សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជាអញ្ជើញទៅដល់ទីក្រុងអង់ការ៉ាប្រកបដោយសុវត្ថិភាព
នៅព្រឹកថ្ងៃច័ន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជាអញ្ជើញទៅដល់ទីក្រុងអង់ការ៉ាប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋតួកគី និងព្រះរាជាណាចក្រកម្ពុជា ។
ការអញ្ជើញទីដល់ទីក្រុងអង់ការ៉ា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូជាន់ខ្ពស់ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម Tayyip Sabri Erdil អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ។
នៅក្នុងឱកាសទទួលបដិសណ្ឋារកិច្ចនោះ ឯកឧត្តមTayyip Sabri Erdil បានសម្តែងសេចក្តីសប្បាយរីករាយ និងមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសម្តេចក្រឡាហោម ស ខេង និងគណៈប្រតិភូនាពេលនេះ នឹងទទួលបានជោគជ័យដោយផ្លែផ្កា ស្របតាមគោលការណ៍របស់ប្រមុខដឹកនាំប្រទេសទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រធានាធិបតី សាធារណរដ្ឋតួកគី នាពេលកន្លងមក ។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តម SULEYMAN SOYLU រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមនៃសាធារណរដ្ឋតួកគី ដែលបានអញ្ជើញគណៈប្រតិភូកម្ពុជាមកបំពេញទស្សនកិច្ចនាពេលនេះ ហើយបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជានាពេលនេះ ក៏ជាបង្ហាញពីការពង្រឹងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស គឺវិស័យសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈស្របតាមគោលការណ៍ឯកភាពរបស់ប្រមុខដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ ។
បន្ទាប់មកនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ អញ្ជើញពិនិត្យអគារស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសតួកគី ដែលរាជរដ្ឋាភិបាលបានជាវ និងកំពុងជួសជុលកែលំអរសម្រាប់ប្រើប្រាស់ បន្ទាប់ពីកម្ពុជា សម្រេចបង្កើតស្ថានទូតដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បន្ទាប់ពីអញ្ជើញទស្សនកិច្ចស្ថានទូតព្រះរាជាណាចក្រកម្ពុជា ម្ដេចក្រឡាហោម ស ខេង បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ច និងដាក់កម្រងផ្កា នៅសារមន្ទីរ ANITKABIR ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រ និងសម្ដែងការគោរពចំពោះវីរភាពនៃការតស៊ូដើម្បីឯករាជ្យភាព ប្រទេសតួគីរបស់វីរជនច្រើនរូប ដែលដឹកនាំដោយលោក MUSTAFA KEMAL ARATURK ។ ឥស្សរជនរូបនេះក៏ជាស្ថាបនិកបង្កើតសាធារណរដ្ឋតួកគីដែរ ។ នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានចារលើក្រាំងមាសទុកជាអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរនោះផងដែរ។
នៅក្នុងឱកាសញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗក្នុងប្រទេសតួកគី នោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូក្រសួងមហាផ្ទៃ បានអញ្ជើញបន្តធ្វើទស្សនកិច្ចនៅសារមន្ទីរវប្បធម៌ ANATOLIAN ដែលបង្កើតឡើងមុនគេនៅប្រទេសតួកគី កាលពីឆ្នាំ១៩២១ ដើម្បីប្រប្រមូល និងថែរក្សានូវបុរាណវត្ថុជាច្រើន ដែលជាភស្តុតាងបញ្ជាក់អំពីកាលប្រវត្តិនៃប្រទេសតួកគី មុននឹងឈានទៅបើកឲ្យមហាជនចូលទស្សនានៅឆ្នាំ១៩៤៨។
អញ្ជើញចាកចេញពីសារមន្ទីរ ANATOLIAN សម្ដេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរ បានបន្តអញ្ចើញទៅទស្សនកិច្ចតំបន់ HAMAMOU ដែលជាអតីតតំបន់ប្រមូលផ្ដុំដោយសំណង់អគារផ្ទះបុរាណ និងបានក្លាយជាតំបន់មិនរៀបរយមួយនៅក្នុងទីក្រុងអង់ការ៉ា ។ បន្ទាប់មកពីរដ្ឋាភិបាលតួកគីរៀបចំអភិវឌ្ឍន៍ឡើងវិញ ទីនេះបានក្លាយជាតំបន់ទេសចរណ៍បង្កប់នូវអតីតកាលជាច្រើន ហើយបានក្លាយជាតំបន់ទេសចរណ៍គម្រូ និងល្បីឈ្មោះក្នុងប្រទេសតួកគី និងតំបន់អឺរ៉ុប ។
នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅទីស្ដីការក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Suleyman Soylu រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី ។
មុនពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាណាចក្រកម្ពុជា និងឯកឧត្តម Suleyman Soylu រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី បានជួបពិភាក្សាទ្វេគ្នាភាគី ក្នុងបរិយាកាសប្រកបដោយមិត្តភាពយ៉ាងជិតស្និតបំផុត ដោយនៅក្នុងឱកាសនោះភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។