សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការរដ្ឋបាលនៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពសាធារណរដ្ឋកូរ៉េ
នៅរសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម LIM JUNG-TEAK អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការរដ្ឋបាលនៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម។
គោលបំណងនៃជំនួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងមហាផ្ទៃនាឱកាសនេះ គឺឯកឧត្តម KIM JUNG-TEAK បានជូនដោយផ្ទាល់នូវលិខិតអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញសម្ដេចក្រឡាហោម ស ខេង ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន កូរ៉េដែលគ្រោងធ្វើឡើងនៅប្រទេសកូរ៉េនាចុងខែវិច្ឆិការឆ្នាំ២០១៩នេះ។
ការអញ្ជើញសម្ដេចក្រឡាហោម ស ខេង នៅពេលនេះគឺផ្អែកតាមដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោមដែលកាលពីខែឧសភាកន្លងទៅ សម្ដេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េ ហើយសម្ដេច និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ បានជជែកគ្នាអំពីបញ្ហានេះ ហើយឯកឧត្តមរដ្ឋមន្ត្រីបានជំរាបសម្ដេចថានឹងអញ្ជើញសម្ដេចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន កូរ៉េ ដែលទទួលបន្ទុកការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះឯកឧត្តម Lim JUNG-TEAK ដែលបានយកលិខិតអញ្ជើញពីកូរ៉េមកជូនសម្ដេចដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានមានប្រសាសន៍ថានឹងពិនិត្យលទ្ធភាពជាក់ស្ដែង ហើយប្រសិនបើសម្ដេចមិនមានពេលវេលាសមស្រប សម្ដេចនឹងចាត់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃដើម្បីដឹកនាំប្រតិភូចូលរូមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនឹងនេះសម្ដេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ ដែលមកដល់ពេលនេះ ក្រសួងទាំងពីរមានកិច្ចសហប្រតិបត្តិការទាំងលើផ្នែកនគរបាល និងផ្នែករដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចសូមអរគុណចំពោះភាគីកូរ៉េដែលតាមរយៈMOUដែលមានជាមួយគ្នា គឺបានផ្ដល់ការគាំទ្រជាបន្តបន្ទាប់មកដល់ក្រសួងមហាផ្ទៃកម្ពុជា ពិសេសការងារបណ្ដុះបណ្ដាលធនធានមនុស្សទាំលើវិស័យនគរបាល និងវិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោ ស ខេង ក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ដែលកាលពីខែឧសភាកន្លងទៅ ឯកឧត្តមបានរៀបចំកម្មវិធីសម្រាប់ទស្សនកិច្ចសម្ដេចបានយ៉ាងសមស្របទៅតាមសំណូមពររបស់ក្រសួងមហាផ្ទៃកម្ពុជា ធ្វើឲ្យប្រតិភូទទួលបានបទពិសោធន៍ល្អៗដើម្បីយកមកកែលម្អរការអនុវត្តទៅតាមស្ថានភាពរបស់កម្ពុជា ហើយសម្ដេចសង្ឃឹមជឿជាក់ថាទៅអនាគតភាគីទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍នេះបន្ថែមទៀត ពិសេសលើការងាររដ្ឋបាលមូលដ្ឋាន។
សម្ដេចក៏បានជំរាបជូនដែរថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃតែម្ដងបានខិតខំរៀបចំនូវច្រកចេញចូលតែមួយ ដែលនេះគឺជាផ្នែកមួយនៃការលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយការងារនេះបានទទួលការពេញចិត្ត និងគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តម LIM JUNG-TEAK បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកូរ៉េ អាស៊ានទទួលបន្ទុកការងាររដ្ឋបាលថ្នាក់ក្រោមជាតិនាពេលខាងមុខ គឺពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ៣ ក្នុងនោះរួមមានការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យសេវាសាធារណៈ វិស័យរដ្ឋបាលឌីជីថល និងការងារកសាងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក្នុងនោះក៏មានការរៀបចំតាំងពិពណ៌បង្ហាញអំពីនវានុវត្តន៍ពាក់ព័ន្ធនឹងការធ្វើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរដែរ។
ឯកឧត្តមក៏សូមឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច និងបានជំរាបជូនសម្ដេចថាភាគីកូរ៉េនឹងបន្តអនុវត្តMOUទាំងឡាយដែលក្រសួងទាំងពីរបានចុះហត្ថលេខាកន្លងមក ឲ្យទទួលបានលទ្ធផលល្អស្របតាមការចង់បានរបស់ភាគីទាំងពីរ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសរវាងវិស័យនគរបាលនៃប្រទេសទាំងពីរ។
ជាទីបញ្ចប់សម្ដេចក្រឡាហោម បានថ្លែងអំណរគុណឯកឧត្តមប្រធានគណៈប្រតិភូដែលបានចំណាយពេលមកទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីប្រគល់លិខិតអញ្ជើញជូនសម្ដេចក្នុងឱកាសនេះ ហើយតាមរយៈឯកឧត្តម សម្ដេចសូមជូនពរឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ សូមទទួលបានជោគជ័យគ្រប់ភាកិច្ច និងសូមអរគុណរដ្ឋាភិបាលកូរ៉េដែលបានបង្កលក្ខណៈល្អប្រសើរជូនដល់ពលករកម្ពុជាដឺលកំពុងធ្វើការនៅប្រទេសកូរ៉េ៕