សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
នៅល្ងាចថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញានេះ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ទស្សនកិច្ចរយៈពេល៨ថ្ងៃនេះ គឺដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងភាពជាដៃគូរវាងប្រទេសទាំងពីរ និងសិក្សាស្វែងយល់បន្ថែមអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។
សមាសភាពគណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរក្រសួងអញ្ជើញបំពេញទស្សនកិច្ច រួមមាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងឱកាសនៃទស្សនកិច្ចនេះដែរ គណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាសមាជិកសភាសហព័ន្ធរបស់អាល្លឺម៉ង់ និងថ្នាក់ដឹកនាំនៃបណ្តាក្រសួងស្ថាប័នសំខាន់ៗរួមមាន ក្រសួងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចនៃសភាសហព័ន្ធអាល្លឺម៉ង់ ដោយផ្តោតទៅលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរព្រមទាំងជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋសហព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានមួយចំនួន ដើម្បីស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិស័យសាធារណៈចាំបាច់នានាដូចជា អប់រំ សុខាភិបាល ព្រៃឈើ និងបរិស្ថាន។
សូមបញ្ជាក់ថារយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានក្លាយជាដៃគូដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការដែលចូលរួមចំណែកគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួន រួមមាន ការអភិវឌ្ឍជនបទ សុខាភិបាល និងអភិបាលកិច្ច៕