|English below| ជនជាតិខ្មែរ និងបរទេសជិត៥ពាន់ ត្រូវជាប់ឃុំ ខណៈនគរបាល៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams! / Nearly 5,000 Cambodians and Foreigners Detained While 77 Police Officers Face Severe Disciplinary Action Over Online Scams!

គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦ នៅកម្ពុជាមានជនជាតិខ្មែរ និងបរទេស ជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ២៣កន្លែងទូទាំងប្រទេស។ មិនមែនតែជនស៊ីវិលនោះទេ ក៏មានមន្រ្តីនគរបាលជាតិ៧៧នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្ត ។ នេះបើតាមការគូសបញ្ជាក់ពីលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរង ក្នុងចំណោមជនជាប់ឃុំសរុបជិត ៥ពាន់នាក់នោះ រួមមានជនជាតិខ្មែរចំនួន ៤៩១នាក់ និងជនបរទេសចំនួន ៤.៣៤៣នាក់ មកពី ២៧ សញ្ជាតិផ្សេងៗគ្នា។ ជនជាប់ឃុំទាំងនោះ ត្រូវបានបែងចែកជា ៤ប្រភេទច្បាស់លាស់ ទី១-គឺជនត្រូវចោទមានចំនួន ៤.១៦៨នាក់ ដែលជាជនរងការចោទប្រកាន់ជាស្ថាពរពីតំណាងអយ្យការនៅតាមសាលាដំបូងរាជធានី-ខេត្ត ទី២-គឺជនជាប់ចោទ មានចំនួន ៤៤១នាក់ សំដៅលើជនដែលកំពុងស្ថិតក្រោមការគ្រប់គ្រង និងដំណើរការស៊ើបសួរ។ ទី៣-គឺពិរុទ្ធជន មានចំនួន ១៩៤នាក់ ត្រូវបានចៅក្រមជំនុំជម្រះបើកសវនាការសម្រេចផ្ដន្ទាទោសរួចរាល់ ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ដោយសារសាមីខ្លួននៅមានសិទ្ធិប្ដឹងតវ៉ាតាមផ្លូវច្បាប់ និងប្រភេទទី៤-គឺទណ្ឌិតមានចំនួន ៣១នាក់ ដែលជាជនរងសាលក្រមចូលជាស្ថាពរ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ឬពិន័យជាប្រាក់តាមការកំណត់របស់តុលាការ។

ដោយឡែកពាក់ព័ន្ធនឹងទីតាំងឃុំឃាំង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣ នៅទូទាំងប្រទេស ពន្ធនាគារចំនួន ៥ ដែលមានចំនួនជនជាប់ឃុំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ រួមមាន ពន្ធនាគារខេត្តស្វាយរៀង នៅលំដាប់ថ្នាក់លេខ១ បន្ទាប់មកគឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។

បន្តមកលម្អិតពីករណីមន្រ្តីនគរបាលជាតិរងទណ្ឌកម្មវិន័យ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ទូច សុឃៈ បានលើកឡើងអំពីចំណាត់ការវិន័យផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ ក្នុងនោះចំពោះករណីពាក់ព័ន្ធស្រាល ឬសើរៗ ក្រសួងបានអនុវត្តទណ្ឌកម្មវិន័យស្របតាម «ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤» ដូចជា ការព្រមានលើកទី១ ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍បណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ។

ដោយឡែក ចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធធ្ងន់ធ្ងរឈានដល់បទល្មើសព្រហ្មទណ្ឌ លោក ទូច សុឃៈ បានបន្ថែមថា សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕

ដោយលោក សេង បូលីន


As of September 2026, there are 4,834 Cambodians and foreigners involved in online scam cases who have been successively arrested and detained in 23 correctional centers and prisons nationwide. Not only civilians, but 77 national police officers have also been subjected to disciplinary actions by the Ministry of Interior, according to the level of the committed offense. This is according to the remarks by Mr. Touch Sokhak, Deputy Spokesperson of the Ministry of Interior.

According to the Deputy Spokesperson, among the nearly 5,000 total detainees, there are 491 Cambodians and 4,343 foreigners from 27 different nationalities. These detainees are clearly divided into 4 categories: 1st, "Charged persons" numbering 4,168, who are individuals formally charged by the prosecutor at the capital and provincial court of the first instance; 2nd, "Accused" persons numbering 441, referring to those currently under the jurisdiction and investigative process; 3rd, "Culprits" numbering 194, who have been tried by a judge in a hearing and sentenced, but the judgment has not yet become a definitive judgment because the individuals still have the right to legally appeal; and 4th, "Convicts" numbering 31, who are individuals subjected to a definitive judgment and are currently serving an imprisonment penalty or paying a fine as determined by the court.

Separately, regarding the detention facilities, the Deputy Spokesperson of the Ministry of Interior highlighted that among the 23 prisons and correctional centers nationwide, the top 5 prisons with the highest number of detainees involved in online scams include Svay Rieng Provincial Prison ranking 1st, followed by Preah Sihanouk Provincial Prison, Banteay Meanchey Provincial Prison, Correctional Center 1, and Koh Kong Provincial Prison.

Elaborating further on the cases of national police officers subjected to disciplinary sanctions related to online scams, Mr. Touch Sokhak highlighted the strict internal disciplinary measures; wherein for minor or superficial involvement cases, the Ministry implemented disciplinary sanctions in accordance with the 2024  "Prakas on the disciplinary code of the Cambodian National Police," such as a first warning, demotion, temporary suspension of work and salary, and up to removal or termination of position.

Separately, for any officers with severe involvement constituting a criminal offense, Mr. Touch Sokhak added that competent authorities have also forwarded the cases to the court to proceed according to the applicable legal procedures without any exception.

By Mr. Seng Bolin

អត្ថបទដែលជាប់ទាក់ទង