ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រារព្ធនៅខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ព្រមទាំងឯកឧត្តម លោកជំទាវ និងអង្គពិធី បានអញ្ជើញបង្ហោះប៉ោងៗ និងទស្សនារបាំជូនពរ មុននឹងបន្តស្ដាប់របាយការណ៍ស្ដីអំពីវឌ្ឍនភាពនៃសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងរបាយការណ៍ស្វាគមន៍របស់អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេច បានជំរាបអង្គពិធីថាការពន្យាពេលប្រារព្ធពិធីអបអរសាទរទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺដោយសារទិវានេះបូកផ្សុំនឹងការអំពាវនាវសុំជំនួយពីសប្បុរសជន ដូច្នេះការពន្យារពេលមួយរយៈ គឺក៏ដើម្បីសម្រួលដល់ការរៀបចំថវិកាសប្បុរសជនដែរ។

សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរសាខាកាកបាទក្រហមខេត្តបាត់ដំបង ដែលកាលពីឆ្នាំ២០១៨កន្លងទៅបានប្រើប្រាស់ថវិកាជាង២លានដុល្លារ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងវិនិយោគទៅលើការផលិតទឹកសុទ្ធ ហើយសម្ដេចពិតជាត្រកអរ ចំពោះការប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព និងជួយប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណគ្រប់ភាគី ដែលបានរួមសហការគ្នាជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា និងតាមតម្រូវការចាំបាច់ ទាំងការសង្គ្រោះប្រជាពលរដ្ឋក្នុងរណីជួបគ្រោះមហន្តរាយធម្មជាតិ ជនក្រីក្រ ជនមានពិការភាព និងការរួមគ្នាកសាងសមិទ្ធផលសាធារណៈជាច្រើនទៀត ដើម្បីបំរើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចបានគូសបញ្ជាក់ថា ការជួយសង្គ្រោះ និងការជួយកសាងសមិទ្ធផលផ្សេងៗ គឺសុទ្ធតែទាមទារនូវការប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព ដើម្បីឆ្លើយតបទឹកចិត្តសប្បុរសរបស់សប្បុរសជននានា ដែលបានចំណាយថវិកាចូលរួមក្នុងកិច្ចការសង្គ្រោះពលរដ្ឋ ពិសេសការចែករំលែកធនធានមកសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចក្រឡាហោម ក៏បានប្រកាសសន្យាជាឱឡារិកចំពោះសម្ដេចប្រធាន ចំពោះសប្បុរសជនទាំងអស់ និងជាពិសេសចំពោះមុខសញ្ញាដែលត្រូវជួយសង្គ្រោះ ថាថវិកាទាំងអស់នេះ នឹងត្រូវបានគ្រប់គ្រងចាត់ចែងប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ តម្លាភាព យុត្តិធម៌ និងដោយមិនមានប្រកាន់និន្នាការនយោបាយឡើយ។

ជាមួយគ្នានេះ សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធី អំពីប្រភពថវិការបស់សាខាកាកបាទក្រហមខេត្ត ដែលសម្ដេចបានអះអាងថាយ៉ាងហោចណាស់មាន៣ប្រភព ទី១បានមកពីថ្នាក់ជាតិ ទី២បានមកពីសប្បុរសជន និងប្រភពទី៣បានមកពីកាវិយោគផ្ទាល់ ហើយសម្ដេចសូមលើកទឹកចិត្តការវិនិយោគផ្ទាល់ ដូចជាការផលិតទឹកសុទ្ធជាដើម។

សម្ដេច ក៏បានណែនាំឲ្យសាខាកាកបាទក្រហមខេត្តបាត់ដំបង ត្រូវប្រជុំរៀបចំចាត់ចែងប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជននៅថ្ងៃនេះឲ្យបានច្បាស់លាស់ និងបានណែនាំឲ្យយកថវិកា១លានដុល្លារពីថវិកាដឺលទទួលបានសរុបទៅទុកដាក់នៅធនាគារណាមួយដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីបានការប្រាក់បន្ថែមចំណូល។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រសិទ្ធពរជ័យសិរីបវរមហាប្រសើរ ជូនចំពោះសប្បុរសជន ដែលបានចូលរួមចែករំលែកធនធានថវិកាជូនសាខាកាកក្របាទក្រហមខេត្តបាត់ដំបង នឹងបានអញ្ជើញទទួលថវិកាពីបណ្ដាសប្បុរសជនជាបន្តបន្ទាប់ ដែលថវិការសរុបមានប្រមាណ១លាន៥សែនដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង