ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវប្រជាពលរដ្ឋពាក់មួកសុវត្ថិភាពដើម្បីបង្កាគ្រោះថ្នាក់ និងរួចផុតពីការផាកពិន័យ

ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរតាមមធ្យោបាយទោចក្រយានយន្តទូទាំងប្រទេសក្នុងរយៈពេលពេញមួយ១ខែមកនេះ ដែលបានធ្វើឲ្យអត្រាអ្នកស្លាប់ និងរងរបួសមានការថយចុះ និងធ្វើឲ្យអ្នកដំណើរតាមម៉ូតូបានពាក់មួកសុវត្ថិភាពជាច្រើនម៉ឺននាក់ ។

របាយការណ៍ស្ដីពីលទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា សមត្ថកិច្ចនគរបាល​ចរាចរណ៍ ដោយមានការសហការពីនគរបាលអន្តរាគមន៍ និងកម្លាំង​កងរាជអាវុធហត្ថ បានត្រួតពិនិត្យអ្នកជិះទោចក្រយានយន្ត ឬម៉ូតូ សរុបចំនួន ២៧៣.៧១៩នាក់ ដោយបានបង្ខំអ្នកមិនពាក់មួកសុវត្ថិភាពឲ្យពាក់មួកសុវត្ថិភាពបានចំនួន ១០៧.៤១២នាក់ ។

ជាក់ស្ដែងណាស់ ការប្រៀបធៀបអំពីតួលេខគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល​១​ខែនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ទៅនឹងរយៈពេលដូចគ្នាមុនពេល​រឹតបន្តឹងឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣២៨លើក ថយចំនួន ៤​លើក​ ស្មើ ១ភាគរយ, អ្នកជិះម៉ូតូស្លាប់ចំនួន ១១៤នាក់ ថយ៤នាក់ ស្មើ​៣​ភាគរយ​,​ អ្នកជិះម៉ូតូរបួសចំនួន ៣៤៣នាក់ ថយ ១៥នាក់ ស្មើនឹង ៤ភាគរយ ។

ផ្អែកតាមលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ និងកោតសរសើរចំពោះស្មារតី​យក​ចិត្តទុកដាក់ខ្ពស់របស់នគរបាលចរាចរណ៍ នគរបាលអន្តរាគមន៍ និងកម្លាំង​កង​រាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងសហការបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ សំដៅធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមមធ្យោបាយទោចក្រយានយន្តទាំងអស់ ពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា ។

ជាថ្មីម្ដងទៀត ខ្ញុំក៏សូមការយោគយល់អធ្យាស្រ័យចំពោះការដាក់ចេញវិធានការឃាត់ទុកមធ្យោបាយធ្វើដំណើរ ដើម្បីតម្រូវឲ្យទិញ ឬរកមួកសុវត្ថិភាពមកពាក់ឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យបន្តដំណើរ និងសូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាង​ផុល​ផុស​ ប្រកបដោយភាពម្ចាស់ការ និងស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ តាមគោលការណ៍ច្បាប់កំណត់ ។

ជនរួមជាតិជាទីគោរព! ទោះបីជាការអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព​មួយខែមកនេះ ទទួលបានលទ្ធផលវិជ្ជមានយ៉ាងណាក្តី ក៏ប៉ុន្តែអត្រាមរណៈ និងរបួសនៅតែមានចំនួនច្រើននៅឡើយ ដែលបញ្ហានេះគឺជាក្ដីកង្វល់ដ៏ធំ និង​គួរឲ្យសោកស្ដាយបំផុតមួយ ពីព្រោះប្រទេសជាតិយើងរួចផុតពីភ្លើងសង្គ្រាម និងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែបែរជាមានពលរដ្ឋស្លាប់ និងរងរបួសច្រើន ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃទៅវិញ។

ក្នុងន័យនេះ ក្នុងនាមប្រធានប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ​គោក​ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទាំងអស់ សូម​ភ្ញាក់រលឹកបន្តពាក់មួកសុវត្ថិភាព ហើយសម្រាប់អ្នកដែលមិនមានទម្លាប់ សូមផ្លាស់ប្ដូរឥរិយាបថដោយងាកមកពាក់មួកសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាពពេលធ្វើដំណើរ និងចៀសផុតពីការផាកពិន័យ ពីព្រោះចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៩​នេះ​តទៅ សមត្ថកិច្ចនឹងផាកពិន័យតាមច្បាប់ចំពោះអ្នកមិនពាក់មួកសុវត្ថិភាព។

ខ្ញុំព្រះករុណាខ្ញុំសូមប្រគេន និងជូនពរជនរួមជាតិទាំងអស់ ជួបប្រទះតែសេចក្ដីសុខ​ និងសេចក្តីចម្រើនគ្រប់ប្រការ៕

អត្ថបទដែលជាប់ទាក់ទង