សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានច្រាំងចោត
នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានច្រាំងចោត» ដែលស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ផ្សេងទៀត នៅស្រុកសំឡូត ស្រុកបវេល ស្រុកឯកភ្នំ និងស្រុកកំរៀង ខេត្តបាត់ដំបង ដែលត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិការហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយ ដែលបានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលស្ពានច្រាំងចោត និងបណ្ដាស្ពាន៤កន្លែងផ្សេងទៀត តាមបណ្ដាស្រុកក្នុងខេត្តបាត់ដំបង ហើយសម្ដេចសូមថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណៈការ និងដឹកជញ្ជូន កងវិស្វកម្ម គណៈអភិបាលខេត្ត និងក្រុមការងារពាក់ព័ន្ធ ដែលបានរួមសហការគ្នាធ្វើឲ្យសម្រេចបាននូវសមិទ្ធផលស្ពាន ដែលសម្ពោធដាក់ឲ្យប្រើប្រាស់យ៉ាងមហាឡារិកនៅថ្ងៃនេះ។
សម្ដេចបានមានប្រសាសន៍ថាកន្លងមក ស្ទឹងសង្កែ មានស្ពានឆ្លងតែ៣ប៉ុណ្ណោះ គឺស្ពានផ្លូវជាតិលេខ៥ ហៅថាស្ពានសោហ៊ឺ ស្ពានដែកទូលអឺហ្វែលនៅក្រុងបាត់ដំបង និងស្ពានមុខសាលាខេត្ត ដែលប្រើសម្រាប់តែម៉ូតូ និងថ្មើ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ស្ទឹងសង្កែមានស្ពានសរុបដល់ទៅ១៣ស្ពាន ដែលនេះ គឺជាការគិតគូរបស់រាជរដ្ឋាភិបាល ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋដែលត្រូវឆ្លងទៅឆ្លងមកដើម្បីបំពេញសកម្មភាពក្នុងជីវភាពប្រចាំថ្ងៃ។
បន្ទាប់ពីពលរដ្ឋទទួលបានស្ពានឆ្លងកាត់ហើយ សម្ដេចបានសម្ដែងក្ដីសង្ឃឹមថាសិស្សានុសិស្សនឹងខិតខំប្រឹងប្រែងរៀនសូត្រ មន្ត្រីរាជការនឹងបង្កើនការបំពេញការងារឲ្យបានសកម្ម ប្រជាពលរដ្ឋនឹងខិតខំប្រឹងប្រែងធ្វើស្រែចំការ និងការរកទទួលទានផ្សេងៗ ពីព្រោះប្រទេសជាតិកំពុងមានសេចក្ដីសុខ និងសន្តិភាព ដែលផ្ទុយពីអតីតកាល ដែលតំបន់នេះ គឺជាសមរភូមិ ជាតំបន់ប្រយ័ត្នប្រយែងគ្រប់ពេលវេលា ដូច្នេះត្រូវរួមគ្នាកសាងជីវភាពគ្រួសារ និងកុំជឿតាមអ្នកនយោបាយដែលអូសទាញឲ្យធ្វើសកម្មភាពខុសច្បាប់។
សម្ដចបានសង្កត់ធ្ងន់ថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងពង្រីក និងពង្រឹងចំណងការទូតជាមួយគ្រប់មិត្តភក្ដិបរទេសទាំងអស់ ហើយបាននិងកំពុងអូសទាញអ្នកវិនិយោគអន្តរជាតិឲ្យមកបណ្ដាក់ទុនយ៉ាងច្រើនជាបន្តបន្ទាប់ ធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើន និងបានជះផលវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យពលរដ្ឋមានឱកាសទាញយកប្រយោជន៍ពីការអភិវឌ្ឍជាតិកាន់តែច្រើន ហើយលទ្ធផលអស់ទាំងនេះគឺកើតចេញពីកត្តា ដែលប្រទេសជាតិមានសន្តិភាព និងស្ថេរភាពនយោបាយ ដូចបច្ចុប្បន្ននេះ។
សម្ដេចបានបន្តទៀតថាបច្ចុប្បន្ននេះ អ្វីដែលយើងគួរតែរវល់នោះ គឺសូមគិតពីរឿងកូនរបស់យើងបានរៀនឬមិនបានរៀន? គិតពីរឿងមុខរបររីកចំរើន ឬក៏អត់? មានផ្ទះសម្បែងរស់នៅហើយឬនៅ? មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ឬនៅ? ហើយមានបញ្ហាប្រឈមនោះ ត្រូវលើកសំណូមពរមកអាជ្ញាធ និងរាជរដ្ឋាភិបាល ដូចជាការខ្វះខាតសាលារៀន ខ្វះស្ពាន ខ្វះផ្លូវ ប្រឡាយទឹក ឬសេវាសាធារណៈផ្សេងៗជាដើម ដែលការរវល់ និងការគិតគូពីបញ្ហាអស់ទាំងនេះហើយ ទើបនាំប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះ សម្ដេចបានជំរាបជូនប្រជាពលរដ្ឋថារាជរដ្ឋាភិបាល បានចាត់ចែងមន្ត្រីឲ្យរៀបចំវេទិការសាធារណៈជាប្រចាំ ដើម្បីទទួលយកកង្វល់ និងសំណូមពររបស់ពលរដ្ឋ ដែលជាយន្តការដើម្បីធានាថារាល់អ្វីដែលរាជរដ្ឋាភិបាល ឬអាជ្ញាធរបានផ្ដល់មកឲ្យពលរដ្ឋ គឺពិតជាមានការគិតគូពីភាពចាំបាច់ និងជីវភាពរបស់ពួកគាត់ ពោលគឺមិនមែនប្រជាពលរដ្ឋកំពុងមានតម្រូវការផ្លូវ ប៉ុន្តែរដ្ឋបែរផ្ដល់ប្រឡាយទឹកនោះទេ។ សម្ដេចបានអំពាវនាវប្រជាពលរដ្ឋត្រូវហ៊ានឡើងបញ្ចេញមតិ ទស្សនៈ និងក្ដីកង្វល់ក្នុងជីភាពក្នុងវេទិកាសាធារណៈ។
ពាក់ព័ន្ធនឹងការដាក់ឲ្យប្រើប្រាស់ស្ពានថ្មីៗនៅថ្ងៃនេះវិញ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យអាជ្ញាធរខេត្ត និងស្រុក រៀបចំបំពាក់អំពូលស្រូបថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំភ្លឺសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចំណេញការប្រើប្រាស់ថាមពល ហើយសម្ដេចសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្បែរស្ពាន សូមចូលរួមថែរក្សាស្ពាន និងអំពូលភ្លើងជាដើម ដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង៕