កម្ពុជា-ចិន វាយតម្លៃយ៉ាងពេញចិត្ត ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបOnline Scams និងលទ្ធផលកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យមហាផ្ទៃ-សន្តិសុខ!

កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសរយៈពេលចុងក្រោយនេះ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានប្រមុខក្រសួងនៃប្រទេសទាំងពីរ បង្ហាញការពេញចិត្ត និងថ្លែងអបអរសាទរដល់គ្នាទៅវិញទៅមក។ អបអរសាទរ ក៏ពីព្រោះតែលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានការពារ និងនាំមកនូវឧត្តមប្រយោជន៍ សម្រាប់ជាតិនិងប្រជាជននៃប្រទេសទាំងពីរ និងក៏សម្រាប់មនុស្សជាតិលើពិភពលោក។

នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍ជាផ្លូវការ ដោយកងកិត្តិយស ជូនឯកឧត្តម យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកកាន់ទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ។

ក្នុងជំនួបពិភាក្សាទ្វេភាគី មុនបើកកិច្ចប្រជុំពេញអង្គ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានផ្លាស់ប្ដូរយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីបទពិសោធនៃការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើការពង្រឹងការអនុវត្តច្បាប់ ដែលផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងទៀត ដូចជាបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងការចរាចរណ៍ទំនិញក្លែងក្លាយ ឬខុសច្បាប់ជាដើម។ ភាគីទាំងពីរបានថ្លែងអំណរគុណដល់មន្ត្រីទាំងសងខាង ដែលបានអនុវត្តកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រកបដោយភាពស្មោះត្រង់ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

ភាគីទាំងពីរ ក៏បានរំលឹកឡើងវិញអំពីសារៈសំខាន់ នៃការខិតខំធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចឱ្យបានតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសជំនួប រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជំនួបរវាងឯកឧត្តមប្រធានាធិបតី ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងកាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២៦។

បញ្ចប់កិច្ចពិភាក្សាទ្វេភាគី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទដែលជាប់ទាក់ទង