នុងការងារកំណែទម្រង់នេះ ដោយបានសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗរបស់អាល្លឺម៉ង់យកមកកែឆ្នៃឲ្យសមនឹងស្ថានភាពកម្ពុជា។

សម្ដេចបានគូសបញ្ជាក់ថានឹងរៀបចំកម្មវិធីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីមួយចំនួន ពាក់ព័ន្ធនឹងការឈានទៅសម្រេចផែនការជាតិស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សម្ដេចក៏បានបញ្ជាក់ទៅកាន់អង្គពិធីជាថ្មីទៀតដែរអំពីផែនការបង្កើនថវិការ ឃុំសង្កាត់ចាប់ពីឆ្នាំ២០២០តទៅ ដែលនឹងផ្ដល់លទ្ធភាពកាន់តែច្រើនសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

ដោយឡែកបញ្ហាគ្រឿងញៀនក៏ជាប្រធានបទដែលសម្ដេចមានប្រសាសន៍ក្នុងឱកាសនេះដែរ ដោយសម្ដេចបានលើកឡើងពីយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការផ្ដោតទៅលើកការបោសសំអាតក្លឹបកំសាន្ត ខារ៉ាអូខេ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដោយកំណត់ផែនការលុបបំបាត់ឲ្យបានទាំងស្រុងនៅចុងឆ្នាំ២០១៩នេះ។

សម្ដេចបានមានប្រសាសន៍ថាផែនការបោសសំអាតគ្រឿងញៀនតាមក្លឹបកំសាន្ត និងខារ៉ាអូខេនេះ កំពុងបង្ហាញសញ្ញាណឈានទៅសម្រេចជោគជ័យ ហើយសម្ដេចសូមថ្លែងអំណរគុណអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ក្នុងនោះក៏មានគ្រូបង្រៀនដែរដែលបានរួមគ្នាធ្វើឲ្យកិច្ចការនេះទទួលបានជោគជ័យជាបន្តបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថាសម្ដេចក៏បានណែនាំឲ្យរៀបចំផែការប្រកួតប្រជែងភូមិសគ្មានគ្រឿងញៀន និងថាតាមរយៈយន្តការវេទិកាសាធារណៈនៅតាមមូលដ្ឋាន ពលរដ្ឋក៏មានឱកាសបញ្ចេញមតិយោបល់ ទស្សនៈ ឬកង្វល់ក្នុងជីវភាពប្រចាំថ្ងៃដែលក្នុងឱកាសវេទិកានោះ ពលរដ្ឋក៏អាចលើកឡើងពីបញ្ហាគ្រឿងញៀនដែរ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ជាថ្មីទៀតនូវពាក្យស្លោក៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និង១រាយការណ៍គឺត្រូវរាយការណ៍ផ្ដល់ព័ត៌មានអំពីមុខសញ្ញាជួញដូរចែកចាយប្រើប្រាស់ទីតាំងកែច្នៃផលិត និងស្តុកគ្រឿងញៀនខុសច្បាប់ ដល់សមត្ថកិច្ច ដើម្បីចាត់វិធានការ។

សម្ដេចបានអំពាវនាវឲ្យលោកគ្រូអ្នកគ្រូ ដែលមានជំនាញតែងអត្ថបទកំណាព្យចូលរួមតែងកំណាព្យដែលពាក់ព័ន្ធនឹងពាក្យស្លោក៣កុំ ១រាយការណ៍ និងសូមចូលរួមផ្សព្វផ្សាយ និងពន្យល់អប់រំទៅកាន់សិស្សានុសិស្សឲ្យពួកគេបានយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងចូលរួមទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ផ្នែកស្មូតកំណាព្យ និងពានរង្វាន់សម្ដេចព្រះសង្ឃរាជ ជួន ណាត ផ្នែកតែងនិពន្ធចំណាត់ថ្នាក់លេខ១ដល់លេខ៣ ប្រគល់ពានរង្វាន់វិទ្យាល័យសិស្សពូកែជូនគណៈគ្រប់គ្រងវិទ្យាល័យដែលមានសិស្សទទួលបាននិទ្ទេសAច្រើនជាងគេចំនួន៥វិទ្យាល័យ។

មុននឹងបញ្ចប់សម្ដេចក៏បានបំពាក់គ្រឿងឥស្សរយយសមុនីសារភ័ណ្ឌថ្នាក់ធិបឌិន្ទ ដល់បុគ្គលិកអប់រំចំនួន១១រូប ដែលបង្រៀនសិស្សឲ្យបាននិទ្ទេសAហើយមានពិន្ទុខ្ពស់ជាងគេទាំង១១មុខវិជ្ជា និងប្រគល់បណ្ណសរសើរដល់គណៈគ្រប់គ្រងវិទ្យាល័យរដ្ឋ និងសាលាឯកជនដែលមានសិស្សប្រឡងជាប់និទ្ទេសAទាំង១៨៨៕

 

អត្ថបទដែលជាប់ទាក់ទង