សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង
នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង។
អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកសមាជិការក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលត្រូវក្រុមប្រឹក្សាឃុំសង្កាត់ក្នុងនាមតំណាងប្រជាពលរដ្ឋបោះឆ្នោតឲ្យកាន់តួនាទីក្រុមប្រឹក្សាអាណត្តិទី៣។
សម្ដេចបានណែនាំឲ្យសមាជិកសមាជិការក្រុមប្រឹក្សាទាំងអស់ ថាបើទោះជាមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ក្ដី ប៉ុន្តែនៅក្នុងអាណត្តិការងារ ត្រូវខិតខំបំរើផលប្រយោជន៍ និងសេចក្ដីត្រូវការប្រជាពលរដ្ឋទាំងអស់ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ហើយរាល់សេចក្ដីសម្រេចចិត្តនានា ត្រូវឈរលើគោលការណ៍តម្លាភាព។
សម្ដេចក៏បានថ្លែងអំណរគុណក្រុមប្រឹក្សា និងគណអភិបាល ដែលពេញមួយអាណត្តិកន្លងទៅ បានរួមសហការគ្នាបំរើប្រជាពលរដ្ឋលើគ្រប់វិស័យ ដូចជាការផ្ដល់សេវាសាធារណៈ ការជួយសង្គ្រោះពលរដ្ឋ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈពេលមួយអាណត្តិកន្លងទៅ។
បន្ទាប់មកសម្ដេចនាយករដ្ឋមន្ត្រីស្ដីទីបានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោត ការវិវត្តស្ថានភាពសេដ្ឋ និងកិច្ចសង្គម និងទិសដៅការងារអាទិភាពនានា ដើម្បីឲ្យក្រុមប្រឹក្សាទើបចូលកាន់តំណែង និងអង្គពិធីទាំងមូល យកធ្វើជាមូលដ្ឋានគ្រឹះ ក្នុងការរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ស្របតាមសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋ។
សម្ដេចក៏បានណែនាំក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំផែនការអភិវឌ្ឍន៍ខេត្តឲ្យបានល្អ អនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ចំពោះការផ្ដល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ពង្រឹងសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាមួយគណៈអភិបាល និងក្រុមការងារថ្នាក់ជាតិ។
សម្ដេចបានបញ្ចាក់ថា នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ក្រសួងមហាផ្ទៃនឹងផ្ដោតលើការបង្កើនការផ្ទេរមុខងារ និងធនធានឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏មានការផ្ទេរបុគ្គលិកក្រសួងមហាផ្ទៃឲ្យថ្នាក់រាជធានីខេត្ត ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្នាក់ក្រុងស្រុកខណ្ឌ និងការបង្កើនធនធានហិរញ្ញវត្ថុមកឃុំសង្កាត់។
សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីថាការងារសំខាន់ៗនេះ ត្រូវការការចូលរួមជំរុញការអនុវត្តពីក្រុមប្រឹក្សាទាំងរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ និងឃុំសង្កាត់ និងទាមទារឲ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងមន្ត្រីជាប់ឆ្នោតពីថ្នាក់រាជធានី ខេត្ត រហូតដល់ឃុំសង្កាត់ត្រូវពង្រឹងសមត្ថភាពបំពេញការងារ ក្នុងនោះក្រសួងក៏នឹងបង្កើនការបណ្ដុះបណ្ដាលបន្ថែមដែរ។
ពីវេទីការអធិបតីនៃពិធីប្រកាសចូលតំណែងក្រុមប្រឹក្សាខេត្តស្វាយរៀងនេះដែរ សម្ដេចក្រឡាហោមបានបន្តក្រើនរំលឹករដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ក្នុងខេត្តស្វាយរៀង រៀបចំវេទិការសាធារណៈឲ្យបានច្រើនដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋលើកសំណូមពរ និងក្ដីកង្វល់នានា ហើយត្រូវរួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាព ដោយមិនត្រូវកប់បញ្ហាចោលឡើយ។
ដោយឡែកយន្តការច្រកចេញចូលតែមួយ ត្រូវបានសម្ដេចគូសបញ្ជាក់ថាប្រជាពលរដ្ឋភាគច្រើនលើសលុបបានសម្ដែងក្ដីរីករាយ និងពេញចិត្ត ចំពោះយន្តការមួយនេះណាស់ ហើយក្នុងឱកាសនេះ សម្ដេចបានក្រើនរំលឹកឲ្យអាជ្ញាធរខេត្តពង្រឹងយន្តការច្រកចេញចូលតែមួយនេះបន្តទៀត ខណៈក្រសួងក៏កំពុងបង្កើតច្រកនេះបន្ថែមទៀតដែរ។
មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានក្រើនរំលឹកក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយឈរលើមូលដ្ឋានច្បាប់ ហើយសម្ដេចមានជំនឿថាគ្រប់សមាសភាព រួមទាំងប្រជាពលរដ្ឋ នឹងរួមគ្នាធ្វើឲ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕