សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីកិច្ចផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេស និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
នៅព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន្ត បានអញ្ជើញឡើងថ្លែងជូនអង្គប្រជុំថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ការធ្វើជំរឿនស្ថិតិជនបរទេសបែបអន្តោប្រវេសន្តបង្ហាញថាមាន៤៩៦០៣គ្រួសារ ស្មើនឹង១៨២៦៧៣នាក់ និង១១សញ្ជាតិ ក្នុងនោះបានដកហូតឯកសារមិនប្រក្រតី៣៧៤៤១ច្បាប់ស្មើនឹង៩៤.៩៨ភាគរយ រួមមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាបណ្ណ និងលិខិតឆ្លងដែន ពី២០០៩៣គ្រួសារ ស្មើនឹង៦៩៨៧១នាក់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន្ត បានទទួលពាក្យស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តចំនួន៧១៩៩១នាក់ ស្មើនឹង៣២៧៣៥គ្រួសារ ដែលមានសមាជិកសរុប១០៣០៤៧នាក់ និង១១សញ្ជាតិ និងបានទទួលពាក្យស្នើសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន៦២៥៣១នាក់ ស្មើនឹង២៨៥៧១គ្រួសារ មានសមាជិកសរុប៨៨១១២នាក់ និង១១សញ្ជាតិ ខណៈជនបរទេសដែលមិនស្ថិតក្នុងបញ្ជីគ្រប់គ្រងជនអន្តោប្រវេសន្តដូចបានរកឃើញខាងលើនឹងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។
ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានជំរាបជូនសម្ដេចក្រឡាហោម និងអង្គពិធី ថាលទ្ធផលទាំងនេះ មានអត្ថន័យបញ្ចប់នូវបញ្ហារ៉ាំរ៉ៃនានាទាក់ទងនឹងការដោះស្រាយជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា ជាមូលដ្ឋានបម្រើឲ្យការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅថ្ងៃខាងមុខ កាត់បន្ថយការរិះគន់គ្មានមូលដ្ឋានពីក្រុមដែលតែងតែយកបញ្ហានេះកេងចំណេញនយោបាយ បំភ្លើសបំប៉ោង និងបំភ័យពលរដ្ឋ ទប់ស្កាត់សកម្មភាពអសកម្មទាក់ទងនឹងការធ្វើឯកសាររដ្ឋបាលកម្ពុជាដោយខុសច្បាប់ឲ្យជនបរទេស រួមចំណែកបង្កើនចំណូលថវិការជាតិ ចូលរួមអនុវត្តអនុសញ្ញា កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស និងចូលរួមទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែននានា។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរថា និងផ្ដល់អនុសាសន៍ណែនាំទៅកាន់អង្គប្រជុំ ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីបង្ហាញអំពីលទ្ធផល និងទិសដៅសំខាន់ៗពាក់ព័ន្ធនឹងការងារអន្តោប្រវេសន្ត ដូចដែលឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងក្នុងរបាយការណ៍ ដោយសម្ដេចបានចាត់ទុកការងារគ្រប់គ្រងជនអន្តោប្រវេសន្ត គឺជាលទ្ធផលប្រកបដោយមោទកភាពបំផុត។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរអគ្គនាយកដ្ឋានអន្តោប្រវេសន្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើឲ្យការងារគ្រប់គ្រងជនអន្តោប្រវេសន៍ នៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងជំនឿចិត្ត ដ្បិតថាការងារនេះ បានក្លាយជាបញ្ហាប្រឈមស្ទើរគ្រប់បណ្ដាប្រទេស និងក៏ជាបញ្ហាចោទឡើងរបស់ពិភពលោកសព្វថ្ងៃនេះដែរ ដោយសារតែកត្តាប្រវត្តិសាស្ត្រផង កត្តាសង្គ្រាមផង និងការប្រែលប្រួលនិន្នាការនានានៅក្នុងសាកលលោកជាបន្តបន្ទាប់ផង។
សម្ដេចបានគូសបញ្ជាក់ថាបញ្ហាអន្តោប្រវេសន្តនៅកម្ពុជា បានចាប់ផ្ដើមកើតមានតាំងពីសម័យអានានិគមនិយមបារាំងមកម្លេះ ហើយការដោះស្រាយបញ្ហានេះ ក៏រដ្ឋអំណាចបានធ្វើឡើងជាបន្តបន្ទាប់ទៅតាមរបបនយោបាយនីមួយៗដែរ តាំងពីកំឡុងឆ្នាំ១៩៥០រហូតមកដល់បច្ចុប្បន្ន ដោយពេលខ្លះក៏បានដោះស្រាយតាមរយៈច្បាប់ ពេលខ្លះប្រើអំណាចបណ្ដេញចេញ ពេលខ្លះតាមរយៈការកាប់សម្លាប់ រហូតដល់ចុងក្រោយ ដែលកម្ពុជាមានច្បាប់ និងគោលនយោបាយយ៉ាងត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន្ត។
ជាក់ស្ដែងកាលពីខែកញ្ញាឆ្នាំ១៩៩៤ កម្ពុជាបានបង្កើតច្បាប់ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែកាលនោះការអនុវត្តមានភាពអូសបន្លាយច្រើន ដោយសារតែកត្តានយោបាយ រហូតដល់ចុងក្រោយនេះ ក្រសួងមហាផ្ទៃបានចាប់ផ្ដើមពង្រឹងការងារនេះដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងនោះរួមមានការធ្វើជំរឿនស្ថិតិជនបរទេស៣លើកដើម្បីចាត់វិធានការគ្រប់គ្រង វិភាគ វាយតម្លៃអំពីស្ថានភាពជនបរទេស ទប់ស្កាត់ការជ្រៀតចូលថ្មីៗដោយខុសច្បាប់ និងការដកហូតឯកសារមិនប្រក្រតីពីជនបរទេសតែម្ដង។
សម្ដេចបានសង្កត់ធ្ងន់ថាការដកហូតឯកសារមិនប្រក្រតីពីជនបទរទេស គឺជាកិច្ចការចំបាច់បំផុត ពីព្រោះតែជនបរទេសទាំងនោះ ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្ត ទាំងមិនមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រ ដែលប្រសិនបើមិនបានដោះស្រាយទាន់ពេលវេលានោះទេនោះ វាគឺជាកំហុសធំមួយរបស់មេដឹកនាំ។ ដូច្នេះទោះមានការប្រឈមយ៉ាងណាក៏ដោយ យើងត្រូវតែដកហូតឯកសារនោះត្រឡប់មកវិញ និងបានផ្ដល់ឱកាសឲ្យជនបរទេសទាំងនោះដាក់ពាក្យស្នើសុំសិទ្ធិជាជនអន្តោប្រវេសន្ត និសុំសិទ្ធិរស់នៅទៅតាមកំណត់ច្បាប់។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង បានណែនាំមន្ត្រីពាក់ព័ន្ធកត់សំគាល់អំពីបញ្ហាសំខាន់ៗមួយចំនួន ដោយសម្ដេចបានមានប្រសាសន៍ថាអាចនៅមានជនបរទេសខ្លះទៀតដែលមិនបានអនុវត្តតាមយន្តការកន្លងមក ដែលចំណុចនេះមានន័យថា ជនបរទេសទាំងនោះ មិនអាចបន្តរស់នៅក្នុងប្រទេសកម្ពុជាបានទៀតឡើយ ពោលគឺមន្ត្រីត្រូវតែអនុវត្តច្បាប់ដោយចាប់បញ្ជូនទៅប្រទេសកំណើតវិញ និងត្រូវវិធានការចំពោះមន្ត្រី ប្រសិនបើនៅតែបំពេញការងារបំពានច្បាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងជនអន្តោប្រវេសន្តនេះ។
ដោយឡែកពាក់ព័ន្ធនឹងទិសដៅភារកិច្ចបន្តទៀត សម្ដេចបានណែនាំឲ្យខិតខំបន្តបំពេញកិច្ចការនៅសេសសល់ឲ្យបានសព្វគ្រប់ ពិសេសការបញ្ចូលបញ្ជីឈ្មោះជនបរទេសទៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយសម្រាប់ឯកសារដែលបានដកហូតសម្ដេចណែនាំឲ្យរក្សាទុកមួយរយៈសិន។ ចំពោះសៀវភៅគ្រួសារជនអន្តោប្រវេសន្ត សម្ដេចបានណែនាំឲ្យមន្ត្រីត្រូវរៀបចំឲ្យបានច្បាស់លាស់ ហើយមន្ត្រីអនុវត្តត្រូវបំពេញការងារឲ្យបានម៉ត់ចត់បំផុតទៅតឆមច្បាបើកំណត់ ទាំងការគ្រប់គ្រងអ្នកមានឈ្មោះក្នុងបញ្ជី អ្នកមិនមានឈ្មោះក្នុងបញ្ជី និងអ្នកទើបចូលមកថ្មីៗ។
សម្ដេចបានណែនាំឲ្យអង្គភាពជំនាញបន្តពង្រឹងសមត្ថភាពមន្ត្រី តាមរយៈការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញថ្មីៗ ដោយសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា និងត្រូវណែនាំដល់ជនបរទេសអន្តោប្រវេសន៍ដែលមានឈ្មោះក្នុងបញ្ជីស្របច្បាប់ត្រូវគោរពតាមគោលការណ៍រយៈពេលត្រូវស្នើសុំបន្តសុពលភាពលើឯកសារពាក់ព័ន្ធ ដោយត្រូវមានវិធានការផាកពិន័យប្រសិនបើមានភាពយ៉ឺតយ៉ាវ និងត្រូវបង្កើនការផ្សព្វផ្សាយរាល់គោលការណែនាំ និងច្បាប់ទៅកាន់មន្ត្រីមូលដ្ឋានពាក់ព័ន្ធនឹងការគ្រប់គ្រងជនអន្តោប្រវេសន្ត។
ឆ្លៀតក្នុងឱកាសនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ពិសថ្នាក់ដឹនាំរាជធានីខេត្តដែលបានចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ឲ្យបង្កើនការយកចិត្តទុកលើបញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ ឬលាងលុយកខ្វក់ អំពើជួញដូរមនុស្ស និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕