ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធវង្ស

នៅព្រឹកថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនោះ ក្នុងនាមជាពុទ្ធសាសនិកពេញដោយសទ្ធាជ្រះថ្លា សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងថ្នាកដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញអុជទៀនធូប បូជាផ្កាភ្ញី និងគ្រឿងសក្ការៈ ថ្វាយព្រះពុទ្ធរូប និងឧទ្ទិសចំពោះអ្នកមានគុណ ពិសេសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ រួមទាំងប្រជាពុទ្ធសាសនិក បានប្រារព្ធពិធីរាប់បាត្រចង្ហាន់ និងបច្ច័យ សូត្រព្រះធម៌នមស្សការព្រះរតនត្រៃ និងសមាទានសីលដើម្បីជម្រះមន្ទិលទាំងពួង មុននឹងប្រគេនចង្ហាន់ ព្រមទាំងទេយ្យទានទាំងឡាយចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនអ្នកមានគុណ មានមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សន្ដាន។

ជាកិច្ចបន្តទៅតាមកន្លងព្រះពុទ្ធសាសនា សម្ដេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសមាជិកថេរៈសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តមុនីប្រសិទ្ធវង្ស ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ និងព្រះសង្ឃ បានសូត្រព្រះធម៌បង្សុកូល ពហុដារឆ្លង និងពុទ្ធជ័យមង្គល ផ្សាយផល្លាអានិសង្ឃជូនដល់បុព្វការីជនទាំងឡាយ និងចំរើនព្រះពុទ្ធពរដល់សម្ដេចក្រឡាហោម ស ខេង លោកជំទាវ ញ៉ែម សាខន សខេង ក្រុមគ្រួសារ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងប្រជាពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី១០នេះ។

សូមបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌវេនទី១០ នៅទីអារាមវត្តមុនីប្រសិទ្ធវង្សនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានប្រគេនទូក ង ខ្នាតវែង១គ្រឿងដល់សម្ដេចព្រះឧត្តមវង្សា មួង រ៉ា ព្រះចៅអធិការវត្តមុនីប្រសិទ្ធវង្ស និងមួយគ្រឿងទៀតដល់សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងក៏បានឧបត្ថម្ភថវិកា ព្រមទាំងសម្ភារៈជូនគណៈកម្មការ និងកីឡាករអុំទូកទាំងពីរដែរ៕

អត្ថបទដែលជាប់ទាក់ទង