សម្ដេចក្រឡាហោម ស ខេង និងលោក ជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាមន្ត្រីជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានអញ្ជើញប្រារព្ធពិធីបុណ្យខួប៤ឆ្នាំ និងគម្រប់១០ឆ្នាំ ឧទ្ទិសកុសលជូនចំពោះដួងវិញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៉ីម
នៅព្រឹកថ្ងៃ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាមន្ត្រីជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានអញ្ជើញប្រារព្ធពិធីបុណ្យខួប៤ឆ្នាំ និងគម្រប់១០ឆ្នាំ ឧទ្ទិសកុសលជូនចំពោះដួងវិញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៉ីម។
កិច្ចប្រកបដោយមហាកុសលនាឱកាសនេះ បានបន្តប្រារព្ធឡើងនៅភូមិគ្រឹះសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៉ីម ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីបានប្រារព្ធពិធីសូត្រមន្ត សម្ដែងព្រះធម្មវិសេសទេសនា និងកិច្ចតាមគន្លងព្រះពុទ្ធសាសនាជាច្រើនទៀតយ៉ាងមហាឡារិក កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះ។
ជាកិច្ចប្រកបដោយសិរីសួស្ដី និងមហាកុសលផលបុណ្យនាព្រឹកនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ បានថ្វាយប្រគេនយាគូរចំពោះសម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរសរុប៨៧ព្រះអង្គ និងជូនចំពោះសីលវន្ត សីលវតីជាច្រើនរូប ដើម្បីឧទ្ទិសមហាកុសលជូនចំពោះសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៉ីម ព្រមទាំងបុព្វការីជនដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។
បន្ទាប់មកលោកអាចារ្យអធិបតី បានប្រារព្ធធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្តាហារថ្វាយ ប្រគេនចំពោះសម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរទាំង៨៧ព្រះអង្គ ព្រមទាំងសីលវន្ត១០០នាក់ និងសីលវតី១០០នាក់ ដារឆ្លង និងយាងនិមន្តគោចរបិណ្ឌបាត្រជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ ដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៉ីម ព្រមទាំងញាតិការទាំង៧សន្តាន៕