សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។
អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលបានរួមគ្នាធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងខេត្ត។
សម្ដេចក៏បានកោតសរសើរឯកឧត្តម អ៊ុន ចាន់ដា ដែលខិតខំប្រឹងប្រែងបំពេញតួនាទីជាអភិបាលខេត្តព្រះវិហារយ៉ាងសកម្មក្នុងរយៈពេលកន្លងមក ធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទូលថ្វាយព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្តកំពង់ចាមជំនួស ឯកឧត្តម គួច ចំរើន ដែលផ្លាស់ទៅដឹកនាំខេត្តព្រះសីហនុ។
សម្ដេចក៏បានបញ្ជាក់ដែរថាសម្រាប់ឯកឧត្តម ប្រាក់ សុវណ្ណ ដែលមកកាន់តំណែងអភិបាលខេត្តព្រះវិហារនាថ្ងៃនេះ ថ្វីដ្បិតថាមិនធ្លាប់បំពេញការងារនៅក្នុងខេត្តព្រះវិហារ ប៉ុន្តែគាត់ជាអតីតអ្នកតស៊ូរផ្ដូលរំលំរបបខ្មែរក្រហម ធ្លាប់បំពេញការងារជាអភិបាលស្រុករហូត រហូតក្លាយជាអភិបាលរងខេត្តស្វាយរៀង។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារ បន្តស្មារតីរួបរួមសាមគ្គីគ្នាក្នុងការបំពេញការងារបំរើជាតិ និងប្រជាពលរដ្ឋ បន្ទាប់ពីមានការផ្លាស់ប្ដូរតួនាទីអភិបាលខេត្ត ដែលជាដំណើរការធម្មតានៅក្នុងការងារគ្រប់គ្រងរដ្ឋបាល។
បន្ទាប់មក សម្ដេចបានបន្តក្រើនរំលឹកឲ្យបន្តពង្រឹងស្ថេរភាពនយោបាយ និងការចូលរួមជាវិជ្ជមាននៅក្នុងដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ប៉ុន្តែសម្ដេចក៏បានសង្កត់ធ្ងន់ដែរថាសកម្មភាពណាផ្ទុយពីច្បាប់យើងត្រូវតែចាត់វិធានការ និងត្រូវបង្កើនការអប់រំប្រជាពលរដ្ឋចៀសឲ្យផុតពីសកម្មភាពខុសច្បាប់ទាំងនោះ។
ទន្ទឹមនឹងនេះសម្ដេចបានណែនាំឲ្យរៀបចំវេទិការសាធារណៈជាមួយពលរដ្ឋឲ្យបានច្រើន និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីប្រមូលក្ដីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឲ្យទាន់ពេលវេលា និងត្រូវផ្ដល់ពេលវេលាឲ្យគាត់មានមតិឲ្យច្រើន និងត្រូវឆ្លើយតបប្រកបដោយឥរិយាបទសមរម្យ។
ដោយឡែកបញ្ហាគ្រឿងញៀនក៏ត្រូវបានសម្ដេចគូសបញ្ជាក់នៅក្នុងពិធីនេះដែរ ដ្បិតខេត្តព្រះវិហារជាខេត្តជាប់ព្រំដែន ដែលឧក្រិដ្ឋជនអាចនាំគ្រឿងញៀនឆ្លងចូលមកក្នុងប្រទេស។ សម្ដេចបានរំលឹកឡើងវិញនូវគោលការណ៍"៤កុំ"ពាក់ពន្ធនឹងបញ្ហាគ្រឿងញៀន គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំន្ធូរបន្ថយ និងកុំអន្តរាគមន៍។
សម្ដេចក៏បានណែនាំអាជ្ញាធរខេត្តព្រះវិហារ ត្រូវប្ដេជ្ញាគ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានព្រៃឈើឲ្យបានគង់វង្ស ដោយសម្ដេចបានសំដៅដល់ការការពារព្រៃឡង់ ដែលជាព្រៃដ៏ធំនៅអាស៊ីអាគ្នេយ៍ និងត្រូវទប់ស្កាត់ឲ្យបាននូវការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ទោះអ្នកប្រព្រឹត្តិនោះជានរណាក៏ដោយ។
មុននឹងបញ្ចប់ការមានប្រសាសន៍សំណេះសំណាល និងមតិណែនាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាថ្មីទៀតឲ្យថ្នាក់ដឹកនាំខេត្ត ទាំងក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវមានស្មារតីរួបរួមសាមគ្គីគ្នា កុំប្រកាន់បក្សពួក និងត្រូវគោរពតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អ៕