ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៣

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៣។

មានប្រសាសន៍សំណេះសំណាលទៅកាន់ក្រុមប្រឹក្សាអាណត្តិថ្មី និងអង្គពិធី សម្ដេចក្រឡាហោម ស ខេង បានសម្ដែងសេចក្ដីរីករាយ និងអបអរសាទរ ចំពោះក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៣ ដែលត្រូវបានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតគាំទ្រឲ្យបំពេញការងារបំរើជាតិ និងប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាថ្វីដ្បិតតែក្រុមប្រឹក្សាមានសមាសភាពមកពីគណបក្សនយោបាយ តែតាមច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងប្រជាពលរដ្ឋក្នុងដែនរដ្ឋបាលរបស់ខ្លួន និងជាផ្នែកមួយនៃអំណាចនីតិបញ្ញត្តិ ដែលមានស្វ័យភាព និងអាចចាត់ចែងកិច្ចការមូលដ្ឋានដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋជាមួយគណៈអភិបាល។

បន្ទាប់មកសម្ដេចនាយករដ្ឋមន្ត្រីស្ដីទី បានមានប្រសាសន៍អំពីដំណើរការបោះឆ្នោត ការវិវត្តស្ថានភាពសេដ្ឋ និងកិច្ចសង្គម និងទិសដៅការងារអាទិភាពនានា ដើម្បីឲ្យក្រុមប្រឹក្សាទើបចូលកាន់តំណែង និងអង្គពិធី យកធ្វើជាមូលដ្ឋាន ក្នុងការរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ អភិវឌ្ឍន៍សង្គមឲ្យរីកចំរើនស្របតាមសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ណែនាំក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវចាប់ផ្ដើមរៀបចំផែនការអភិវឌ្ឍន៍ក្នុងអាណត្តិ៥ឆ្នាំ អនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ការផ្ដល់សេវាសាធារណៈ ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ពង្រឹងការងារសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម និងកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាល។

ក្នុងឱកាសនេះដែរ សម្ដេចបានបញ្ជាក់ថានៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ក្រសួងមហាផ្ទៃនឹងផ្ដោតលើ ការបង្កើនការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមន្ត្រីបុគ្គលិកក្រសួងប្រមាណ៦ពាន់នាក់មកជាមន្ត្រីបុគ្គលិកថ្នាក់ក្រោមជាតិ ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្នាក់ក្រុងស្រុកខណ្ឌ និងការបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុមកឃុំសង្កាត់។

សម្ដេចបានមានប្រសាសន៍ថាការងារទាំងនេះ សុទ្ធត្រូវការការចូលរួមជំរុញការអនុវត្តពីក្រុមប្រឹក្សាទាំងរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ និងឃុំសង្កាត់ហើយទាមទារឲ្យមានការបង្កើនសមត្ថភាពមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងមន្ត្រីជាប់ឆ្នោតចាប់ពីថ្នាក់រាជធានីខេត្តរហូតដល់ឃុំសង្កាត់ ដោយសម្ដេចបានបញ្ជាក់បន្ថែមថាក្រសួងនឹងបង្កើនការបណ្ដុះបណ្ដាល។

ដោយឡែកការរៀបចំវេទិការសាធារណៈនៅតាមមូលដ្ឋានត្រូវបានសម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកឲ្យរដ្ឋបាលខេត្តក្រុងស្រុកខណ្ឌ និងឃុំសង្កាត់ត្រូវរៀបចំឲ្យបានច្រើន និងប្រកបដោយប្រសិទ្ធភាព ពោលគឺផ្ដល់ឱកាសឲ្យពលរដ្ឋលើកឡើងនូវសំណូមពរ និងក្ដីកង្វល់នានានា ហើយមានវិធានការដោះស្រាយជាមួយក្រុមការងាររាជរដ្ឋាភិបាល។

សម្ដេចបានណែនាំឲ្យថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រមូលព័ត៌មានពាក់ព័ន្ធនឹងក្ដីកង្វល់ពលរដ្ឋដែលខ្លួនមិនអាចដោះស្រាយបាន ព្រោះតែលើសពីដែនសមត្ថកិច្ច ឬដោយប្រការណាមួយ យកមកលើកឡើងក្នុងអង្គប្រជុំនៅថ្នាក់ជាតិ ដើម្បីមានវិធានការណ៍ដោះស្រាយ ដោយមិនត្រូវទុកបញ្ហាចោល ហើយឡើងមកស្ដាប់តែកិច្ចប្រជុំនោះឡើយ។

មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា និងការមានប្រសាសន៍សំណេះសំណាល សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកឲ្យក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែងត្រូវពង្រឹងសាមគ្គីភាព និងឈរលើមូលដ្ឋានច្បាប់ ហើយសម្ដេចមានជំនឿថាគ្រប់សមាសភាព រួមទាំងប្រជាពលរដ្ឋ នឹងរួមគ្នាធ្វើឲ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងរដ្ឋបាលខេត្តព្រៃវែង៕

 

អត្ថបទដែលជាប់ទាក់ទង