សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញគោរពវិញាណក្ខន្ធសពឧបាសិកា ស៊ុន យុត ត្រូវជាមាតាបង្កើតរបស់ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំខេត្តព្រៃវែង
នារសៀលថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញគោរពវិញាណក្ខន្ធសពឧបាសិកា ស៊ុន យុត ត្រូវជាមាតាបង្កើតរបស់ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំខេត្តព្រៃវែង។
នៅក្នុងសាររំលែកមរណទុក្ខផ្ញើជូនឯកឧត្តម ព្រុំ សុខា នាថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសម្ដែងសេចក្ដីតក់ស្លុតក្ដុកក្ដួលឥតឧបមា និងសូមចូលរួមសម្ដែងនូវការសោកស្ដាយយ៉ាងក្រៃលែង ចំពោះមរណភាពឧបាសិកា ស៊ុន យុត កាលពីថ្ងៃពុធ ២កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។
ក្នុងសារលិខិតដដែលសម្ដេចនាយករដ្ឋមន្ត្រីស្ដីទីបានសរសេរទៀតថា មរណភាពរបស់ឧបាសិការ ស៊ុន យុត គឺជាការបាត់បង់ម្ដាយ ម្ដាយក្មេកនិងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុត ដែលកន្លងមក ឧបាសិកាតែងលះបង់កម្លាំងកាយ និងស្មារតីដោយមិនខ្លាចការនឿយហត់ ខិតខំចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានបុត្រធីតា និងចៅៗប្រកបដោយគន្លងធម៌ រហូតបានក្លាយជាឥស្សរជនជាន់ខ្ពស់ ជាបញ្ញាវន្ត និងជាធនធានដ៏មានសារៈប្រយោជន៍សម្រាប់សង្គមជាតិ។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេចផ្ទាល់ព្រមទាំងលោកជំទាវ សម្ដេចបានសម្ដែងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយឯកឧត្តម ព្រុំ សុខា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសបួងសួងដល់ដួងវិញាណក្ខន្ធរបស់ឧបាសិកា ស៊ុន យុត បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕