ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃសៅរ៍ ១២ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រារព្ធនៅសាលាខេត្តព្រះសីហនុ។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានស្ដាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តម យន្ត មីន អំពីលទ្ធផលការងារក្នុងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តមនាពេលកន្លងមក ហើយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអានព្រះរាជក្រឹត្យផ្ទេរភារកិច្ចឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ មុននឹងឯកឧត្តមថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា មានប្រសាសន៍សំណេះសំណាល និងផ្ដល់មតិណែនាំ ដោយជាកិច្ចចាប់ផ្ដើម សម្ដេចក្នុងនាមរាជរដ្ឋាភិបាលបានសម្ដែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ ដែលបានរួមសាមគ្គីគ្នាបំពេញការងារទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។

សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ដែលបានផ្ដល់ការគាំទ្រយ៉ាងសកម្មដល់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើឲ្យខេត្តភាគនិរតីមួយនេះ មានការអភិវឌ្ឍ រីកចំរើនជាបន្តបន្ទាប់ បើទោះបីជាមកដល់ពេលនេះ ខេត្តនៅមានបញ្ហាប្រឈមសេសសលជាច្រើនទៀតក្ដី។

សម្ដេចក៏សូមកោតសរសើររដ្ឋបាលខេត្តព្រះសហនុ ដែលបានបំពេញការងារជួយសង្គ្រោះជនរងគ្រោះករណីបាក់រំលំអគារប្រកបដោយការទទួលខុសត្រូវ។សម្ដេចឧបនាយករដ្ឋមន្ត្រី បានទាញចំណាប់អារម្មណ៍អង្គពិធីឲ្យកត់សំគាល់អំពីលក្ខណៈសម្បត្តិ៥យ៉ាងដែលត្រូវតែមាននៅខេត្តព្រះសីហនុ គឺការការពារបរិស្ថានជាពិសេសតំបន់ឆ្នេរ រៀបចំគោលនយោបាយលើកទឹកចិត្ត និងការពារអ្នកវិនិយោគ រក្សាអត្តសញ្ញាណជាតិក្នុងពេលស្រូបយកការវិនិយោគ ធានាបែងចែកផលនៃការអភិវឌ្ឍ ចៀសវៀងអ្នកមានមានកប់ពពក តែអ្នកក្រក្រដល់បាតដី និងថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ។

ជាមួយគ្នានេះ សម្ដេចបានបង្ហាញពីការរកឃើញបញ្ហាប្រឈម៥ចំណុច ដែលរដ្ឋបាលខេត្តព្រះសីហនុគប្បីយកចិត្តទុកដាក់ដោះស្រាយជាអាទិភាព រួមមានការដោះស្រាយទំនាស់ដីធ្លី ការគ្រប់គ្រងគុណភាពសំណង់ ការថ្លែរក្សាសន្តិសុខនៅកោះរ៉ុង និងបណ្ដាកោះនានា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវគមនាគមន៍ ការរៀបចំប្រព័ន្ធចម្រុះទឹកកខ្វក់ និងបណ្ដាញលូរំដោះទឹក ដើម្បីឲ្យស្របទៅនឹងស្ថានភាពនៃការអភិវឌ្ឍដ៏ឆាប់រហ័សនៅក្នុងខេត្តព្រះសីហនុ។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម បានក្រើនរំលឹកឲ្យរដ្ឋបាលខេត្តព្រះសីហនុ បន្តពង្រឹងថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ និងការប៉ុនប៉ងបង្ករអស្ថេរភាពពីក្រុមប្រឆាំង ដោយសម្ដេចបានគូសបញ្ជាក់ថា គឺកត្តាសន្តិភាព និងស្ថេរភាពនេះហើយ ដែលជាបង្អែកដ៏រឹងមាំនៃការអភិវឌ្ឍជាតិនិយាយជារួម និងនិយាយដោយឡែកគឺនៅក្នុងខេត្តព្រះសីហនុ ដែលកំពុងស្រូបយកយ៉ាងច្រើននូវការវិនិយោគ និងភ្ញៀវទេសចរណ៍។

ក្រៅពីនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីការអនុវត្តតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលថ្នាក់ជាតិ បាន និងកំពុងពន្លឿនការផ្ទេរសិទ្ធិអំណាច និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនការអភិវឌ្ឍនៅមូលដ្ឋាន និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ហើយសម្ដេចសូមឲ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មានការទទួលខុសត្រូវក្នុងការបំពេញការងារនេះ។

មុននឹងបញ្ចប់សន្ទរកថា ការមានប្រសាសន៍សំណេះសំណាល និងមតិណែនាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដាស់តឿនក្រើនរំលឹកជាថ្មីទៀតឲ្យក្រុមប្រឹក្សា គណៈអភិបាល ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បំពេញភារកិច្ចទៅតាមតួនាទី និងការទទួលខុសត្រូវ កុំប្រកាន់បក្សពួក និន្នាការ និងត្រូវមានស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ដោយឈរលើគោលការណ៍ច្បាប់ ដើម្បីឲ្យការបំពេញការងារបំរើជាតិ និងប្រជាពលរដ្ឋទទួលបានលទ្ធផលបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង