សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍លើកទី១២ ប្រារព្ធនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២ នាឱកាសនេះ មានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធជាង៤ពាន់នាក់ ដោយជាកិច្ចចាប់ផ្ដើម អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ ជូនអង្គពិធី មុននឹងសម្ដេច អញ្ជើញថ្លែងសុន្ទរកថា និងផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះអង្គពិធី ដែលបានអញ្ជើញចូលរួមក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ ដោយសម្ដេចបានចាត់ទុកពិធីនេះ ថាជាការសម្ដែងឆន្ទៈនយោបាយ និងសកម្មភាព ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឲ្យបានជោគជ័យ នូវផែនការសុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ភាគច្រើនតែងតែកើតមាននៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ពិសេសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។ ព្រោះតែដូច្នេះហើយទើបរាជរដ្ឋាភិបាល បានកំណត់កាលបរិច្ឆេទ ដើម្បីប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចបានគូសបញ្ជាក់ថាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ បានផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋទិញមធ្យោបាយធ្វើដំណើរកាន់តែច្រើន នាំឲ្យចរាចរណ៍កាន់តែស្មុគស្មាញ និងមានគ្រោះថ្នាក់ច្រើន ព្រោះតែការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព សញ្ញាចរាចរណ៍ ក្រោមឥទ្ធិពលគ្រឿងស្រវឹង គ្រឿងញៀន និងការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។
សម្ដេចបានបន្តថាបញ្ហានេះ វាបានធ្វើឲ្យបាត់បង់ជីវិតមនុស្សកាន់តែច្រើន ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនយ៉ាងសន្ធឹកសន្ធាប់ បន្សល់ទុកកូនកំព្រា ស្ត្រីមេម៉ាយ ជនមានពិការភាព និងផលវិបាកជាច្រើនក្នុងសង្គមជាតិ។ សម្ដេចសង្កត់ធ្ងន់ថាត្រឹមរយៈពេល៣ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាង៣១ភាគរយ មានអ្នកស្លាប់៥១៣នាក់ និងរបួសជាង១៥០០នាក់។
ត្រង់ចំណុចនេះ សម្ដេចបានគូសបញ្ជាក់ថា មកដល់ជិតពាក់កណ្ដាលឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍មិនមានការធ្លាក់ចុះនោះទេ ដែលនេះជាការបង្ហាញថាការគោរពច្បាប់ក្នុងការធ្វើដំណើរ នៅតែមានការធ្លាក់ចុះ បូកផ្សុំកំណើនយានយន្តផង ហើយសម្ដេចបានស្នើឲ្យគ្រប់ភាគីគួរកត់សំគាល់ចំពោះបញ្ហានេះ និងត្រូវរួមគ្នាមានវិធានការ និងអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត។
សម្ដេចបានអំពាវនាវអ្នកប្រើប្រាស់ផ្លូវទាំងអស់ យកចិត្តទុកដាក់គោរពច្បាប់ បង្កើនការប្រុងប្រយ័ត្ន មានសីលធម៌ និងយោគយល់អធ្យាស្រ័យឲ្យគ្នា ដែលប្រការទាំងនេះវាជាឱសថបំបាត់គ្រោះថ្នាក់ចរាចរណ៍ដ៏មានប្រសិទ្ធភាព ហើយសមាសភាពគណៈកម្មាធិការ ជាតិ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ ត្រូវបង្កើនសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទៅតាមគោលដៅកំណត់។
ពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកឲ្យអាជ្ញាធរខេត្ត ទប់ស្កាត់ការនាំចូលយានយន្ត ពិសេសម៉ូតូគេចពន្ធពីប្រទេសជិតខាង និងត្រូវផ្ដល់សេវាជូនពលរដ្ឋពាក់ព័ន្ធនឹងយានយន្តឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ ដោយឡែកក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងធានាថាអ្នកបើកបររបស់ខ្លួន នឹងមិនបានប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងឡើយ៕