ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៩ រៀបចំនៅក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៩ រៀបចំនៅក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម កិច្ចប្រជុំបានស្ដាប់របាយការណ៍លម្អិតពាក់ព័ន្ធនឹងការងារចរាចរណ៍ ក្នុងនោះមានលិខិតបទដ្ឋានសំខាន់ៗ ការផ្សព្វផ្សាយអប់រំច្បាប់ ការងារឯកទេសជំនាញ ការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណជន ការសន្និដ្ឋានវាយតម្លៃ និងទិសដៅត្រូវអនុវត្តបន្ត។

ជាការកត់សំគាល់ ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង២១៧១លើក បណ្ដាលឲ្យស្លាប់១០៣៣នាក់ ក្នុងនោះជាង៧រយនាក់ជាអ្នកជិះម៉ូតូ, របួស៣២២៤នាក់ ក្នុងនោះភ្នំពេញ កំពង់ស្ពឺ និងព្រះសីហនុ មានគ្រោះថ្នាក់ច្រើនជាងគេ។ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ កើន៥៣៨លើក ស្មើនឹង៣៣ភាគរយ ស្លាប់កើន១០៣នាក់ និងរបួសកើន៨២៧នាក់។

កិច្ចប្រជុំបានបន្តស្ដាប់ចំណាប់អារម្មណ៍របស់តំណាងគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ស្ដីពីវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការកកស្ទះចរាចរណ៍, ខេត្តព្រះសីហនុស្ដីអំពីការជំរុញការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ព្រមទាំងចំណាប់អារម្មណ៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញថ្លែងសុន្ទរកថា និងផ្ដល់មតិណែនាំទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានមានប្រសាសន៍ថាស្ថានភាពចរាចរណ៍ផ្លូវគោកកំពុងមានការវិវឌ្ឍន៍ប្រែប្រួលថ្មី ជាមួយកំណើនសេដ្ឋកិច្ចជាតិធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា សកម្មភាពធុរកិច្ចកាន់តែប្រសើរ ធ្វើឲ្យការទិញមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ មានកំណើនជាង៣០ភាគរយធៀបនឹងឆ្នាំ២០១៨។

កំណើននេះក៏ដើរទន្ទឹមគ្នានឹងកំណើនគ្រោះថ្នាក់ចរាចរណ៍ដែរ ដោយសម្ដេចបានបន្តគូសបញ្ជាក់ថាក្នុងរយៈពេល៦ខែដើមឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ដែលកើនឡើង៥២៨លើក មានអ្នកស្លាប់កើន១០៣នាក់ និងរបួសជាង៨ពាន់នាក់នេះ បានប៉ះពាល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅប្រជាពលរដ្ឋ ដោយសារកត្តាផ្លូវថ្នល់ចង្អៀត អ្នកបើកបរខ្លាចនគរបាលជាងខ្លាចច្បាប់ កង្វះគុណភាពអ្នកបើកបរ ការគ្រប់គ្រងមធ្យោបាយយានជំនិះ ការគ្រប់គ្រងយានដ្ឋាន និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស។

ដើម្បីធ្វើឲ្យប្រសើរឡើងនូវការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆមាសទី២ ឆ្នាំ២០១៩ ពិសេសការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម បានស្នើដល់យន្តការដឹកនាំថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ត្រូវខិតខំជំរុញអនុវត្តឲ្យបានសម្រេចតាមផែនការសកម្មភាពស្ដីពីការអនុវត្តវិធានការបន្ទាន់ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងខិតខំអនុវត្តកិច្ចការសំខាន់ៗផ្សេៗទៀត ដែលបានដាក់ចេញក្នុងរបាយការណ៍។

សម្ដេចបានជំរុញឲ្យបង្កើនការផ្សព្វផ្សាយ និងអប់រំពលរដ្ឋ នៅតាមសហគមន៍ និងខ្នងផ្ទះ សិស្សនៅតាមសាលារៀន និងទៅដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ហើយមន្រ្តីអនុវត្តច្បាប់នៅតាមមូលដ្ឋានត្រូវបង្កើនការពង្រឹងវិធានច្បាប់ ក្នុងនោះអ្នកជិះម៉ូតូបើមិនពាក់មួកសុវត្ថភាព នគរបាលត្រូវតែឃាត់ទុក ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ឬទិញមួកមកពាក់ ឬបើគ្មានថវិការទិញ ត្រូវធ្វើកិច្ចសន្យាពាក់មួកសុវត្ថិភាព ហើយថតរូបទុក ទើបអនុញ្ញាតឲ្យបន្តដំណើរ។

ក្រៅពីនេះ សម្ដេចបានណែនាំឲ្យបង្កើនការដាក់កម្លាំងល្បាតពិនិត្យទប់ស្កាត់បទល្មើសតាមដងផ្លូវជាតិលេខ៤ លេខ៥ អំពីការបើកបរល្មើសល្បឿនកំណត់ ការដឹកលើសចំណុះសំពីងសំពោង ការបើបបរក្នុងស្ថានភាពស្រវឹង ការវ៉ាជែងប្រថុយប្រថាន និងការចតខុសច្បាប់ ត្រូវបង្កើនការស្រាវជ្រាវចាប់ជនល្មើសបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បង្កើនការបំពាក់កាមេរ៉ាសុវត្ថិភាពនៅភ្នំពេញ និងព្រះសីហនុ និងពង្រឹងសមត្ថភាពមន្ត្រីអនុត្តច្បាប់ទាំងអស់។

ជាមួយគ្នានេះ សម្ដេចបានណែនាំក្រសួងសាធារណៈការ និងដឹកជញ្ជូនត្រូវពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការបំពាក់ភ្លើងសញ្ញា គំនូស និងបរិក្ខាសុវត្ថិភាព ពង្រឹងសាលាបង្រៀនបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយភាគីពាក់ព័ន្ធ ពិសេសគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ត្រូវរៀបចំក្រុមការងារវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយត្រូវគិតគូរផងដែរអំពីការរៀបចំចំណតរថយន្ត។

ជាចុងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមយ៉ាងម៉ុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ពុជានឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរឡើង ដើម្បីកាត់បន្ថយអត្រាស្លាប់ របួស ដែលកំពុងមានកំណើនគួរឲ្យព្រួយបារម្ភ៕

អត្ថបទដែលជាប់ទាក់ទង