ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មាតុភូមិនិវត្តន៍ បន្ទាប់ពីបានបំពេញទស្សនកិច្ចកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីប្រកបដោយជោគជ័យ

នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញហើយ បន្ទាប់ពីសម្ដេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី ប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋតួកគី បានឲ្យដឹងថា ផ្អែកតាមស្មារតីនៃការឯកភាពដ៏ខ្ពស់រវាងប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីនាពេលកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម ស៊ូឡីម៉ាន ស៊ុយលូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកពាក់ព័ន្ធនឹងបម្រែបម្រួលជាសកលក្នុងបរិបទវិស័យសន្តិសុខអន្តរជាតិ ជាពិសេសបានផ្ដោតការយកចិត្តទុកដាក់លើសណ្ឋាន និងទម្រង់ថ្មីៗនៃបទល្មើស ដែលអាចបង្កផលប៉ះពាល់ និងហានិភ័យដល់សន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចពិភាក្សា និងផ្លាស់ប្ដូរយោបល់យ៉ាងជិតស្និតប្រកបដោយលទ្ធផលជាផ្លែផ្កា ភាគីទាំងពីរបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី» ដែលកិច្ចព្រមព្រៀងនេះ ដើរតួនាទីជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការបង្កើតក្របខណ្ឌរួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការទាំងនោះ ផ្ដោតលើឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់ បទល្មើសបច្ចេកវិទ្យា បទល្មើសសម្អាតប្រាក់ ការរត់ពន្ធទំនិញខុសច្បាប់ ការរត់ពន្ធទេសន្តប្រវេសន៍ ទេសន្តប្រវេសន៍ខុសច្បាប់ ព្រមទាំងការផ្លាសប្ដូរទស្សនកិច្ចដកបទពិសោធន៍ការងារ និងការបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងជួរកម្លាំងអនុវត្តច្បាប់របស់កម្ពុជា។

សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា ក្រៅពីចំណុចពិភាក្សា និងកិច្ចការសំខាន់ៗ ដែលស្ថិតក្នុងវិសាលភាពនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ភាគីទាំងពីរក៏បានឯកភាពកំណត់យកកិច្ចសហប្រតិបត្តិការលើការងារចំនួន៤បន្ថែមទៀត រួមមាន ការផ្លាស់ប្ដូរបទពិសោធន៍លើការងារគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅតាមទីប្រជុំជន, ការផ្លាស់ប្ដូរបទពិសោធន៍លើការពង្រឹង និងពង្រីកភាពជាដៃគូរវាងរាជដ្ឋាភិបាលជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ, កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលព្រំដែនទឹក និងការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីតួកគី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់អង្គភាពមួយចំនួនចំណុះក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី រួមមាននាយកដ្ឋានប្រឆាំងការរត់ពន្ធ និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង មជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពត្រួតពិនិត្យបទល្មើស នាយកដ្ឋានគាំទ្រ និងផែនការចរាចរណ៍ និងអង្គភាពកម្លាំងប្រតិបត្តិការពិសេស។

ជាការកត់សំគាល់ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញឯកឧត្តម ស៊ូឡីម៉ាន ស៊ូលូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប ហើយឯកឧត្តម បានទទួលយកការអញ្ជើញនេះដោយក្ដីរីករាយ៕

អត្ថបទដែលជាប់ទាក់ទង