សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញដល់ ទីក្រុងអង់ការ៉ា
ព្រឹកថ្ងៃច័ន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញដល់ ទីក្រុងអង់ការ៉ា ក្នុងដំណើរទស្សនកិច្ចផ្លូវការដើម្បីពង្រឹងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋតួកគី និងព្រះរាជាណាចក្រកម្ពុជា ។
នៅពេលអញ្ជើញដល់ទីក្រុងអង់ការ៉ា នាព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោក Tayyip Sabri Erdil អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ។
កិច្ចទទួលស្វាគមន៍នោះ លោក Tayyip Sabri Erdil បានសម្តែងសេចក្តីសប្បាយរីករាយ និងបានមានប្រសាសន៍បញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង និង គណប្រតិភូនាពេលនេះ នឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ដោយស្របតាមគោលការណ៍ របស់ប្រមុខដឹកនាំប្រទេសទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រធានាធិបតី សាធារណរដ្ឋតួកគី នាពេលកន្លងមក ។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តម SULEYMAN SOYLU រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី ដែលបានអញ្ជើញគណៈប្រតិភូកម្ពុជាមកបំពេញទស្សនកិច្ចនាពេលនេះ ហើយបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជានាពេលនេះ ក៏ជាបង្ហាញពីការពង្រឹងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺវិស័យសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈស្របតាមគោលការណ៍ឯកភាពរបស់ប្រមុខដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ ។
ដំណើរទស្សនកិច្ចរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពេលនេះគឺ គ្រោងនឹងជួបពិភាក្សាការងារជាមួយឯកឧត្តម SULEYMAN SOYLU រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅថ្ងៃអង្គារ៍ ទី៣០ ខែកក្កដា ស្អែកនេះ ៕