កម្ពុជា និងមីយ៉ាន់ម៉ា បើកទំព័រសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត ដោយចាប់ផ្ដើមព្រាង MoU ក្នុងវិស័យមហាផ្ទៃ ផ្ដោតលើសន្តិសុខ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ Ko Ko Oo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានឯកភាពគ្នា ចាត់តាំងក្រុមការងារជំនាញរៀបចំកសាងឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំដៅពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ ឆ្លើយតបបរិបទនៃបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផល នៃជំនួប ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ កម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចាប់ផ្ដើមព្រាងឯកសារ MoU នេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងគោលបំណង និងឆន្ទៈដ៏ឧត្ដុង្គឧត្ដមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសលទ្ធផលនៃដំណើរទស្សនកិច្ច ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានជួបពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងជំនួបនោះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នាឱ្យស្ថាប័នជាសេនាធិការរាជរដ្ឋាភិបាល បង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែសកម្ម។
ពាក់ព័ន្ធនឹងការកសាងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា បានគូសបញ្ជាក់ជាថ្មីពីការតាំងចិត្តជំរុញពន្លឿនការងារនេះឱ្យសម្រេចបានជោគជ័យឆាប់ៗ ដោយឯកឧត្តមបញ្ជាក់ពីការត្រៀមអញ្ជើញ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាពេលខាងមុខ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបង្ហាញការឯកភាព និងត្រៀមលក្ខណៈបំពេញទស្សនកិច្ចក្នុងពេលវេលាសមស្របខាងមុខ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដោយផ្តោតលើករណីពលរដ្ឋមីយ៉ាន់ម៉ា ដែលកាលពីដំណាក់កាលដំបូង ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅមណ្ឌលត្រៀមបណ្ដេញចេញច្រើននាក់ បន្ទាប់ពីជនជាតិចិន ប៉ុន្តែដោយសារកិច្ចសហប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប និងជួយសង្គ្រោះយ៉ាងសកម្ម រួមទាំងការសម្របសម្រួលពីភាគីមីយ៉ាន់ម៉ាក្នុងការបញ្ជូនយន្តហោះយោធាមកទទួលពលរដ្ឋខ្លួនត្រឡប់ទៅវិញ បច្ចុប្បន្នចំនួនជនជាតិមីយ៉ាន់ម៉ានៅមណ្ឌលត្រៀមបណ្ដេញចេញបានថយចុះមកត្រឹមជាង១០នាក់ប៉ុណ្ណោះ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានចាត់ទុកលទ្ធផលនេះ ថា ជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ Ko Ko Oo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម។ ឯកឧត្ដមបានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា គឺជាក្រសួងនៃមិត្តបរទេសទីមួយ ដែលឯកឧត្ដមបានមកបំពេញទស្សនកិច្ច បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីបានត្រឹមតែ ៥ថ្ងៃ ហើយឯកឧត្ដម តែងតែមានក្ដីស្រមៃចង់មកទស្សនាប្រាសាទអង្គរវត្តតាំងតែពីកុមារភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានវាយតម្លៃថា ជាការរៀបចំឡើងយ៉ាងល្អឥតខ្ចោះ។ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តម និងគណៈប្រតិភូមីយ៉ាន់ម៉ា បានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថាបើករបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបទបង្ហាញរបស់វាគ្មិន និងសុន្ទរកថារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ដែលមានលក្ខណៈស្មោះត្រង់ បើកចំហ ចែករំលែកបទពិសោធ មេរៀន និងទស្សនទានល្អៗ ក្នុងស្មារតីរួមគ្នាលុបបំបាត់បទល្មើសសកលមួយនេះ។
ក្នុងឱកាសនោះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់ជាថ្មីថា កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរត្រូវតែបង្កើនសកម្មភាពឱ្យកាន់តែសកម្មជាងមុន ក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់រវាងគ្នា និងគ្នា ជាពិសេសលើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអះអាងបន្តថា កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដូចដែលដៃគូអន្តរជាតិបានឃើញស្រាប់ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យដល់ឫសគល់ ដើម្បីកាត់ផ្តាច់ខ្សែច្រវាក់ទំនាក់ទំនងបទល្មើសឱ្យបានដាច់ស្រឡះ។
ភាគីមីយ៉ាន់ម៉ាក៏បានទទួលស្គាល់នូវភាពស្មុគស្មាញ និងបញ្ហាប្រឈមនៃបទល្មើសឆ្លងដែននេះ ដោយឯកឧត្តមរដ្ឋមន្ត្រីមីយ៉ាន់ម៉ា បានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា មុនពេលឯកឧត្តមកាន់តំណែងនេះ ឯកឧត្តមធ្លាប់បានដឹកនាំប្រតិបត្តិការបង្ក្រាបបទល្មើសនេះនៅតាមតំបន់ព្រំដែនជាប់ប្រទេសថៃជាច្រើនកន្លែង។ តាមរយៈការស្រាវជ្រាវផ្ទាល់ ឯកឧត្តមបានរកឃើញនូវតម្រុយ និងទំនាក់ទំនងរវាងទីតាំងប្រព្រឹត្តបទល្មើសនៅព្រំដែនមីយ៉ាន់ម៉ា ជាមួយភាគីថៃ ដែលស្តែងឡើងតាមរយៈការផ្គត់ផ្គង់ទឹក អគ្គិសនី និងបរិក្ខារបច្ចេកវិទ្យាមួយចំនួនចេញពីប្រទេសថៃ ចូលទៅកាន់តំបន់ប្រព្រឹត្តបទល្មើសទាំងនោះ៕









