សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឯកឧត្តមនឹងត្រូវបញ្ចប់អាណត្តិការទូត
នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឯកឧត្តមនឹងត្រូវបញ្ចប់អាណត្តិការទូត។
ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃជាច្រើនដែលឯកឧត្តមក្នុងឋានៈជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបង្កើតនូវកិច្ចសហប្រតិបត្តិការ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរជាបន្តបន្ទាប់។ សម្ដេចក៏បានថ្លែងអំណរគុណ អាល្លឺម៉ង់ដែលបានជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ជាបន្តបន្ទាប់។ សម្ដេចសង្ឃឹមថាឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់ នឹងបន្តធ្វើនូវអ្វីដែលឯកឧត្តមបានកសាងកន្លងមក ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់រឹងមាំបន្ថែមទៀត។
សម្ដេចក៏បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតដែរថាពាក់ព័ន្ធនឹងវិស័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អាល្លឺម៉ង់បានជួយកម្ពុជាយ៉ាងច្រើនលើកិច្ចការនេះ ។ សម្ដេចបានបញ្ជាក់ថាក្នុងរយៈពេលមួយឆ្នាំកន្លះទៀតនេះ កម្ពុជានឹងបញ្ចប់រយៈពេលកំណត់១០ឆ្នាំនៃការអនុវត្តផែនការជាតិកំណែទម្រង់វិមជ្ឈការរបស់ខ្លួន ដែលនេះ គឺជាកិច្ចការមួយដ៏សំខាន់ក្នុងការផ្ទេរធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តឲ្យបានជោគជ័យនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ។
ជាការឆ្លើយតប ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្ដែងក្ដីរីករាយចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ហើយឯកឧត្តមបានជំរាបជូនសម្ដេចថាក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិការទូត ឯកឧត្តមពិតជារីករាយចំពោះការមើលឃើញនូវវឌ្ឍនភាពរបស់កម្ពុជា ហើយជាពិសេសអាល្លឺម៉ង់រីករាយនឹងការជួយកម្ពុជាក្នុងផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈមូលនិធិខុនរ៉ាត់ ដែលផ្ដោតលើវិស័យសុខាភិបាល អភិវឌ្ឍន៍ជនបទ និងកំណែទម្រង់ថ្នាក់ក្រោមជាតិ។
ឯកឧត្តមក៏បានសម្ដែងក្ដីរីករាយចំពោះគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង ទៅកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នាពេលខាងមុខ ដែលឯកឧត្តមគិតថា នេះគឺជាដំណើរទស្សនកិច្ចកម្រិតជាន់ខ្ពស់មួយរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំនេះ។ ឯកឧត្តមក៏បានសម្ដែងក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនគរបាលកម្ពុជា នៅក្នុងការជួយសម្រួលការងារពាក់ព័ន្ធនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម។
ពាក់ព័ន្ធនឹងគម្រោងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់នាពេលខាងមុខ សម្ដេចបានជំរាបថានៅក្នុងសមាសភាពនៃគណៈប្រតិភូ មានសមាសភាពមន្ត្រីជាន់ខ្ពស់មកពីស្ថានប័នពាក់ព័ន្ធមួយចំនួន ហើយសម្ដេចបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជានឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីយកមកបន្តអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបន្តទទួលការគាំទ្រពីប្រជាពលរដ្ឋ ព្រោះតែការផ្ដល់សេវាបានឆាប់រហ័ស និងតម្លាភាព ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល។
នៅក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងការអបអរសាទរចំពោះសម្ដេចក្រឡាហោម ស ខេង បន្ទាប់ពីក្រសួងមហាផ្ទៃ បានរៀបចំឲ្យមានវេទិការជជែកពិភាក្សារវាងអង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តមសូមលើកទឹកចិត្ត និងសម្ដែងក្ដីសង្ឃឹមជឿជាក់ថាតាមរយៈយន្តការនេះ នឹងធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលបំពេញភារកិច្ចកាន់តែងាយស្រួល និងស្របតាមបេសកកម្មរបស់ខ្លួន។
ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វិញថាក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល តែងតែចាត់ទុកក្រុមអង្គការសង្គមស៊ីវិលជាដៃគូធ្វើការជាមួយគ្នា។ សម្ដេចបានគូសបញ្ជាក់ថាតាមរយៈយន្តការវេទិការកន្លងមកនេះ គឺបានជួយរួមចំណែកពង្រឹងភាពជាដៃគូបន្ថែមទៀតរវាងរាជរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា៕