ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជាកិច្ចចាប់ផ្ដើមអង្គពីធីបានស្ដាប់របាយការណ៍ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបើតាមឯកឧត្តម មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី មានគោលដៅបង្វែរការស្នាក់នៅរបស់ជនមានវិបល្លាសស្មារតីពីមជ្ឈមណ្ឌលសមចតរាជធានីភ្នំពេញ និងទទួលពីខាងក្រៅ ឲ្យមកទទួលការថែទាំ ព្យាបាល និងស្ដារនីសម្បទាឲ្យបានត្រឹមត្រូវ។

ឯកឧត្តមបានបន្តថា មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងជាពីរដំណាក់កាល ដោយប្រើប្រាស់ថវិការដ្ឋជាង៧ពាន់លានរៀល និងបែងចែកជាពីរផ្នែកសម្រាប់បុរស និងស្ត្រី ព្រមទាំងមានមន្ត្រីបំរើការមកពីក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីធានាការព្យាបាល ការថែទាំងស្ដារនីតិសម្បទា និងការពារសន្តិសុខ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានសម្ដែងក្ដីត្រេកអរចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់នៅមជ្ឈមណ្ឌលដ៏មានសារៈសំខាន់នេះ ហើយសម្ដេចក្នុងនាមសម្ដេចតេជោពិតជាសូមកោតសរសើរចំពោះសមិទ្ធផលមួយនេះ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកមជ្ឈមណ្ឌលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល នៅក្នុងការងារជួយសង្គ្រោះ និងស្ដារនីតិសម្បទាដល់ជនមានវិបល្លាសស្មារតី បន្ទាប់ពីបានបង្កើតមជ្ឈមណ្ឌលសង្គមកិច្ចជាច្រើន ដើម្បីជួយដល់ជនងាយរងគ្រោះ តាំងពីក្រោយសម័យខ្មែរក្រហមរហូតដល់សព្វថ្ងៃ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសសាសន៍ថានៅក្រោយសម័យខ្មែរក្រហម រដ្ឋាភិបាល បានចាត់ផ្ដើមមុនគេ គឺការបង្កើតមជ្ឈមណ្ឌលកុមារកំព្រារដែលឪពុកម្ដាយត្រូវបានសម្លាប់ និងស្លាប់ក្នុងសម័យអាវខ្មៅ បន្ទាប់មកបង្កើតមជ្ឈមណ្ឌលជួយយុទ្ធជនរងគ្រោះ ដោយការប្រយុទ្ធក្នុងសមរភូមិ ពិសេសការវាយជាមួយក្រុមខ្មែរក្រហមនៅក្រោយថ្ងៃរំដោះ៧មករា។

បន្ទាប់មក បានរដ្ឋាភិបាលបានបន្តបង្កើតមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតសម្បទាអ្នកញៀនគ្រឿងញៀន មជ្ឈមណ្ឌលយុវជនីតិសម្បទា មជ្ឈមណ្ឌលសំចតរាជធានីភ្នំពេញ និងប៉ោយប៉ែត មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវជ្ជាជីវៈជនមានពិការភាពនិងមជ្ឈមណ្ឌលគាំពារមាតា និងទារក ជាដើម។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីគម្រោងរៀបចំបង្កើតមជ្ឈមណ្ឌលឃុំគ្រងអនីតិជនដែលប្រព្រឹត្តល្មើសច្បាប់ប៉ុន្តែមិនទាន់គ្រប់អាយុទទួលខុសត្រូវតាមច្បាប់ដែរ ដោយសម្ដេចបញ្ជាក់ថាកន្លងមកពួកគេត្រូវបញ្ចូនទៅឃុំខ្លួនជាមួយជនល្មើសទូទៅ ដែលបញ្ហានេះបានបង្កជាបញ្ហាសម្រាប់ពួកគេ និងខុសពីគោលការណ៍សកល។

សម្ដេចបានមានប្រសាសន៍ថាកន្លងទៅ អង្គការទទួលបន្ទុកសិទ្ធិមនុស្សចំណុះអង្គការសហប្រជាជាតិ បានរិះគន់កម្ពុជាចំពោះបញ្ហានេះ ដូចជានៅមជ្ឈមណ្ឌលព្រៃស្ពឺជាដើម ដោយសម្ដេចបានទទួលស្គាល់ការតិទៀននេះ ក៏ប៉ុន្តែក៏សូមឲ្យយល់ពីស្ថានភាពជាក់ស្ដែង និងការខិតខំរបស់ប្រទេសកម្ពុជាដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថារាជរដ្ឋាភិបាល បាន និង កំពុសិក្សារកវិធីណាឲ្យល្អជាងសព្វថ្ងៃនៅក្នុងការងារឃុំខ្លួនជនល្មើស ទាំងនីតិជន និងអនីតជន ពីព្រោះបច្ចុប្បន្ន ចំនួនអ្នកជាប់ឃុំមានច្រើនជាងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលធ្វើឲ្យមានភាពចង្អៀតណែន និងនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ។

ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែប្រាថ្នា និងធ្វើគ្រប់កិច្ចការ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ ពីព្រោះយើងទាំងអស់គ្នាបានឆ្លងកាត់ការលំបាកឆ្អែតឆ្អន់ហើយ ទម្រាំអាចដឹកនាំប្រទេសមានសេចក្ដីសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។

សម្ដេចបានមានប្រសាសន៍ថាសព្វថ្ងៃ កិច្ចការអាទិភាពបំផុត គឺការរក្សាសេចក្ដីសុខ សន្តិភាព និងស្ថេរភាពជាតិ តាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពីព្រោះតាមគន្លងរបបនយោបាយនេះហើយដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើនជាបន្តបន្ទាប់ ហើយការដើរខុសពីរបបនេះបានធ្វើឲ្យកម្ពុជាផុងក្នុងសង្គ្រាម និងមហន្តរាយរួចហើយ។

សម្ដេចបានមានប្រសសាន៍ថាយ៉ាងណាក៏ដោយ មិនមែនយើងស្កប់ស្កល់នឹងស្ថានភាពដូចបច្ចុប្បន្ននេះទេ ពីព្រោះក្រុមប្រឆាំងក្រៅច្បាប់ តែងតែប៉ុនប៉ងបង្កចលាចល ដើម្បីឈានទៅធ្វើបដិវត្តពណ៌ ដូច្នេះទាមទារឲ្យយើងរួមគ្នាទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់កូនចៅតទៅថ្ងៃមុខទៀត។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៅកាន់អង្គពិធី អំពីការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីឲ្យមន្ត្រីទទួលបានព័ត៌មានពិតពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីរួមសហការគ្នាដោះស្រាយ និងឆ្លើយតបទៅនឹងកង្វល់ ឬសេចក្ដីត្រូវការនោះឲ្យទាន់ពេលវេលា។

សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមឲ្យបានសកម្មក្នុងវេទិកាសាធារណៈដែលមន្ត្រីបានរៀបចំនៅតាមមូលដ្ឋាន តាមរយៈការឡើងបញ្ចេញយោបល់ ឬទស្សនៈពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់អាជ្ញាធរ ឬមន្ត្រីរាជការ និងរាជរដ្ឋាភិបាល ព្រមទាំងបង្ហាញក្ដីកង្វល់ និងសំណូមពរពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ។

សម្ដេចបានគូសបញ្ជាក់ថារាល់បញ្ហាដែលពលរដ្ឋបានលើកឡើងនោះ មានខ្លះនឹងត្រូវបានមន្ត្រីដោះស្រាយជូនភ្លាមនៅក្នុងវេទិកាតែម្ដង ហើយបញ្ហាខ្លះទៀត បើទោះជាមិនទាន់ដោះស្រាយបានភ្លាម ក្រុមការងារ និងរៀបចំជាបញ្ជីបញ្ហាដាក់ជូនមកថ្នាក់លើ ដើម្បីរកវិធីដោះស្រាយជូន ដោយមិនមានបញ្ហាណាមួយត្រូវបានកប់ទុកចោលឡើយ។

បញ្ហាគ្រឿងញៀនក៏ត្រូវបានសម្ដេចក្រឡាហោម ថ្លែងនៅក្នុងឱកាសនេះដែរ ដោយសម្ដេចបានលើកឡើងពីយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅតាមទីតាំងកំសាន្ត ដែលត្រូវបានកំណត់បង្ក្រាបឲ្យអស់នៅឆ្នាំ២០១៩នេះ ពីព្រោះបញ្ហានេះវាបាន និងកំពុងគម្រាមកំហែងដល់សេចក្ដីសុខក្នុងសង្គម និងរារាំងការអភិវឌ្ឍជាតិ។

សម្ដេចក៏បានអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នានៅក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងនោះសមត្ថកិច្ចត្រូវតែស្មោះត្រង់នឹងវិជ្ជាជីវៈ តាមរយៈការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ហើយឪពុកម្ដាយ អាណាព្យាបាល ត្រូវជួយអប់រំ ឃុំគ្រងកូនចៅឲ្យបានល្អ ឲ្យដើរតាមគន្លងធម៌ និងយុវជនខ្លួនឯងក៏ត្រូវតែចៀសឲ្យផុតពីគ្រឿងញៀននេះដែរ។

ក្រៅពីបញ្ហាគ្រឿងញៀន សម្ដេចបានបន្តមានប្រសាសន៍អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសម្ដេចបានសម្ដែងមន្ទិលចំពោះបញ្ហានេះ ពីព្រោះរបាយការណ៍បានរកឃើញថាពលរដ្ឋភាគច្រើនលើសលុបជាអ្នកធ្វើដំណើរតាមម៉ូតូបានងាកពាក់មួកសុវត្ថិភាព ក៏ប៉ុន្តែរបាយការណ៍បង្ហាញថានៅតែមានអ្នកជិះម៉ូតូស្លាប់ច្រើនដដែល។

ត្រង់ចំណុចនេះ សម្ដេចបានមានប្រសាសន៍ថាបានណែនាំឲ្យជំនាញសិក្សាអំពីបញ្ហានេះឡើងវិញ ពីព្រោះការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃ៥ទៅ៦នាក់ដូចបច្ចុប្បន្ននេះ គឺជាសោកនាដកម្មមួយធំធេងណាស់។ ដោយឡែកពាក់ព័ន្ធនឹងល្បែងស៊ីសងក៏ត្រូវបានសម្ដេចលើកឡើងនៅក្នុងពិធីនេះដែរ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ថវិកា និងសម្ភារៈឧបត្ថម្ភជូនមជ្ឈមណ្ឌល និងអង្គពិធីទាំងមូល មុននឹងបន្តអញ្ជើញទស្សនាអគារ និងដាំកូនឈើ ក្នុងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង