សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងការប្រគល់-ទទួលសម្ភារបរិក្ខារបច្ចេកទេសរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងការប្រគល់-ទទួលសម្ភារបរិក្ខារបច្ចេកទេសរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រារព្ធនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ។
យោងតាមរបាយការណ៍ថ្លែងដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និស្សិតជយលាភីត្រូវទទួលសញ្ញាបត្រពីសម្ដេចក្រឡាហោមនាថ្ងៃនេះ មានចំនួន១៥៩២នាក់ ក្នុងនោះមាននិស្សិតនារី៧៣៤នាក់ ថ្នាក់បរិញ្ញាបត្ររង៣០៤នាក់ បរិញ្ញាបត្រ១១៥៧នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់១៣៤នាក់។ ឯកឧត្តមក៏បានជំរាបជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីវឌ្ឍនភាពវិស័យអប់រំកម្ពុជា និងនៅក្នុងសាកលវិទ្យាល័យជាស៊ីមកំចាយមារ។
មុននឹងអញ្ជើញថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសុំអង្គពិធី អញ្ជើញក្រោកឈរសម្ដែងការគោរពចំពោះដួងវិញ្ញាណក្ខន្ធសពជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តព្រះសីហនុ និងបានជំរាបជូនអង្គពិធីអំពីតុល្យការចុងក្រោយនៃប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដែលឈានដល់ការបិទបញ្ចប់។
បន្ទាប់មកសម្ដេចក្រឡាហោម បានអញ្ជើញមានប្រសាសន៍សម្ដែងការអបអរសាទរ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអប់រំយុវជន និងកីឡា សាកលវិទ្យាល័យជាស៊ីមកំចាយមារ និងដៃគូទាំងអស់ ដែលបានរួមគ្នាធ្វើឲ្យសាកលវិទ្យាល័យមួយនេះមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការធ្វើទំនើបកម្មសម្ភារៈបំរើឲ្យការរៀន និង ការបង្រៀន និងការពង្រឹងគុណភាពនិស្សិត ចាប់តាំងពីសាកលវិទ្យាល័យនេះបង្កើតឡើងនៅឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ននេះ។
សម្ដេចបានបន្តមានប្រសាសន៍ចូលរួមសម្ដែងសេចក្ដីរីករាយជាមួយនិស្សិត និងក្រុមគ្រួសារនិស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រនៅថ្ងៃនេះទាំងអស់។ សម្ដចបានក្រើនរំលឹកឲ្យបន្តខិតខំរៀនសូត្រ និងង្កើនការស្រាវជ្រាវបន្ថែមទៀត ទោះជាកំពុងបំពេញការងារនានាក៏ដោយ ហើយសម្ដេចមានជំនឿថានិស្សិតទាំងអស់នឹងប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ពិសេសនិស្សិតដែលជាមន្ត្រីរាជការ។
ពាក់ព័ន្ធនឹងសាកលវិទ្យាល័យជាស៊ីមកំចាយមារ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ឲ្យរៀបចំកែសម្រួលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងសាកលវិទ្យាល័យ ដោយសម្ដេចណែនាំឲ្យរុះរើអគារបាក់បែកចេញ ដើម្បីសាងសង់សួនច្បារ ដាំដើមឈើឲ្យបានច្រើន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀត ដោយសម្ដេច និងក្រុមការងារ នឹងផ្ដល់ការគាំទ្រទាំងសម្ភារៈ និងបច្ចេកទេសទៅតាមតម្រូវការជាក់ស្ដែង។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តមប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់អំណោយជាសម្ភារៈតម្លៃប្រមាណ១លានដុល្លារអាមេរិក ជូនសាកលវិទ្យាល័យជាស៊ីមកំចាយមារ ដែលនេះគឺជាលទ្ធផលនៃការប្រឹងប្រែងរបស់សម្ដេចក្នុងការគៀងគររកការគាំទ្រផ្នែកសម្ភារៈបច្ចេកទេសពីម្ចាស់ជំនួយនានាទាំងជាតិ និងអន្តរជាតិ បន្ទាប់ពីសម្ដេចបានសាងសង់អគារសិក្សារួចរាល់ជូនសាកលវិទ្យាល័យ។
មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យគ្រប់ភាគីបន្តរួមគ្នាលើកកម្ពស់វិស័យសិក្សាធិការជាតិឲ្យកាន់តែរីកចំរើនខ្លាំងក្លា និងបានប្រកាសផ្ដល់ថវិកា និងសម្ភារៈមួយចំនួនជូនសាកលវិទ្យាល័យ ជូនសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត មុននឹងសម្ដេចអញ្ជើញបំពាក់គ្រឿងឥស្សរយយស មេដាយ និងផ្ដល់កិត្តយសជូសញ្ញាបត្រដល់និស្សិត៕