ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

នៅល្ងាចថ្ងៃសុក្រ ១កើត ខែពិស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ស សុខា តំណាងក្រុមការងារយុវជនទាំង៣ខេត្ត បានអញ្ជើញមានប្រសាសន៍ជំរាបជូនសម្ដេចក្រឡាហោម និងអង្គពិធីថាពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីនាឱកាសនេះ គឺដើម្បីផ្ដល់ឱកាសឲ្យក្រុមការងារយុវជន បានផ្លាស់ប្ដូរបទពិសោធន៍ រឹតចំណងសាមគ្គីភាព និងទទួលយកនូវអនុសាសន៍ល្អៗ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងក្ដីរំភើបរីករាយដែលបានឃើញក្រុមការងារយុវជនទាំងបីខេត្ត បានរួមសាមគ្គីគ្នាបង្កើតកម្មវិធីនេះឡើង ដើម្បីបានជួបពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។

សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារយុវជនទាំង៣ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រគឺការថែរក្សាសេចក្ដីសុខ សន្តិភាព និងការធានាជីវភាពរស់នៅល្អប្រសើរបស់ពលរដ្ឋ។

សម្ដេចក៏បានថ្លែងកោតសរសើរ និងអរគុណចំពោះក្រុមការងារទ្រទ្រង់ដល់យុវជនទាំងបីខេត្ត ដែលមិនត្រឹមតែបានជួយដល់ការងារយុវជននោះទេ ប៉ុន្តែបានផ្ដល់ការគាំទ្រតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតរាប់រយនាក់ឲ្យបានសិក្សារៀនសូត្រ និងទទួលបានអត្ថប្រយោជន៍នានា ព្រមទាំងកិច្ចការជួយសង្គមនៅតាមបណ្ដាមូលដ្ឋាន។

នៅក្នុងឱកាសថ្លែងសំណេះសំណាលទៅកាន់អង្គពិធីដែលភាគច្រើនជាក្រុមយុវជននេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញមានប្រសាសន៍អំពីស្ថានការអន្តរជាតិដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា សភាពការណ៍ក្នុងប្រទេស ទាំងការរីកចំរើន និងការដោះស្រាយបញ្ហាប្រឈាមនានា ព្រមទាំងការងារអាទិភាពដែលបានកំណត់ក្នុងគោលដៅត្រូវអនុវត្តបន្ត។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ដែរ ថារាជរដ្ឋាភិបាល កំពុងពង្រីកការពង្រាយមន្ត្រីវ័យក្មេងឲ្យទៅបំពេញការងារនៅតាមមូលដ្ឋាន ដើម្បីមានឱកាសបានបំពេញការងារផង និងរៀនសូត្រដកស្រង់យកបទពិសោធន៍ផង ពិសេសអំពីជីវភាពរស់នៅរបស់ពលរដ្ឋតាមមូលដ្ឋាន ដែលនេះជាកត្តាសំខាន់បំផុតសម្រាប់អនាគតរបស់មន្ត្រីដែលត្រូវបន្តវេន។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឲ្យក្រុមការងារយុវជនទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារទៅតាមតួនាទី ពិសេសការងារជួយសង្គ្រោះប្រជាពលរដ្ឋ និងកិច្ចការសង្គមជាច្រើនទៀត ដោយប្រកាន់អត្តចរឹតល្អ សេចក្ដីថ្លៃថ្នូរ និងភាពជាគម្រូនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង