សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធី វេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង និងសាងសង់បន្តអគារបណ្ណាល័យសម្ដេចក្រឡាហោម ស ខេង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង បានសម្ដែងសេចក្ដីរីករាយដែលបានអញ្ចើញមកចូលរួមពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង និងសាងសង់បន្តអគារបណ្ណាល័យនាថ្ងៃនេះ ដោយសម្ដេចបានគូសបញ្ជាក់ថាការចាប់ផ្ដើម និងការបន្តសាងសង់សមិទ្ធផលទាំងពីរនេះ គឺជាការបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការរួមចំណែកពីសប្បុរសជនដើម្បូជំរុញវិស័យអប់រំ និងកីឡា។
នាឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យអាជ្ញាធរខេត្ត បង្កើនការពង្រឹងក្រុមកីឡាគ្រប់ប្រភេទនៅក្នុងខេត្តបាត់ដំបង ហើយត្រូវលើកទឹកចិត្តឲ្យមានការចូលរួមហ្វឹកហាត់ពីក្រុមមហាជនដែលជាអ្នកមានសមត្ថភាព ដើម្បីជ្រើសរើសពួកគាត់ទៅហ្វឹកហាត់បន្ថែម ឈានទៅក្លាយជាកីឡាអាជីពរបស់ជាតិនាពេលអនាគត។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាមណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង មានតម្លៃប្រមាណ២លានដុល្លារអាមេរិក ជាជំនួយឧបត្ថម្ភរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា ក៏ប៉ុន្តែបណ្ណាល័យក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ត្រូវបានសាងសង់ឡើងពីដំបូងដោយជំនួយឧបត្ថម្ភពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក។
សម្ដេចបន្តថា មុនពេលសប្បុរសជនម្នាក់ ដែលទទួលខុសត្រូវចេញមុខបង្កើតមូលនិធិគៀងគរថវិកាសាងសង់បានទទួលមរណភាពទាំងបណ្ណាល័យមិនទាន់សង់រួចរាលផ សម្ដេចបានទទួលតាមបណ្ដាំស្នើសុំឲ្យបន្តសាងសង់បណ្ណាល័យនេះរបស់សប្បុរសជននោះ ដើម្បីទុកជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងសាធារណៈជន។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងសប្បុរសជនក្នុងស្រុក ដែលបានរួមគ្នាចូលរួមអភិវឌ្ឍន៍ និងកសាងប្រទេសជាតិ ពិសេសការចូលរួមសាងសង់បណ្ណាល័យនេះនាពេលកន្លងមក ហើយសម្ដេចសូមសន្យាថានឹងចូលរួមបង្ហើយការសាងសង់បណ្ណាល័យនេះ។
សម្ដេចបានមានប្រសាសន៍ថាសាកលវិទ្យាល័យបាត់ដំបង បានកសាងឡើងកាលពីឆ្នាំ២០០៧ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១០ ហើយចាប់ពីពេលនោះមក មិនដែលមានការសងសង់សំណង់បន្ថែមទៀតទេ ទើបតែប៉ុន្មានឆ្នាំចុងក្រោយ ដែលចាប់ផ្ដើមកសាងបណ្ណាល័យនេះ។
ដោយឡែកពាក់ព័ន្ធនឹងអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យបាត់ដំបង សម្ដេចក្រឡាងហោម ស ខេង ក៏បានថ្លែងអំណរគុណសប្បុរសជនជាឥស្សរជនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសប្បុរសជនទូទៅ ដែលបានចូលរួមចំណែកផ្ដល់អាហារូបករណ៍ឲ្យនិស្សិតបានបន្តការសិក្សាដោយឥតបង់ប្រាក់។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពាវនាវប្រជាពលរដ្ឋចៀសឲ្យផុតពីការចាញ់ឧបាយកលទុច្ចរិតអ្នកនយោបាយប្រឆាំងមួយចំនួន ដែលចិញ្ចឹមចិត្តអូសទាញពលរដ្ឋឲ្យធ្វើសកម្មភាពខុសច្បាប់នានា ដូចជាធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាដើម។
សម្ដេចបានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរ ចុះធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកនូវមតិយោបល់ ទស្សនៈ និងក្ដីកង្វល់នានារបស់ពួកគាត់ ហើយរួមគ្នាដោះស្រាយ និងឆ្លើយតបឲ្យបានសមស្រប ទៅតាមតម្រូវការជាក់ស្ដែងនៅតាមមូលដ្ឋាននីមួយៗដែលពលរដ្ឋបានលើកឡើង។
មុននឹងបញ្ចប់សុន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងនិស្សិត ក្នុងខេត្តបាត់ដំបង សម្រាប់ការចាប់ផ្ដើមកសាងមណ្ឌលកីឡាហែលទឹក និងការបន្តសាងសង់បណ្ណាល័យ ដែលគ្រោងនឹងបញ្ចប់នាពេលខាងមុខនេះ ដើម្បីដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ៕