ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង

នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងសេចក្ដីអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងទាំងអស់ ដែលត្រូវបានក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនាមតំណាងប្រជាពលរដ្ឋ បោះឆ្នោតឲ្យកាន់តួនាទីក្រុមប្រឹក្សា នៅក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

ជាការពិតសមាជិកក្រុមប្រឹក្សាអាចមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នា ក៏ប៉ុន្តែនៅក្នុងអាណត្តិការងារ សម្ដេចបានណែនាំឲ្យក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបំពេញការាងារបំរើផលប្រយោជន៍ និងសេចក្ដីត្រូវការប្រជាពលរដ្ឋទាំងអស់ មិនត្រូវប្រកាន់និន្នាការនយោបាយឡើយ ហើយរាល់សេចក្ដីសម្រេចនានា ត្រូវឈរលើគោលការណ៍តម្លាភាព និងច្បាប់ជាធំ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណក្រុមប្រឹក្សា និងគណៈអភិបាលខេត្តបាត់ដំបង ដែលពេញមួយអាណត្តិកន្លងទៅ បានរួមសហការគ្នាបំរើប្រជាពលរដ្ឋលើគ្រប់វិស័យ ដូចជាការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ការជួយសង្គ្រោះពលរដ្ឋ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឲ្យប្រទេសមានសន្តិភាព និងអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វល់៧ភាគរយជារៀងរាល់ឆ្នាំ។

បន្ទាប់មកសម្ដេចឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោត ការវិវត្តន៍នៃស្ថានភាពសេដ្ឋ កិច្ចសង្គម និងទិសដៅការងារអាទិភាពនានា ដើម្បីឲ្យក្រុមប្រឹក្សា ដែលទើបចូលកាន់តំណែង និងអង្គពិធីទាំងមូល យកធ្វើជាមូលដ្ឋានគ្រឹះរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ឲ្យស្របទៅតាមសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាអាចរៀបចំត្រឹមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក៏បានដែរ ប៉ុន្តែដើម្បីងពង្រឹងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទៅដល់ថ្នាក់ក្រោម កម្ពុជាបានរៀបចំឲ្យមានការបោះឆ្នោតទាំងក្រុមប្រឹក្សាឃុំសង្កាត់ និងរាជធានីខេត្តក្រុងស្រុកខណ្ឌ ដើម្បីផ្ដល់សិទ្ធិជូនពលរដ្ឋជ្រើសរើសតំណាង និងផ្ទេរសិទ្ធិអំណាចនានាជូនតំណាងពួកគាត់។

ត្រង់ចំណុចនេះ សម្ដេចបានសម្ដែងការហួសចិត្តចំពោះការវាយតម្លៃខុសពីស្ថានភាពពិត អំពីប្រជាធិបតេយ្យនៅកម្ពុជា ដោយមជ្ឈានមួយចំនួនចេះតែនិយាយថាមានការធ្លាក់ចុះ ប៉ុន្តែបែរជាមើលមិនឃើញការពិតចំពោះអ្នកធ្វើសកម្មភាពខុសច្បាប់។ យ៉ាងណាក៏ដោយ សម្ដេចបានអំពាវនាវឲ្យរក្សាភាពនឹងនរ និងគ្រប់គ្រងស្ថានការផ្ទៃក្នុងឲ្យបានល្អ រួមគ្នារៀបចំការបោះឆ្នោតឲ្យទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយត្តិធម៌។

បន្ទាប់មក សម្ដេចក៏បានបន្តណែនាំក្រុមប្រឹក្សាខេត្តបាត់ដំបង ចាប់ផ្ដើមរៀបចំផែនការអភិវឌ្ឍន៍ខេត្តឲ្យបានល្អ ត្រៀមអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល បង្កើនយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្ដល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ពង្រឹងសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាមួយគណៈអភិបាល និងក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្ដេចបានបញ្ជាក់ថា នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ក្រសួងមហាផ្ទៃនឹងផ្ដោតលើការបង្កើនការផ្ទេរមុខងារ និងធនធានឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏មានការផ្ទេរបុគ្គលិកក្រសួងមហាផ្ទៃឲ្យថ្នាក់រាជធានីខេត្ត ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្នាក់ក្រុងស្រុកខណ្ឌ និងការបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុមកឲ្យរដ្ឋបាលឃុំសង្កាត់ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចំរើន។

សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីថាការងារសំខាន់ៗនេះ សុទ្ធត្រូវការការចូលរួមជំរុញការអនុវត្តពីក្រុមប្រឹក្សាទាំងរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ និងឃុំសង្កាត់ និងទាមទារឲ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងមន្ត្រីជាប់ឆ្នោតពីថ្នាក់រាជធានី ខេត្ត រហូតដល់ឃុំសង្កាត់ត្រូវពង្រឹងសមត្ថភាពបំពេញការងារ ក្នុងនោះក្រសួងក៏នឹងបង្កើនការបណ្ដុះបណ្ដាលបន្ថែមដែរ។

សម្ដេចក្រឡាហោមបានបន្តក្រើនរំលឹករដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ក្នុងខេត្តបាត់ដំបង ត្រូវរៀបចំវេទិការសាធារណៈឲ្យបានច្រើន ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋលើកសំណូមពរ និងក្ដីកង្វល់នានា ហើយត្រូវរួមគ្នាដោះស្រាយបញ្ហានោះឲ្យមានប្រសិទ្ធភាព និងត្រូវបញ្ជូនបញ្ហាដែលមិនអាចដោះស្រាយមកឲ្យក្រុមការងារថ្នាក់ជាតិ ដោយមិនត្រូវទុកកប់ទុកបញ្ហាឡើយ។

សម្រាប់ខេត្តបាត់ដំបង សម្ដេចបានណែនាំឲ្យរៀបចំប្រតិទិន និងកំណត់គោលដៅឲ្យបានជាក់លាក់ ដើម្បីរៀបចំវេទិការសាធារណៈនៅទូទាំងខេត្តឲ្យបានមុនពេលក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរៀបចំកិច្ចប្រជុំនៅក្នុងចន្លោះខែកក្កដាខាងមុខនេះ ដើម្បីប្រមូលបញ្ហាដែលអាចនៅសេសសល់មួយចំនួនយកមកដោះស្រាយ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារ ហើយមន្រ្តីត្រូវមានឥរិយាបទឆ្លើយតបឲ្យបានសមរម្យទៅកាន់ប្រជាពលរដ្ឋ។

ដោយឡែក សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ថាប្រជាពលរដ្ឋភាគច្រើនបានសម្ដែងសេចក្ដីរីករាយ និងពេញចិត្តជាខ្លាំងចំពោះយន្តការច្រកចេញចូលតែមួយដែលកំពុងដំណើរការនៅរដ្ឋបាលខេត្ត ក្រុងស្រុកខណ្ឌមួយចំនួន ទូទាំងប្រទេស ដោយសម្ដេចបានអំពាវនាវឲ្យមន្ត្រីបន្តពង្រឹងការអនុវត្តយន្តការនេះទៀត ដើម្បីឲ្យប្រជាពលរដ្ឋបន្តពេញចិត្តនឹងការមកទទួលសេវាផ្សេងៗពីការិយាល័យច្រកចេញចូលតែមួយ។


ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាជាមួយអាជ្ញាធរឃុំសង្កាត់ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្ការ ទប់ស្កាត់ការចរាចរណ៍ និងសេពគ្រឿងញៀន ការជួញដូរមនុស្ស ការប្រើប្រាស់អាវុធខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមមូលដ្ឋាន។

មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងព្រៃវែង បានក្រើនរំលឹកក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយឈរលើមូលដ្ឋានច្បាប់ ហើយសម្ដេចមានជំនឿថាគ្រប់សមាសភាព រួមទាំងប្រជាពលរដ្ឋ នឹងរួមគ្នាធ្វើឲ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង