ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Francisco da Costa Guterres រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម Francisco da Costa Guterres រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ ក្នុងជំនួបទ្វេភាគី នៅសណ្ឋាគារ Melia ក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន” នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦៕

























