ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣០ និងខួប២៥ឆ្នាំ នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD)

នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ៣កស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣០ និងខួប២៥ឆ្នាំ នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) ប្រារព្ធនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា ជប៉ុន(CJCC)។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរីករាយ ចំពោះការអញ្ជើញមកចូលរួមជាអធិបតីនៃព្រឹត្តិការណ៍ដ៏មានសារៈនាថ្ងៃនេះ ដោយសម្ដេចបានចាត់ទុកព្រឹត្តិការណ៍នេះ ថាមានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយសារនៅឆ្នាំ២០១៩នេះ គឺជាខួប២៥ឆ្នាំ នៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍ និងខួប២៥ឆ្នាំនៃការមានវត្តមាននៅកម្ពុជារបស់UNFPA។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចាប់តាំងពីការអនុម័តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងការភិវឌ្ឍ នៅទីក្រុងគែរ ប្រទេសអេស៊ីប កាលពីឆ្នាំ១៩៩៤ ការទទួលស្គាល់សិទ្ធិ សុខភាពបន្តពូជ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី និងយុវជន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្ន មានដំណើរការវិវត្តន៍គួរឲ្យកត់សំគាល់។

សម្ដេចបានបន្តថាបច្ចប្បន្ន ស្ត្រី និងយុវជន មានឱកាស និងជម្រើសច្រើនជាងមុន ស្ត្រីបានទទួលការអប់រំច្រើនជាងមុន ស្ត្រីបានចូលរួមក្នុងការងារសេដ្ឋកិច្ច និងសង្គមច្រើនជាងមុន ពិសេសស្ត្រីអាចកំណត់ពីចំនួនកូន និងគួរមានកូននៅពេលណា ដោយសារស្ត្រីបានទទួលព័ត៌មាន និងសេវាពន្យាកំណើត ការថែទាំសុខភាពក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូនជាមួយឆ្មបជំនាញ និងប្រកបដោយសុវត្ថិភាព។

សម្ដេចបានរំលឹកថាកាលពីឆ្នាំ១៩៩៨ រាជរដ្ឋាភិបាល បានបញ្ជាក់ច្បាស់ថាសុខភាពបន្តពូជ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក៏នៅតែបន្តទទួលស្គាល់ ថាការណ៍ដែលស្ត្រី និងក្មេងស្រី បានទទួលសិទ្ធិពេញលេញហើយ ទើបយើងអាចសម្រចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពបាន ហើយកាលនោះពាក់ព័ន្ធនឹងការងារនេះដែរ រាជរដ្ឋាភិបាលក៏បានចាប់ផ្ដើមធ្វើជំរឿនប្រជាជនឡើងវិញដែរ។

គឺនៅពេលធ្វើជំរឿនប្រជាជនឆ្នាំ១៩៩៨នោះហើយ ដែលសម្ដេចអះអាងបានសហការបំពេញការងារជិតស្និតជាមួយ UNFPA ដើម្បីរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលើកគម្រោងកម្មវិធីអភិវឌ្ឍន៍នានាក្នុងគោលដៅផ្ដល់ជម្រើសដល់ស្ត្រី និងក្មេងស្រី ព្រមទាំងក្រុមងាយរងគ្រោះ ដើម្បីលើកកម្ពស់ស្ថានភាពសុខភាព ចំណេះដឹងប្រជាពលរដ្ឋ សំដៅបង្កើនសុខមាលភាព និងជួយឲ្យស្ត្រី និងយុវជន ទទួលបានជីវិតដ៏ថ្លៃថ្នូរ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្នុងឋានៈជាប្រទេសហត្ថលេខីមួយក្នុងចំណោម១៧៩ប្រទេស កម្ពុជាបានដាក់បញ្ចូលបញ្ហាប្រជាជន និងកត្តាឌីណាមិកប្រជាសាស្ត្រ ទៅក្នុងដំណើរការនៃការរៀបចំផែនការអភិវឌ្ឍន៍ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់ៗ ដើម្បីឆ្លុះបញ្ចាំងអំពីការផ្ដល់សិទ្ធិដល់ស្ត្រី និងយុវជនកម្ពុជា ឲ្យមានការទទួលខុសត្រូវពេញលេញលើសុខភាពបន្តពូជ និងការពន្យាកំណើត។

បន្ថែមពីនេះ សម្ដេចបានបន្តថា យុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយជាតិប្រជាជន ព្រមទាំងផែនការយុទ្ធសាស្ត្រនារីរតនៈ បានបញ្ជាក់ច្បាស់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រី ដើម្បីសម្រេចបាននូវការទទួលបានជាសកលនូវសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ហើយក្នុងរយៈពេល១៥ឆ្នាំមកនេះ ការងារនេះបានទទួលលទ្ធផលល្អគួរឲ្យកត់សំគាល់។

សម្ដេចបន្តថា នៅខែវិច្ឆិកាខាងមុខ រាជរដ្ឋាភិបាលនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួមសន្និសីទអន្តរជាតិនៃខួប២៥ឆ្នាំនេះនៅទីក្រុងណៃរ៉ូប៊ី សាធាណរដ្ឋកេនយ៉ា ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនានា ផង ជាពិសេសក៏ដើម្បីអះអាងឡើងវិញនូវការប្ដេជ្ញាចិត្តផ្នែកនយោបាយក្នុងការគាំទ្រ និងអនុវត្តពេញលេញនូវកម្មវិធីសកម្មភាពរបស់សន្និសីទអន្តរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍ ដើម្បីឈានទៅសម្រេចបានតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលកំណត់ថាគ្មាននរណាម្នាក់ត្រូវបានទុកចោល។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងសេចក្ដីអបអរសាទរ និងវាយតម្លៃចំពោះសមិទ្ធិផលដែលUNFPAប្រចាំនៅកម្ពុជាសម្រេចបាន ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍដទៃទៀត ក្នុងរយៈកាល២៥ឆ្នាំមកនេះ ហើយសម្ដេចសូមអំពាវនាវ និងលើកទឹកចិត្តដល់UNFPA និងអង្គការដៃគូនានា បន្តកិច្ចសហការាគាំទ្រដល់កម្ពុជា ដើម្បីសម្រចបានជោគជ័យថ្មីៗបន្ថែមទៀតដែលជាសេចក្ដីប្រាថ្នារួម។

ជាចុងបញ្ចប់នៃសុន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញមោទកភាពដែលសម្ដេចមានឱកាសបន្តផ្ដល់ការគាំទ្រក្នុងការងារលើកកម្ពស់សិទ្ធិ និងសុខភាពបន្តពូជ សមភាពយេនឌ័រ និងការចូលរួមរបស់យុវជន និងបានផ្ដល់អនុសាសន៍ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការល្អជាមួយគ្នាបន្ថែមទៀត និងត្រូវរៀបចំទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជន និងការលើកកម្ពស់សុខមាលភាពប្រជាជន ជាពិសេសសុខភាពបន្តពូជរបស់ស្ត្រី និងក្មេងស្រី៕

អត្ថបទដែលជាប់ទាក់ទង