ក្រសួងមហាផ្ទៃ ដាក់ដំណើរការប្រព័ន្ធស្នើសុំលិខិតអនុញ្ញាតបើកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន តាមប្រព័ន្ធឌីជីថល

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបានកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភា​ព ដោយកំណត់យកបច្ចេកវិទ្យាឌីជីថលជាអាទិភាពដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ។ ទន្ទឹមនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញជាគោលការណ៍ក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាមួយនឹងការកែទម្រង់ស៊ីជម្រៅលើការផ្ដល់សេវាសាធារណៈសម្រាប់ MSMEs តាមរយៈការបញ្ចូលសេវាអាទិភាព ពាក់ព័ន្ធនឹង MSMEs ទៅក្នុងប្រព័ន្ធអេកូឡូស៊ី នៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំ “លិខិតអនុញ្ញាតបើកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន” ទៅក្នុង “ថ្នាលសេវាសាធារណៈឌីជីថលក្រសួងមហាផ្ទៃ” ដើម្បីសម្រួលដល់ ការស្នើសុំ និង​​ការផ្តល់សេវា សាធារណៈក្នុងវិស័យសន្តិសុខឯកជនឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព។

ក្នុ​ងន័យនេះ អ្នកដែលមានបំណងបើកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែបំពេញព័ត៌មានលើពាក្យស្នើសុំបញ្ចូលឯកសារតម្រូវតាមការកំណត់ ព្រមទាំងអាចតាមដានស្ថានភាពនៃពាក្យស្នើសុំ និងទទួលបានព័ត៌មានពាក់ព័ន្ធនឹងដំណើរការផ្តល់សេវា រហូតដល់ទទួលបានលិខិតអនុញ្ញាត តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ សូមចូលទៅកាន់អាសយដ្ឋានដែ​លមានតំណភ្ជាប់ https://​pp​sm​​​.​int​e​rior​.go​v.kh​ ដើម្បីស្នើសុំ “លិខិតអនុញ្ញាតបើកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន”។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ ១២៨៩ ឬ ០៨១ ៨៨៨ ២៩៦

អត្ថបទដែលជាប់ទាក់ទង