សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ និទ្ទេស A នៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែករង្វាន់ម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ និទ្ទេស A ចំនួន៩០នាក់ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលមហោស្រពសង្កែ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

 

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជម្រាបជូននូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង ១០ សីហា ២០២៦ នៅទូទាំងខេត្តមាន ១៤មណ្ឌល មាន ៣៨០បន្ទប់ មានបេក្ខជនប្រឡងសរុប ៩.៤២១នាក់ ស្រី ៥.៥១៣នាក់, អវត្តមានមិនមកប្រឡង​ចំនួន ៧៨នាក់ ស្រី ៣៥នាក់។ បេក្ខជនប្រឡងជាប់សរុប ៧.៦០៤នាក់ ស្មើនឹង៨១,៣៩% (បើប្រៀបធៀបឆ្នាំ២០២៥ ថតចុះ២,៣៣%) ក្នុង នោះស្រី៤.៧៤១នាក់ ស្មើនឹង៨៦,៥៥%។ ចំពោះជ័យលាភីនិទ្ទេស A ទាំង៩០នាក់ មកពីគ្រឹះស្ថានសិក្សាចំនួន២៧ (ក្នុងនោះសាលារដ្ឋ២០ និងសាលាឯកជន៧សាលា) លើ ១២ក្រុង ស្រុក រួមមាន៖ ក្រុងបាត់ដំបងមាន៥១នាក់, ស្រុកថ្មគោលមាន៤នាក់, ស្រុក មោងឫស្សីមាន៧នាក់, ស្រុកសង្កែមាន៥នាក់, ស្រុកបវេលមាន៧នាក់, ស្រុកបាណន់មាន៦នាក់, ស្រុកឯកភ្នំមាន២នាក់, ស្រុកសំឡូតមាន២នាក់, ស្រុកភ្នំព្រឹកមាន២នាក់, ស្រុកកំរៀងមាន២នាក់, ស្រុកសំពៅលូនមាន១នាក់ និងស្រុករុក្ខគិរី មាន១នាក់។ ស្រុកចំនួន២ ដែលមិនមានសិស្សនិទ្ទេស A គឺស្រុកគាស់ក្រឡ និងស្រុករតនមណ្ឌល។

 

ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេច ចូលរួមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាល ក្មួយៗជាសិស្សានុសិស្សដែលបានប្រលងជាប់និទ្ទេស A ប៉ុន្តែសម្រាប់ក្មួយៗដែលទទួលបានលទ្ធផលដែលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ជាពិសេសក្មួយៗដែលប្រលងធ្លាក់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ដើម្បីប្រែក្លាយលទ្ធផលឲ្យបានល្អសម្រាប់ការប្រឡងឆ្នាំក្រោយ ឬអាចចាប់យក ឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំនេះដឹង និងជំនាញ ក្នុងការឈានទៅចាប់យកអាជីពច្បាស់លាស់ នៃការ កសាងអនាគតដ៏ភ្លឺស្វាងក្រោមម្លប់សន្តិភាព។

 

សម្តេច បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ បុគ្គលិកនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត អង្គភាពចំណុះ មន្ទីរអប់រំ យុវជននិងកីឡាខេត្ត បុគ្គលិកសិក្សា លោកនាយក លោកស្រីនាយិកា លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ក៏ដូចជាមាតាបិតានិងអាណាព្យាបាលគ្រប់រូបផងដែរ។

 

សម្ដេច មានប្រសាសន៍ថា គោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់នៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពគន្លឹះទី១។ គោលនយោបាយនេះផ្តោតលើការកែទម្រង់ប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើទំនើបកម្ម ដើម្បីបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាពខ្ពស់។ គោលដៅនៃការអប់រំខាងលើ គឺធ្វើយ៉ាងណាឱ្យការអប់រំនោះ ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ, ដូច្នេះហើយសម្រាប់គោលដៅអប់រំរបស់កម្ពុជា គឺត្រូវផ្តល់ឱ្យយុវជននូវបំណិនសតវត្សរ៍ទី២១ ចំណេះដឹង ដើម្បីចូលរួមចំណែកជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីអភិវឌ្ឍប្រទេសជាតិ​។

 

ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេច បានផ្តាំផ្ញើដល់ ក្មួយៗសិស្សានុសិស្សទាំងអស់ នូវកិច្ចការងារមួយចំនួន៖ សូមឱ្យក្មួយៗចៅៗ បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជាស្វ័យសិក្សា ដើម្បីឈានទៅសម្រួចសមត្ថភាពនៅថ្នាក់ឧត្តមសិក្សាស្របតាមស្មារតីនៃគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ក៏ដូចជាគោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សា ឆ្នាំ២០៣០។ សូមចៀសអោយឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន និងចៀសឱ្យឆ្ងាយពីបាបមិត្ត គឺមិត្ត ដែលនាំយើងទៅរកក្តីវិនាសអន្តរាយ ឃ្លាតចាកឆ្ងាយពីការសិក្សា និងធ្វើឱ្យយើងធ្លាក់ទៅក្នុងរណ្តៅនៃអវិជ្ជា។ សូមកុំភ្លេចខ្លួន និងកុំមានមោទនភាពជ្រុលពីការទទួលបាននិទ្ទេសល្អនៅក្នុងសាលា ហើយលែងដៃទម្លាក់ចោលការខិតខំព្យាយាមសិក្សាអោយសោះ ព្រោះថា“ជោគជ័យនៅក្នុងសាលា មិនទាន់ប្រាកដថា យើងនឹងអាចទទួលបានជោគជ័យនៅក្នុងជីវិត ដោយមិនបាច់ខំប្រឹងបន្តនោះទេ”។ សូមបន្តខិតខំរៀនសូត្របន្ថែម យោងទៅតាមពាក្យស្លោកថា ”រៀនហើយរៀនទៀត រៀនមិនចេះចប់ ឬការសិក្សាពេញមួយជីវិត”។ សូមបន្តមានស្មារតី និងមនសិកាស្រឡាញ់ជាតិមាតុភូមិ ចេះស្រឡាញ់ និងការពារសុខសន្តិភាព ពិសេសត្រូវតែចៀសឱ្យឆ្ងាយពីចលនាប្រមូលផ្តុំខុសច្បាប់នានា ដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក បង្កចលាចល អសន្តិសុខសង្គម និងបំផ្លាញភាពសុខសាន្តរបស់ពលរដ្ឋ និងវឌ្ឍនភាពសង្គម៕

អត្ថបទដែលជាប់ទាក់ទង