ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង២០នាក់ របួសធ្ងន់ស្រាលជាង១០០នាក់!

ក្នុងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ២៦នាក់ និងរងរបួសធ្ងន់ស្រាល១០១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ គឺមានការកើនឡើង១៤ករណី ចំនួនអ្នកស្លាប់កើនឡើង១៦នាក់ និងអ្នករបួសកើនឡើង ៧១នាក់។

មូលហេតុនៃគ្រោះថ្នាក់ទាំងនេះ រួមមាន លើសល្បឿនកំណត់ ១៣ករណី មិនគោរពសិទ្ធិអាទិភាព ១០ករណី មិនប្រកាន់ស្តាំ ៦ករណី វ៉ាជែង៣ករណី ស្រវឹង១ករណី និងកត្តាយានយន្ត១ករណី។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។

ជារួមក្នុងរយៈពេល១៦ថ្ងៃគិតពីបិណ្ឌទី១ ដល់ថ្ងៃឈប់សម្រាកភ្ជុំចុងក្រោយ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សរុបចំនួន ១៤៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៨៦នាក់ និងរងរបួសធ្ងន់ស្រាល ២៥៨នាក់។ ចំនួននេះដែរ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គឺកើនឡើង២៦ករណី អ្នកស្លាប់កើនឡើង ៦នាក់ និងអ្នករបួសកើនឡើងចំនួន ១០២នាក់៕

ដោយលោក សេង បូលីន

អត្ថបទដែលជាប់ទាក់ទង