ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តអន្សោង ស្ថិតនៅក្នុងឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តអន្សោង ស្ថិតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងសេចក្ដីរីករាយ និងសូមកោតសរសើរចំពោះកម្លាំងសាមគ្គីរវាងព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានា ដែលបានរួមគ្នាកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តអន្សោង ដែលសម្ពោធនៅថ្ងៃនេះ។

បន្ទាប់មកសម្ដេចបានមានប្រសាសន៍ទាញចំណាប់អារម្មណ៍អង្គពិធី អំពីភាពសុខដុមរមនាខាងសាសនានៅកម្ពុជា ដែលសំដៅដល់ការគោរពឲ្យតម្លៃគ្នារវាងអ្នកកាន់សាសនាផ្សេងគ្នាក្នុងសង្គម ដូចជារវាងអ្នកកាន់ព្រះពុទ្ធសាសនា ឥស្លាមសាសនា និងសាសនាគ្រិស្តជាដើម ដែលនេះគឺជាការរួមចំណែកធ្វើឲ្យសង្គមមានសេចក្ដីសុខ និងសន្តិភាពយូរអង្វែង។

ពីវេទិការអធិបតីនេះ សម្ដេចក្រឡាហោម បានសម្ដែងក្ដីរំភើព និងពេញចិត្តជាខ្លាំង នៅពេលបានឃើញអង្គពិធី ដែលកំពុងអង្គុយនៅចំពោះមុខសម្ដេចក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តអន្សោងនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកោះកុរ ពីសំណាក់ប្រជាពលរដ្ឋជាឥស្លាមសាសនិក បង្ហាញឲ្យឃើញពីការស្រលាញ់រាប់អាន ការចុះសម្រុង និងមិនរើសអើងគ្នា ហើយសម្ដេចបានអំពាវនាវឲ្យរក្សាវប្បធម៌រាប់អានគ្នានេះតទៅមុខទៀត។

ភ្ជាប់នឹងការរក្សាសេចក្ដីសុខ និងសន្តិភាពប្រទេស សម្ដេចបានបន្តមានប្រសាសន៍អំពីដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ថាចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជាបានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋបានជ្រើសរើសមេដឹកនាំទាំងថ្នាក់ជាតិ និងឃុំសង្កាត់ ដោយមានគណបក្សនយោបាយជាច្រើនចូលរួមប្រជែង។

បើទោះបីជាមិនទាន់ប្រសើរខ្លាំង ប៉ុន្តែសម្ដេចបានគូសបញ្ជាក់ថា គឺការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋនេះហើយ ដែលធ្វើឲ្យកម្ពុជាអាចរក្សាបានសុខ សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដូចសព្វថ្ងៃ ពោលគឺបើដឹកនាំដោយបក្សតែមួយ និងបំបិទសិទ្ធិពលរដ្ឋនោះ ច្បាស់ជាត្រូវដួលរលំដូចអតីតកាលមិនខានឡើយ។

យ៉ាងណាក៏ដោយ សម្ដេចបានមានប្រសាសន៍ថា យើងមិនត្រូវស្កប់ស្កល់នឹងអ្វីដែលកំពុងមានជាវិជ្ជមាននាសព្វថ្ងៃនេះទេ ពោលគឺគ្រប់គ្នាត្រូវបន្តរួបរួមសាមគ្គីគ្នា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើន និងរុងរឿងទៅមុខទៀត ដោយផ្ដើមចេញពីការរក្សាសន្តិភាពជាមូលដ្ឋានគ្រឹះ ក្នុងនោះការចូលរួមពីប្រជាពលរដ្ឋជា គឺកត្តាសំខាន់បំផុតមួយ។

សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាបង្ការ និងទប់ស្កាត់ កុំឲ្យកើតមានអំពើអសន្តិសុខក្នុងសង្គម តាមរយៈការចូលរួមអនវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកុំឲ្យមានអំពើលួចឆក់ប្លន់ អំពើហិង្សាគ្រប់រូបភាព ការសេព និងចែកចាយគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋានរបស់យើង។

ជាមួយគ្នានេះ សម្ដេចបានក្រើនរំលឹកឲ្យក្រុមការងាររាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន រៀបចំវេទិការសាធារណៈឲ្យបានច្រើន ដោយតម្រូវឲ្យពលរដ្ឋចូលរួមប្រមាណពី១រយទៅ២រយនាក់ក្នុងមួយលើកបានហើយ ដើម្បីងាយស្រួលឲ្យពួកគាត់លើកសំណូមពរ និងកង្វល់ ហើយក្រុមការងារ និងអាជ្ញាធរងាយស្រួលរៀបចំផែនការដោះស្រាយជូន។

បន្ទាប់ពីបានមានប្រសាសន៍សំណេះសំណាល់ និងផ្ដល់មតិណែនាំមួយចំនួន សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបញ្ជាក់ជូនអង្គពិធីថាសម្រាប់ការសាងសង់ឧបដ្ឋានសាលា ដែលនៅខ្វះខាតថវិកាជិត៣ម៉ឺនដុល្លារអាមេរិកនោះ សម្ដេចនិងក្រុមការងារនឹងរៀបចំថវិកាជួយបង្គ្រប់ជូនវត្តអន្សោង។

ជាចុងបញ្ចប់នៃការថ្លែងសំណេះសំណាល សម្ដេចក្រឡាហោម បានប្រកាសប្រគេនបច្ច័យ ឧបត្ថម្ភថវិការនិងសម្ភារៈជូនអង្គពិធី និងបានបំពាក់គ្រឿងឥស្សរយយស និងមេដាយស្ថាបនាជាតិ ប្រគេន និងជូនសប្បុរសជននានា មុននឹងសម្ដេចអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តអន្សោង៕

អត្ថបទដែលជាប់ទាក់ទង