ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យឯកឧត្តម HIDEHISA HORINOUCHI ឯកអគ្គរាជទូតជប៉ុនចូលជួបពិភាក្សា និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការទូត

នៅរសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម HIDEHISA HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិការទូត។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងសេចក្ដីរីករាយចំពោះអាណត្តិការងាររបស់ឯកឧត្តមដែលក្នុងការបំពេញភារកិច្ចកន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញជាក់ស្ដែងនូវវឌ្ឍនភាពសេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ពិសេសការកើនឡើងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការផ្លាស់ប្ដូររវាងប្រជាជន និងធនធានមនុស្ស។

ឯកឧត្តមក៏មានសេចក្ដីរីករាយដោយបានឃើញថាឆ្នាំកន្លងទៅជាឆ្នាំនៃការប្រារព្ធខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា ជប៉ុន ដែលជប៉ុនបានបង្កើតស្ថានកុងស៊ុងនៅខេត្តសៀមរាប ដែលនេះជាការស្ដែងឲ្យឃើញពីទំនាក់ទំនងរីកចំរើនរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូត ហើយសម្ដេចពិតជារីករាយដោយសម្ដេចបានមានប្រសាសន៍ថាសម្ដេចពិតជាមើលឃើញនូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរាជទូតនៅក្នុងអាណត្តិការងាររបស់ឯកឧត្ត ដែលបានរួមចំណែកធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពប្រសើឡើង។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើឡើងនេះក៏បានកើតឡើងតាមរយៈឆន្ទៈនៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរផងដែរ ហើយបានមានប្រសាសន៍ថាសម្ដេចក៏បានឃើញស្នាដៃរបស់ឯកឧត្តម ដែលបានកសាងក្នុងអាណត្តិការងារនៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដោយឡែកសម្រាប់ក្រសួងមហាផ្ទៃកម្ពុជាសម្ដេចបានជំរាបជូនថាក្រសួងមហផ្ទៃកម្ពុជាក៏មានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ជប៉ុនដែរ ដូចជាទីភ្នាក់ងារនគរបាលជប៉ុន អង្គភាពប្រឆាំងភេវរកម្មជប៉ុន ដែលកំពុងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើ ហើយសម្ដេចក៏សូមថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់កិច្ចសហការជួយបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាលមូលដ្ឋានរបស់កម្ពុជាដែលជាការឆ្លើយតបមួយទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់អនុវត្ត។

ក្រៅពីវិស័យទាំងនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាភាគីទាំងពីរអាចពិនិត្យលទ្ធភាពពង្រីកនូវកិច្ចសហការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជាការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ការជួញដូរមនុស្ស និងប្រឆាំងការលាងសម្អាតប្រាក់ជាដើម។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ហើយឯកឧត្តមបានបន្ថែមថា ដោយសម្ដេចក្រឡាហោម ស ខេង មានតួនាទីជាប្រធានសហព័ន្ធកីឡាទូកកានូរបស់កម្ពុជា ជប៉ុនក៏នឹងគ្រោងអញ្ជើញកីឡាករទូកកានូូកម្ពុជាចំនួន១៥រូបទៅទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍លើវិស័យកីឡានេះជាមួយភាគីជប៉ុននៅប្រទេសជប៉ុនដែរ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីជប៉ុនដែលបានយកចិត្តទុកដាក់ជួយអភិវឌ្ឍន៍វិស័យទូកកានូរបស់កម្ពុជា ហើយជាចុងបញ្ចប់សម្ដេចក្រឡាហោមបានជូនពរឯកឧត្តមទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង