សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៅវត្តបទុមវតី

នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៅវត្តបទុមវតី រាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

សម្ដេចក្រឡាហោម និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងថ្វាយបង្គំគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី គឺ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបារក្សាទីអារាមវត្តបុទមវតីរាជវរារាម ដើម្បីចំរើននូវសេចក្ដីសុខ និងសេចក្ដីជ្រះថ្លា ព្រមទាំងសមាទានសីល និងសម្ដែងព្រះធម៌ទេសនា ។ 

 

បន្ទាប់ពីបញ្ចប់កិច្ចសូត្រមន្តកាន់បិណ្ឌនាល្ងាចនេះ នាព្រឹកស្អែក សម្ដេចក្រឡាហោម នឹងអញ្ជើញនាំយកនូវចង្ហាន់ ព្រមទាំងទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេប្រគេនព្រះសង្ឃ ពហូទេវាដាឆ្លង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន អតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូឧបជ្ឈាយាចារ្យ ជីដូន ជីតា ដែលទ្រង់បានសោយព្រះទីវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយដល់ឥស្សរជន និងយុទ្ធជនបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីឲ្យកូនខ្មែរបានបំពេញនូវបុណ្យកុសល។ 

 

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់មួយដែលប្រជាពលរដ្ឋខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើឡើងជារាងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដោយចែកចេញជាពីរថ្នាក់ ក្នុងនោះចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬក៏ទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសជួបឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ៕

អត្ថបទដែលជាប់ទាក់ទង