ក្រសួងមហាផ្ទៃ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសំដីរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី
ក្រសួងមហាផ្ទៃ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសំដីរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានប្រមាថមកលើអង្គព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងជាម្លប់ដ៏សុខដុមរបស់ប្រជារាស្ត្រខ្មែរ។
សំដីដ៏អសុរោះគ្មានសម្បជញ្ញៈរបស់ទណ្ឌិត សម រង្ស៊ី គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើព្រះកិត្តិនាមនិងព្រះចេស្តារបស់អង្គព្រះមហាក្សត្រ ដែលព្រះអង្គគឺជាព្រះប្រមុខរដ្ឋប្រកបដោយទសពិធរាជធម៌ និងជានិមិត្តរូបដ៏ឧត្តុង្គឧត្តមនៃឯកភាពជាតិ ក្នុងការធានានូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានការពារយ៉ាងដាច់ខាតដោយច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ជាតិ ដែលមិនអាចជនណារំលោភបំពានបានឡើយ។
ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ជាធរមាន និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតចំពោះទង្វើដែលជាបទល្មើសថ្មីមួយទៀត ប្រព្រឹត្តដោយទណ្ឌិត សម រង្ស៊ីដើម្បីថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវយុត្តិធម៌ និងសច្ចៈធម៌ ព្រមទាំងចូលរួមការពារយ៉ាងរឹងមាំនូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ជាពិសេសលើកស្ទួយការពារព្រះចេស្តា និងព្រះកិត្តិនាមដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង៕