សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រារព្ធនៅសាលាខេត្តកំពង់ចាម
នៅរសៀលថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រារព្ធនៅសាលាខេត្តកំពង់ចាម។
ជាកិច្ចចាប់ផ្ដើម អង្គពិធីទាំងមូលបានស្ដាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តម គួច ចំរើន អំពីវឌ្ឍនភាពនៅក្នុងខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តមនាពេលកន្លងមកនេះ ហើយបន្ទាប់មកមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យតែងតាំងឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម មុននឹងឯកឧត្តមថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា មានប្រសាសន៍សំណេះសំណាល និងផ្ដល់មតិណែនាំទៅកាន់អង្គពិធី ដោយសម្ដេចបានរំលឹកឡើងវិញថាចាប់ពីក្រោយសម័យខ្មែរក្រហមមកដល់ពេលនេះ ខេត្តកំពង់ចាមបានឆ្លងកាត់អភិបាលខេត្តចំនួន១០រូបហើយ។
សម្ដេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងយ៉ាងច្រើន ដើម្បីអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាល ធ្វើឲ្យខេត្តកំពង់ចាមមានការរីកចំរើនគ្រប់វិស័យ ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរដែរ ដល់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងគាំទ្រដល់គ្រប់សកម្មភាពដែលនាំឲ្យសម្រេចបានជោគជ័យក្នុងខេត្តកំពង់ចាម ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការព្រឹងសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយក្ដីមោទនៈ។
សម្ដេចបានបញ្ជាក់ទៅកាន់អង្គពិធីអំពីមូលហេតុដែលថ្នាក់ដឹកនាំសម្រេចផ្ទេរឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាមទៅខេត្តព្រះសីហនុ គឺដោយសារឯកឧត្តមមានបទពិសោធន៍ដឹកនាំការងាររដ្ឋបាលរីកចំរើនទាំងកាលពីនៅរាជធានីភ្នំពេញ រហូតដល់ខេត្តកំពង់ចាម ដែលសមនឹងស្ថានភាពបច្ចុប្បន្នរបស់ខេត្តព្រះសីហនុ។
ចំណែកឯកឧត្តម អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារវិញ សម្ដេចបានមានប្រសាសន៍ថាឯកឧត្តម ក៏មានបទពិសោធន៍ដឹកនាំការងាររដ្ឋបាលរីកចំរើនដូចគ្នាដែរ ដូច្នេះគឺជាការត្រឹមត្រូវណាស់ ដែលរាជរដ្ឋាភិបាលសម្រេចផ្ទេរឯកឧត្តម គួច ចំរើន ទៅដឹកនាំខេត្តព្រះសីហនុ និងផ្ទេរឯកឧត្តម អ៊ុន ចាន់ដា មកដឹកនាំខេត្តកំពង់ចាម។
ពាក់ព័ន្ធនឹងស្ថានភាពខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទទួលស្គាល់ថារាជរដ្ឋាភិបាលពិតជាមានភាពចន្លោះប្រហោងខ្លះ នៅក្នុងស្ថានភាពដែលសន្ទុះវិនិយោគ និងការអភិវឌ្ឍក្នុងខេត្តភាគនិរតីមួយនេះមានល្បឿនលឿន និងរហ័សនាប៉ុន្មានឆ្នាំចុងក្រោយ ដែលធ្វើឲ្យកើតមានបញ្ហាខ្លះ។
សម្ដេចបានថ្លែងទទួលស្គាល់ការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន ចំពោះភាពខ្វះចន្លោះនេះ ប៉ុន្តែថារាជរដ្ឋាភិបាលមបានបង្ហាញការទំនួលខុសត្រូវដោះស្រាយបញ្ហាខ្វះចន្លោះ នៅក្នុងការងារគ្រប់គ្រងរដ្ឋបាលទូទៅនៃខេត្ត ព្រះសីហនុដែរ ហើយសម្ដេចក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានចាត់តាំងមន្ត្រីចុះទៅសិក្សា និងដោះស្រាយបញ្ហាជាបន្តបន្ទាប់ដែរ។
សម្ដេចបានមានប្រសាសន៍ថាអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត បានបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពនៃការប្រែប្រួលដ៏ឆាប់រហ័សនៅក្នុងខេត្តព្រះសីហនុ ពីព្រោះកំណើនវិនិយោគ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ សុទ្ធតែសេចក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល។
សម្រាប់ខេត្តកំពង់ចាមវិញ នៅក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តម អ៊ុន ចាន់ដា ដែលបានបង្ហាញឲ្យឃើញពីការត្រៀមខ្លួនបន្តការងារពីឯកឧត្តម គួច ចំរើន។ សម្ដេចសង្ឃឹម និងជឿជាក់ថាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនឹងបន្តការគាំទ្រការដឹកនាំរបស់អភិបាលខេត្តថ្មី។
ដោយឡែក សម្ដេចឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឲ្យរដ្ឋបាលខេត្ត បន្តយកចិត្តទុកដាក់ពង្រឹង និងថែរក្សាសេចក្ដីសុខ សន្តិភាព និងស្ថេរភាពបន្ថែមទៀត ពីព្រោះក្រុមអ្នកប៉ុនប៉ងបង្ករអស្ថេរភាពនៅតែចិញ្ចឹមចិត្ត ហើយបង្កើតឧបាយកលនានា ដើម្បីបំផុសបំផុលក្រុមអ្នកគាំទ្រឲ្យងើបឡើងប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ទន្ទឹមនឹងនេះ សម្ដេចបានដាស់តឿនក្រើនរំលឹកឲ្យអាជ្ញាធរខេត្ត ស្រុក និងឃុំសង្កាត់ ក្នុងខេត្តកំពង់ចាម ត្រូវបំពេញការងារបំរើប្រជាពលរដ្ឋឲ្យបានល្អ និងកុំប្រកាន់និន្នាការនយោបាយ ហើយត្រូវរួមគ្នាធ្វើវេទិការសាធារណៈជាមួយពលរដ្ឋ ដើម្បីទទួលយកក្ដីកង្វល់ និងសំណូមពររបស់ពួកគាត់ មកដោះស្រាយឲ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាជាច្រើនទៀត ក្នុងនោះបញ្ហាគ្រឿងញៀនក៏ជាក្ដីកង្វល់ធំមួយដែរ ដោយសម្ដេចបានរំលឹកឡើងវិញឲ្យមន្ត្រីមានសមត្ថកិច្ចត្រូវប្រកាន់គោលការណ៍"កុំ៤" គឺ"កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍" ពាក់ព័ន្ធនឹងគ្រឿងញៀន។
នៅក្នុងកាសនេះដែរ សម្ដេចបានបន្តមានប្រសាស៍អំពីដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះមានដូចជាការផ្ទេរសិទ្ធិ អំណាច និងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ការកែទម្រង់រចនាសម្ព័ន្ធក្រុងស្រុកខណ្ឌ និងការបង្កើនថវិកាអភិវឌ្ឍន៍មកឲ្យក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយសម្ដេចជឿជាក់ថាគ្រប់ភាគីនឹងចូលរួមអនុវត្តការងារអាទិភាពទាំងនេះបានល្អ។
ជាចុងបញ្ចប់នៃសុន្ទរកថា ការមានមតិសំណេះសំណាល និងផ្ដល់មតិណែនាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងក្រុងស្រុក ក្នុងខេត្តកំពង់ចាមរួមគ្នាបំពេញការងារទៅតាមតួនាទី និងការទទួលខុសត្រូវ និងបន្តថែរក្សាវប្បធម៌រួបរួមសាមគ្គីគ្នាក្នុងការបំពេញការងារបំរើជាតិ និងប្រជាពលរដ្ឋ៕