សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី
នៅល្ងាចថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់ឯកឧត្តម SULEYMAN SOLU រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម SULEYMAN SOLU រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ក្រៅពីជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី សម្ដេចក្រឡាហោមស ខេង ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតាមបណ្ដា អង្គភាពអនុវត្តច្បាប់ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគីផងដែរ៕