សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញតឲ្យ ឯកឧត្តម Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញតឲ្យ ឯកឧត្តម Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។
មានប្រសាសន៍ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយ និងស្វាគមន៍ការអញ្ជើញមកកាន់តួនាទីជាឯកអគ្គរាជទូតរបស់ឯកឧត្តមនាពេលនេះ ដោយសម្ដេចមានជំនឿថានឹងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរដែលជាសមាជិកអាស៊ានតែមួយកាន់តែល្អប្រសើរ ហើយសម្ដេចក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃត្រៀមខ្លួនផ្ដល់កិច្ចសហការជានិច្ច។
ជាការឆ្លើយតបឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី បានសម្ដែងសេចក្ដីរីករាយបំផុត ចំពោះការទទួលបានអាណត្តិការងារ ជាឯកអគ្គរាជទូតប្រចាំនៅកម្ពុជា ហើយឯកឧត្តមសូមថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលដើរតួនាទី និងជួយជ្រោមជ្រែងឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍អបអរសាទរចំពោះវឌ្ឍនភាពនៃប្រទេសម៉ាឡេស៊ី ជាប្រទេសលេចធ្លោមួយនៅតំបន់អាស៊ាន ដែលការរីកចំរើនរបស់ម៉ាឡេស៊ីក៏ផ្ដល់ផលវិជ្ជមានដល់ប្រទេសនានាក្នុងតំបន់ដែរ។ សម្ដេចក៏អបអរសារទរដែរ ចំពោះទំនាក់ទំនងប្រទេសទាំងពីរ ដែលមានការកើនឡើងជាលំដាប់ ពិសេសក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងឱកាសការងារសម្រាប់ប្រជាពលរដ្ឋប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម បានបញ្ជាក់ថាប្រទេសទាំងពីរ តាមរយៈឯកឧត្តមឯកអគ្គរាជទូត អាចស្នើពិនិត្យលទ្ធភាព បន្ថែមសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដោយសម្ដេចលើកឡើងថាបច្ចុប្បន្នកម្ពុជាកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសសំអាតប្រាក់ ជាផ្នែកមួយនៃឱកាសពង្រីកកិច្ចសហការកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដើម្បីបង្កើនទំនុកចិត្តជូនពលរដ្ឋ និងការវិនិយោគ។
ត្រង់ចំណុចនេះ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីបានឯកភាពចំពោះគំនិតផ្ដូចផ្ដើមរបស់សម្ដេចក្រឡាហោម ហើយឯកឧត្តម ក៏សូមកោតសរសើរចំពោះភាពសុខដុមរមនានៅក្នុងសង្គមដែលកម្ពុជាសម្រេចបាន ពិសេសការរស់នៅតាមបែបចម្រុះសាសនាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។
ភ្ជាប់នឹងការលើកឡើងនេះ សម្ដេចក្រឡាហោម បានជំរាបឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៉ីថានៅកម្ពុជា ដ្បិតថារដ្ឋធម្មនុញ្ញបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែកម្ពុជាគោរពសិទ្ធិខាងជំនឿសាសនារបស់ពលរដ្ឋទាំងអស់ ហើយរាជរដ្ឋាភិបាលតែងតែខិតខំធ្វើឲ្យគ្រប់សាសនាមានភាពសុខដុមរមនាជាមួយគ្នា៕