ឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំឯកឧត្តមរដ្ឋមន្ត្រីអន្តរក្រសួង និងគណៈប្រតិភូកម្ពុជា អញ្ជើញទៅដល់ទីក្រុងប៊ែកឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រកបដោយសុវត្ថិភាព ដើម្បីចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំឯកឧត្តមរដ្ឋមន្ត្រីអន្តរក្រសួង និងគណៈប្រតិភូកម្ពុជា អញ្ជើញទៅដល់ទីក្រុងប៊ែកឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រកបដោយសុវត្ថិភាព ដើម្បីចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ជាកិច្ចចាប់ផ្ដើមនៃដំណើរទស្សនកិច្ចផ្លូវការ នៅរសៀលថ្ងៃដដែលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមជាថ្នាក់ដឹកនាំអន្តរក្រសួង បានជួបពិភាក្សាជាមួយលោកជំទាវ Gisela Hammerschidt តំណាងគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់។
ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ទស្សនកិច្ចនេះ គឺជាលើកទី២ហើយ បន្ទាប់ពីសម្ដេចធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការម្ដងរួចមកហើយ មុនពេលកម្ពុជាចាប់ផ្ដើមធ្វើកំណែទម្រង់ការងារទាំងពីរនេះ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានទទួលឥទ្ធិពលពីប្រទេសអាល្លឺម៉ង់ ហើយជាលទ្ធផល កម្ពុជាបានបង្កើតច្បាប់ ស្ដីពីការគ្រប់គ្រងឃុំសង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតឃុំសង្កាត់ ច្បាប់ស្ដីពីការគ្រប់គ្រង និងច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ។
សម្ដេចក៏បានបញ្ជាក់ទៅកាន់ភាគីអាល្លឺម៉ង់ដែរថា នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលនឹងបញ្ចប់ការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ ក្នុងនោះមានការផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលការងារនេះ កំពុងដើរទន្ទឹមគ្នាជាមួយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
ដោយសារផ្លែផ្កានៃកំណែទម្រង់នេះ សម្ដេចបានមានប្រសាសន៍ទៀតថា ថវិកាឃុំសង្កាត់ដែលពីមុនក្នុង១ឆ្នាំមានមិនដល់១ម៉ឺនដុល្លារអាមេរិកនោះ ចាប់ពីឆ្នាំ២០២០តទៅ ឃុំសង្កាត់នឹងមានថវិកាជាមធ្យមជាង៧ម៉ឺនដុល្លារ ឆ្នាំ២០២១ ជាង៨ម៉ឺនដុល្លារ រហូដល់ឆ្នាំ២០២៣ នឹងកើនឡើងដល់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងការងារកំណែទម្រង់ទាំងនេះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលតែងតែបានផ្ដល់ការគាំទ្រកម្ពុជា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការខុនរ៉ាត់របស់អាល្លឺម៉ង់ លើការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការតាក់តែងច្បាប់ និងវិធានការនានា។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជំរាបជូនថ្នាក់ដឹកនាំគណៈកម្មាធិការសភាអាល្លឺម៉ង់អំពីការដោះស្រាយបញ្ហា EBA ជាមួយសហភាពអឺរ៉ុបដែរ ដោយសម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជា មានឆន្ទៈរក្សាការអនុគ្រោះពន្ធ ព្រមទាំងបន្តទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប និងជាមួយគ្រប់ប្រទេសទាំងអស់។
ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍នៃការផ្លាស់ប្ដូររបបពីអតីតកាល កម្ពុជាបានដឹងយ៉ាងច្បាស់ថា មានតែរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយបើទោះបីជាមានការយល់ឃើញផ្សេងគ្នាខ្លះ ក៏ប៉ុន្តែគោលការណ៍នេះបានចាក់គ្រឹះនៅកម្ពុជាហើយ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ Gisela Hammerschidt តំណាងគណៈកម្មាធិការសភា ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់ បានសម្ដែងការកោតសរសើរ និងអបរសាទរចំពោះលទ្ធផលនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
លោកជំទាវ Gisela Hammerschidt ក៏បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីអន្តរក្រសួងដែរថា ក្នុងកិច្ចពិភាក្សាគ្នានេះ គណៈកម្មាធិការសភារបស់លោកជំទាវ បានអញ្ជើញសាស្ត្រចារ្យជំនាញ២រូប មកធ្វើបទឧទ្ទេសនាមអំពីការធ្វើវិមជ្ឈការ ក្នុងនោះក៏មានវិមជ្ឈការវិស័យសុខាភិបាលថ្នាក់ក្រោមជាតិដែរ។
លោកសាស្រ្តាចារ្យបណ្ឌិត Harald Fuhr និងលោកសាស្រ្តាចារ្យបណ្ឌិត Flessa បានរួមគ្នាធ្វើបទឧទ្ទេសនាមអំពីសវតានៃប្រព័ន្ធវិមជ្ឈការអាល្លឺម៉ង់ និងបញ្ហាប្រឈមក្នុងកំណែទម្រង់សហព័ន្ធអាល្លឺម៉ង់ រួមទាំងបទបង្ហាញស្ដីអំពីសមត្ថកិច្ចនៅក្នុងប្រព័ន្ធសុខាភិបាលអាល្លឺម៉ង់។
បន្ទាប់មកគណៈប្រតិភូអន្តរក្រសួងកម្ពុជា ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតំណាងគណៈកម្មាធិការសភា ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់ បានបន្តពិភាក្សាផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ជាមួយគ្នាយ៉ាងលម្អិតអំពីការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ៕