សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរតាមមធ្យោបាយទោចក្រយានយន្តទូទាំងប្រទេស ដែលបានធ្វើឲ្យអត្រាមរណៈមានការថយចុះ
ជាថ្មីម្តងទៀត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរតាមមធ្យោបាយទោចក្រយានយន្តទូទាំងប្រទេស ដែលបានធ្វើឲ្យអត្រាមរណៈមានការថយចុះ ។
យោងតាមរបាយការណ៍លទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងរយៈពេល ១៣ថ្ងៃ (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩) បានបង្ហាញថា អត្រាមរណៈចំពោះអ្នកប្រើប្រាស់មធ្យោបាយទោចក្រយានយន្ត បានថយចុះ ៩នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពបានថយចុះ ៥នាក់ បើប្រៀបធៀបរយៈពេល ១៣ថ្ងៃ មុនការអនុវត្តយុទ្ធនាការ ។
ផ្អែកតាមលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ និងកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ ខ្ពស់របស់កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ សំដៅធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមមធ្យោបាយទោចក្រយានយន្តទាំងអស់ពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា ហើយខ្ញុំក៏សូមការអធ្យាស្រ័យចំពោះការដាក់ចេញវិធានការឃាត់ទុកមធ្យោបាយធ្វើដំណើរ ដើម្បីតម្រូវឲ្យបងប្អូនទិញ ឬរកមួកសុវត្ថិភាព មកពាក់ឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យបន្តដំណើរ ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ប្រកប ដោយភាពម្ចាស់ការ និងស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ តាមគោលការណ៍ច្បាប់កំណត់ ។
ទោះបីជាការអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពមួយរយៈនេះ ទទួលបានលទ្ធផលវិជ្ជមានយ៉ាងណាក្តី ក៏ប៉ុន្តែអត្រាមរណៈនៅតែមានចំនួនច្រើន ហើយចំនួនអ្នករបួសនៅតែបន្តកើនឡើងដោយពុំទាន់មានសញ្ញាថមថយនៅឡើយ ។
ក្នុងនាមប្រធានប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប ។
សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែសេចក្ដីសុខ និងសេចក្តីចម្រើន គ្រប់ប្រការ ៕