៣ថ្ងៃភ្ជុំបិណ្ឌ នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើងជាង១០នាក់ ថយជាងឆ្នាំមុន!
ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង ១៤នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ បានថយចុះសរុប១៦នាក់ ។
ការថយចុះនៃបទល្មើសបង្កដោយក្រុមក្មេងទំនើង គឺជាសញ្ញាណវិជ្ជមានមួយដែលស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថយចុះនេះដែរ ក៏បានស្ដែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសំដៅលុបបំបាត់ និងទប់ស្កាត់សកម្មភាពក្មេងទំនើងនៅតាមមូលដ្ឋាន។
កាលពីក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង សរុប៣០នាក់ ដោយភាគច្រើនបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ និងមណ្ឌលអប់រំកែប្រែ៕
ដោយកញ្ញា សេង សុខហ៊ុន
